ជាតិ
ភ្នំឱរ៉ាល់ ក៏ដូចជាតំបន់អេកូទេសចរណ៍អូរសោម សុទ្ធតែមានធាតុអាកាសត្រជាក់ខ្លាំង
28, Dec 2020 , 7:59 am        
រូបភាព
ភ្នំពេញ៖ ចាប់ពីដើមខែធ្នូនេះមក អាកាសធាតុបានចុះត្រជាក់ ក្នុងនោះភ្នំឱរ៉ាល់ និងតំបន់អេកូទេសចរណ៍អូរសោម ក៏បានធ្លាក់ដល់១៦អង្សារផងដែរ។



លោក ឈឺន ឈីម មគ្គុទេ្ទសក៍ទេសចរនាំភ្ញៀវភ្នំឱរ៉ាល់ បានប្រាប់ ThmeyThmey25 តាមទូរសព្ទដូច្នេះថា សីតុណ្ហភាពនៅភ្នំឱរ៉ាល់ឆ្នាំនេះ ហាក់ត្រជាក់ជាងសព្វដង ពោលគឺចុះត្រជាក់ដល់១៦អង្សា។ 


 រូបភាពនៅភ្នំឱរ៉ាល់

លោក ឈីម ដែលបាននាំភ្ញៀវបរទេសមួយក្រុមឡើងទៅកំពូលភ្នំឱរ៉ាល់នៅក្នុងសប្តាហ៍នេះ បន្តប្រាប់សារព័ត៌មាន Thmeythmey25ថា ទេសចរបរទេសប្រាប់គាត់ថា អាកាសធាតុនៅដំណាក់ទី៣(កំពូលភ្នំ)នោះ ១៦អង្សា ហើយពួកគេមិនអាចស្នាក់នៅលើកំពូលភ្នំបាននោះទេ ពោលគឺត្រូវចុះមកសម្រាកនៅដំណាក់ទី២(ចង្កេះភ្នំ)។ 


 រូបភាពនៅភ្នំឱរ៉ាល់
មគ្គុទេ្ទសក៍ទេសចរនាំភ្ញៀវរូបនេះ លើកឡើងដូច្នេះថា ៖«នៅលើកំពូលភ្នំត្រជាក់ខ្លាំងណាស់ ភ្ញៀវនៅមិនកើតទេ សីតុណ្ហភាព១៦អង្សា។ ភ្ញៀវអាចសម្រាកនៅត្រឹមដំណាក់ទី២ប៉ុណ្ណោះ។ នៅលើកំពូលភ្នំឱរ៉ាល់ ត្រជាក់ខ្លាំង រួមនឹងខ្យល់ ហើយក៏មានភ្លៀងខ្លះៗផងដែរ»។
 
បើតាមលោក លោក ឈីម នៅដំណាក់ទី២ ធាតុអាកាសមិនត្រជាក់ពេកនោះគេ នៅក្នុងខែនេះ ពោលគឺអាចមានសីតុណ្ហភាព ១៩-២០អង្សា ហើយនៅជើងភ្នំ គឺត្រឹម២៣អង្សាប៉ុណ្ណោះ។



ចេញពីតំបន់ជួរភ្នំឱរ៉ាល់ មកឃុំអូរសោម ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាផ្នែកមួយនៃជួរភ្នំក្រវាញវិញ ក៏សីតុណ្ហភាពចុះត្រជាក់ខ្លាំងដែរ។ សីតុណ្ហភាព នៅតំបន់អូរសោម ចុះត្រជាក់ខ្លាំង នៅអំឡុងខែធ្នូ ដល់ខែកុម្ភៈ។ នេះបើតាមលោក នួន លីម មគ្គុទេ្ទសក៍ទេសចរឃុំអូរសោម បានប្រាប់ ThmeyThmey25។ 


 រូបភាពពលរដ្ឋអាំងភ្លើងនៅឃុំអូរសោម

លោក លីម បន្តថាសីតុណ្ហភាពនៅអូរសោម នៅក្នុងសប្តាហ៍នេះ បានចុះត្រជាក់ដល់១៦ អង្សា ហើយពេលយប់អាចចុះដល់១៤អង្សាក៏មានដែរ។ លោក នួន លីម បន្តរៀបរាប់ដូច្នេះ៖«ឆ្នាំនេះសីតុណ្ហភាពត្រជាក់ខ្លាំងចុះដល់១៤-១៦អង្សា ខុសពីរាល់ឆ្នាំត្រឹម១៨-២០អង្សាប៉ុណ្ណោះ»។
 


រូបភាពពលរដ្ឋអាំងភ្លើងនៅឃុំអូរសោម

ទោះបីជារស់នៅតំបន់ត្រជាក់បែបនេះយូរក៏ដោយ ប្រជាពលរដ្ឋនៅតំបន់នោះមួយចំនួន នៅតែមិនអាចសម្របខ្លួនជាមួយអាកាសធាតុត្រជាក់ខ្លាំងដូចនេះបានដែរ។ មគ្គុសក៍ទេសចរឃុំអូរសោមដដែល ឲ្យThmeyThmey25ដឹងថា ពលរដ្ឋបានបង្កាត់ភ្លើងកម្ដៅខ្លួននៅពេលយប់ផងដែរ។ នេះបើតាមលោក នួន លីម៕
 
 

Tag:
 ភ្នំឱរ៉ាល់
 អូរសោម
© រក្សាសិទ្ធិដោយ thmeythmey.com