ជាតិ
ក្រសួងរ៉ែឲ្យក្រុមហ៊ុនពីរ បន្តនីតិវិធីយកអាជ្ញាបណ្ណរុករករ៉ែនៅត្បូងឃ្មុំ និងរតនគិរី
27, Dec 2020 , 8:59 pm        
រូបភាព
លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។ រូបថត AKP
លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល។ រូបថត AKP
ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល សម្រេចឲ្យក្រុមហ៊ុនពីរ ដែលជាក្រុមហ៊ុនរបស់អូស្ត្រាលី និងក្រុមហ៊ុនចិន បន្តនីតិវិធីដើម្បីយកអាជ្ញាបណ្ណរុករករ៉ែលើផ្ទៃជាង២០០គីឡូម៉ែត្រក្រឡា ក្នុងខេត្តត្បូងឃ្មុំ និងរតនគិរី។ លោក យស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល អះអាងថា ទីតាំងតំបន់ទាំងពីកន្លែងគឺមានសក្តានុពលរ៉ែលោហៈ មាស។

 
 
កាលពីថ្ងៃទី២៣ ខែធ្នូកន្លងទៅនេះ ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited និង ក្រុមហ៊ុន Oriental Wisdom Consulting Services (Cambodia) Investment Co.,Ltd ត្រូវបានក្រសួងប្រកាសឲ្យបន្តធ្វើនីតិវិធីដើម្បីទទួលអាជ្ញាបណ្ណរុករករ៉ែ។ 
 
លោក យស មុនីរ៉ាត់ បញ្ជាក់ប្រាប់ ThmeyThmey នៅរសៀលថ្ងៃទី២៧ ខែធ្នូនេះថា ការសម្រេចជ្រើសរើសក្រុមហ៊ុនទាំងពីរនេះ ក្រសួងផ្អែកតាមលក្ខណៈសម្បត្តិបច្ចេកទេសរបស់ក្រុមហ៊ុន បទពិសោធន៍ ហើយបំពេញតាមលកក្ខខណ្ឌដែលក្រសួងបានកំណត់។ បន្ទាប់ពីនេះ ម្ចាស់ក្រុមហ៊ុនទាំងពីរត្រូវទាក់ទងទៅនាយកដ្ឋានឧស្សាហកម្ម អាជីវកម្មធនធានរ៉ែ ដើម្បីពិនិត្យនិងពិភាក្សានីតិវិធីបន្ត ដើម្បីឈានដល់ទទួលបានអាជ្ញាបណ្ណ។ 
 
«មុននឹងឈានដល់ការផ្ដល់អាជ្ញាបណ្ណឲ្យក្រុមហ៊ុនទាំងពីរនេះ គឺត្រូវសិក្សាពីផលប៉ះពាល់បរិស្ថាន និងផលប៉ះពាល់ផ្សេងទៀត ហើយឆ្លងកាត់ការវាយតម្លៃសិន ទើបក្រសួងអាចសម្រេចចេញអាជ្ញាបណ្ណឲ្យក្រុមហ៊ុនទាំងពីររុករករ៉ែ»។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ដោយបញ្ជាក់ថាតំបន់ក្នុងខេត្តទាំងពីនេះ មានសក្តានុពលរ៉ែមាស។ 
តំបន់ដែលក្រសួងគ្រោងនឹងផ្ដល់អាជ្ញាបណ្ណរុករករ៉ែនោះ គឺស្ថិតនៅតំបន់មេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានទំហំ១០៧គីឡូម៉ែត្រក្រឡា។ ទីតាំងមួយទៀត គឺនៅតំបន់ភ្នំប៉ាង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ទំហំ១០០គីឡូម៉ែត្រក្រឡា។ 
 
លោក មុនីរ៉ាត់ អះអាងថា ក្រុមហ៊ុន Renaissance គឺជាក្រុមហ៊ុនរបស់ប្រទេសអូស្រ្តាលី ហើយក៏កំពុងរុករករ៉ែមាសមួយកន្លែងដែរ ក្នុងខេត្តមណ្ឌលគិរី។ ចំណែក ក្រុមហ៊ុន Oriental Wisdom គឺជារបស់ចិនដែលមានការសហការចូលរួមខ្មែរ។ ជាមួយគ្នាដែរ លោកថា នៅអំឡុងពេលកូវីដ-១៩ គឺសកម្មភាពរុករករ៉ែផ្នែកសំណង់មិនសូវសកម្មឡើយ ប៉ុន្តែសកម្មភាពរុករករ៉ែផ្សេងទៀត រួមទាំងការដាក់ស្នើសុំរុករកគឺមិនមានការថយចុះឡើយ។ លោកបញ្ជាក់បន្ថែមថា បច្ចុប្បន្នមានទីតាំងរុករករ៉ែជាង៤០កន្លែង និងប្រមាណ៤០ក្រុមហ៊ុនផងដែរ៕ 
 

Tag:
 ឡាយ សុភាវតី ជាតិ ត្បូងឃ្មុំ រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com