កីឡាជាតិ
ជាតិ
Ryu Hirose៖ ប្រឈមមុខជាមួយក្រុមណាក៏ដោយ មិនមែនជាបញ្ហាទេ តែត្រូវបន្ដគំនិតរួមជាក្រុម
08, Dec 2021 , 6:05 pm        
រូបភាព
ទោះប្រឈមមុខជាមួយក្រុមណាក៏ដោយ ក៏មិនមែនជាបញ្ហាទេ ។ នេះជាការបញ្ជាក់របស់លោក Ryu Hirose គ្រូបង្គោលជម្រើសជាតិកម្ពុជា ដែលជំរុញឱ្យកីឡាករទាំងអស់ បន្ដគំនិតរួមជាក្រុម ក្នុងការប្រយុទ្ធលើទីលាន។

 
ក្រោយបរាជ័យ ក្នុងលទ្ធផល ៣ទល់១ ក្នុងជំនួបម៉ាឡេស៊ីរួចមក គ្រូបង្គោលកម្ពុជា បានមើលឃើញចំណុចខ្លាំង និងចំណុចខ្វះខាតរបស់ជម្រើសជាតិកម្ពុជា ។ សម្រាប់លោក Ryu Hirose បើទោះជាលទ្ធផលខកចិត្ត តែកម្ពុជាធ្វើបានល្អ ក្នុងជំនួបជាមួយក្រុមខ្លាំងនេះ ។ 
 
លោក Hirose បានបន្ថែមថា៖ « អ្វី ដែលពួកយើងកំពុងធ្វើ គឺយើងចង់ឲ្យក្រុមយើង ជាអ្នកគ្រប់គ្រងការលេង គ្រប់គ្រងបាល់ច្រើន ហើយយកឈ្នះ នៅក្នុងទីលាន។ ប្រឈមមុខជាមួយក្រុមណាក៏ដោយ មិនមែនជាបញ្ហាទេ ព្រោះគោលដៅ គឺដូចតែគ្នា ហើយត្រូវបន្ដរនូវគំនិតរួមជាក្រុម និងវិធីសាស្ត្រក្នុងការប្រកួត» ។ 
 
បើតាមគ្រូបង្គោលជនជាតិជប៉ុនរូបនេះ ទោះជួបក្រុមណាក៏ដោយ ក៏គ្មានបញ្ហាដែរ ឱ្យតែមានគំនិតជាក្រុម។ « ប្រឈមមុខជាមួយក្រុមណាក៏ដោយ មិនមែនជាបញ្ហាទេ ព្រោះគោលដៅ គឺដូចតែគ្នា ហើយត្រូវបន្ដនូវគំនិតរួមជាក្រុម និងវិធីសាស្ត្រក្នុងការប្រកួត» ។ នេះបើតាម​សម្តីការដកស្រង់​លោក Hirose ដោយគេហទំព័រ​ផ្លូវការ AFF Suzuki Cup។
 
ការប្រកួតទី២ក្នុងពូលB កម្ពុជាត្រូវប្រកួតជាមួយ ឥណ្ឌូណេស៊ី នាយប់ថ្ងៃទី៩ ខែធ្នូ វេលាម៉ោង៧៖៣០នាទី នៅកីឡដ្ឋាន Bishan ប្រទេសសិង្ហបុរី នៃពានរង្វាន់AFF Suzuki Cup 2020 ។ ជំនួបនេះ ជាការប្រកួតទីពីរសម្រាប់កម្ពុជា នៅក្នុងពូលB ខណៈ ឥណ្ឌូណេស៊ី ជាការប្រកួតទី១ ក្នុងពូល ។ 
 
នៅក្នុងជំនួបនេះ ឥណ្ឌូណេស៊ី បានត្រៀមខ្លួនរួចស្រេច ដោយជឿជាក់យ៉ាងខ្លាំង ក្នុងការយកឈ្នះកម្ពុជា ។ លោក Shin Tae-yong គ្រូបង្វឹកបង្គោលជម្រើសជាតិឥណ្ឌូណេស៊ី បាននិយាយថា៖ «ខ្ញុំបានមើលការប្រកួតមុនរបស់កម្ពុជា នៅកីឡដ្ឋាន ។ ពួកយើង សប្បាយចិត្តណាស់ ដែលបានត្រៀមខ្លួន នៅក្នុងយុទ្ធសាស្ត្រត្រូវ ហើយខ្ញុំជឿរជាក់ថា ក្រុមរបស់យើង នឹងទទួលបានលទ្ធផលល្អ នៅថ្ងៃស្អែក » ។ 
 
គួរបញ្ជាក់ថា កម្ពុជាធ្លាប់ជួប ឥណ្ឌូណេស៊ី ៤លើករួចមកហើយ នៅក្នុងពានរង្វាន់នេះ ។ កម្ពុជា បានចាញ់ទាំង៤លើក ដោយលើកទី១ ក្នុងឆ្នាំ១៩៩៦ ក្នុងលទ្ធផល ៣-០, ឆ្នាំ២០០២​ លទ្ធផល ៤-២, ឆ្នាំ២០០៤ លទ្ធផល ៨-២ និងឆ្នាំ២០០៨ លទ្ធផល ៤-០ ៕

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com