កីឡាជាតិ
ជាតិ
អ្នកជំនាញសិង្ហបុរីថា កម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិ
17, Dec 2021 , 9:59 pm        
រូបភាព
ការប្រកួតកីឡាទូកក្ដោង ជ្រើសរើសជើង​ឯក​អាស៊ី​អាគ្នេយ៍ ឆ្នាំ២០២១ នាថ្ងៃទី១២-១៦ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តកំពង់សោម ប្រព្រឹត្តទៅដោយជោគជ័យ ។ ព្រឹត្តិការណ៍នេះ បានបង្ហាញឲ្យឃើញថា គណៈកម្មការបច្ចេកទេសកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំការប្រកួតអន្ដរជាតិនានា ។



ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅដោយជោគជ័យក្រោមកិច្ចសហការជាមួយ ប្រទេសសិង្ហបុរី ។ លោក Chan Khun Sing Joseph ប្រធានគណៈកម្មការរៀបចំការប្រកួត បានវាយតម្លៃយ៉ាងខ្ពស់ទៅលើមន្ត្រីបច្ចេកទេស ក្នុងការរៀបចំការប្រកួតថា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំ ព្រឹត្តិការណ៍អន្តរជាតិនានា ។ តាមរយៈការប្រកួតប្រព្រឹត្តទៅ ៤ថ្ងៃនេះ គណៈកម្មការបច្ចេកទេស ធ្វើបានយ៉ាងល្អ ទៅលើការងារបច្ចេកទេស បែបស្ដង់ដារ ទាំងទីលានប្រកួត និងការធ្វើបដិសណ្ឋារកិច្ច ចំពោះប្រតិភូចូលរួម គ្រូបង្វឹក និងកីឡាករ ។ 
 
ក្នុងការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ មានអត្តពលិកចូលរួមសរុប ២៧នាក់ មកពី៣ប្រទេស កម្ពុជា សិង្ហបុរី និងម៉ាឡេស៊ី ដោយប្រកួតទៅលើ ៥វិញ្ញាសា ដូចជា RS:One, ILCA 6, ILCA 7, Techno 293 និង ILAC 4 ។ នៅក្នុងការប្រកួតនេះ កម្ពុជា ធ្វើបានយ៉ាងល្អ ដោយលទ្ធផលបណ្ដោះអាសន្ន កីឡាករ ប៉ាល់ សិលា ឈរនៅចំណាត់ថ្នាក់លេខ១ ក្នុងវិញ្ញាសា RS:One បីថ្ងៃជាប់គ្នា, លេខ២ សែម ប្រុសពៅ និងចំណាត់ថ្នាក់លេខ៣ កីឡាករសិង្ហបុរី Lemmy Tei Kay Chee ។ 
 
ដោយឡែកលទ្ធផលបណ្ដោះអាសន្ន ក្នុង៤វិញ្ញាសាផ្សេងទៀត កីឡាករកម្ពុជា ២រូប បន្ដឈរលេខ៤ និងលេខ៥ ក្នុងចំណោមកីឡាករ ៥រូប ក្នុងវិញ្ញាសា ILCA 6  ខណៈកីឡាករសិង្ហបុរី បន្ដឈរលេខ១ លេខ២ និងលេខ៣ ។ វិញ្ញាសា ILCA 7 កីឡាករកម្ពុជា ញូវ ចាន់ រក្សាចំណាត់ថ្នាក់លេខ២ បណ្ដោះអាសន្ន ខណៈកីឡាករម៉ាឡេស៊ី បន្ដឈរលេខ១ និងកីឡាករ ឡុច ដារ៉ុង ឈរលេខ៣ ។ កីឡាករសិង្ហបុរី David NG Tiong Gee ឈរលេខ១ មួយបណ្ដោះអាសន្ន ខណៈ កីឡាករកម្ពុជា កែវ ភារុណ ឈរលេខរៀងលេខ២ ក្នុងវិញ្ញាសា Techno 293 ។ ចំពោះវិញ្ញាសា ILCA 4 កម្ពុជា ពុំមានកីឡាករចូលរួមទេ សិង្ហបុរី ឈរលេខ១ និងលេខ៣ ខណៈ កីឡាករម៉ាឡេស៊ី ឈរលេខ២ ។ 
 
គួរបញ្ជាក់ ការប្រកួតនៅថ្ងៃទី១៦ ខែធ្នូ ត្រូវបានលុបចោល ដោយសារកត្តាអាកាសធាតុ ខ្យល់មិនគ្រប់គ្រាន់ តាមស្ដងដារអាចប្រកួតបាន ។ គណៈកម្មការ សម្រេចលុបការប្រកួតនាថ្ងៃប្រកួតទី៤ ដោយមិនគិតពីលទ្ធផលឡើយ ។

Tag:
 កីឡាទូកក្ដោង
© រក្សាសិទ្ធិដោយ thmeythmey.com