អន្តរជាតិ
នាយករដ្ឋមន្រ្តីសិង្ហបុរី៖ បើសណ្តាប់ធ្នាប់អន្តរជាតិត្រូវបានលុបចោល ពិភពលោកនឹងអនុវត្តច្បាប់ព្រៃ
23, May 2022 , 3:59 pm        
រូបភាព
លោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី។ រូបភាព៖ Xinhua
លោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី។ រូបភាព៖ Xinhua
នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី សៀនឡុង បានលើកឡើងថា វាពិតជាសំខាន់ណាស់សម្រាប់ពិភពលោកក្នុងការប្រកាន់យកសណ្តាប់ធ្នាប់អន្តរជាតិ ដែលមានរួចជាស្រេចដូចជាយន្តការអង្គការសហប្រជាជាតិជាដើម។ ក្នុងន័យនេះ លោក លី បានសង្កត់ធ្ងន់ថា បើក្របខណ្ឌអន្តរជាតិនោះ ត្រូវបានលុបចោល ឬគ្មានប្រទេសណាគោរព ពិភពលោកនឹងអនុវត្តច្បាប់ព្រៃ។

 
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ជាសំណួរចោទ ពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់អន្តរជាតិដែលមានចាប់តាំងពីសង្រ្គាមលោកលើកទីពីរមក។ ទាក់ទិននឹងបញ្ហានេះ លោក លី សៀនឡុង ប្រមុខរដ្ឋាភិបាលសិង្ហបុរី ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តី Nikkei Asia ដែលចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា អះអាងថា ការរិះគន់របស់មហាសន្និបាតអង្គការសហប្រជាជាតិលើសកម្មភាពយោធារុស្ស៊ី នៅអ៊ុយក្រែននាពេលកន្លងមក ជាសញ្ញាដ៏ល្អមួយក្នុងការការពារសណ្តាប់ធ្នាប់អន្តរជាតិ។ 
 
មហាសន្និបាត បានបោះឆ្នោតពីរដងថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលជាសញ្ញាបង្ហាញពីការរួបរួមរបស់អន្តរជាតិលបញ្ហានេះ។
 
លោក លី បានបន្តថា អ្វីដែលសំខាន់ជាងនេះ ប្រទេសទាំងអស់គួរតែគោរពតាមក្របខណ្ឌអន្តរជាតិដែលមានស្រាប់ រួមទាំងអង្គការអន្តរជាតិដូចជា អង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក, មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកជាដើម។ បើតាមមេដឹកនាំសិង្ហបុរីរូបនេះ អង្គការទាំងនោះ អាចជួយឱ្យប្រទេសទាំងអស់ សហការជាមួយគ្នា បើទោះមានភាពខុសគ្នា ការមិនចុះសម្រុងគ្នា ឬសូម្បីតែមានជម្លោះជាមួយគ្នា។ 
 
«ប្រសិនបើអ្នកលុបចោល ឬបំពានវា (សណ្តាប់ធ្នាប់អន្តរជាតិ) នោះអ្នកនឹងស្ថិតក្នុងការអនុវត្តច្បាប់ព្រៃ»។ នាយករដ្ឋមន្រ្តីសិង្ហបុរី បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា នៅក្នុងច្បាប់ព្រៃ វាមិនត្រឹមធ្វើឱ្យប្រទេសទន់ខ្សោយរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែប្រទេសដែលខ្លាំង ក៏ស្ថិតក្នុងពេលវេលាដ៏តានតឹងផងដែរ ដោយសារប្រទេសធំៗទាំងនោះ ត្រូវចំណាយពេលប្រយុទ្ធគ្នា និងចំណាយធនធាន។ មិនតែប៉ុណ្ណោះ លោកលី ក៏បានអំពាវនាវឱ្យគោរពច្បាប់អន្តរជាតិដូចជា អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រផង។ 
 
ពាក់ព័ន្ធនឹងស្ថានការណ៍នៅអ៊ុយក្រែន នាយករដ្ឋមន្រ្តីសិង្ហបុរីរូបនេះ បានកត់សម្គាល់ថា រុស្ស៊ីបានបំពានច្បាប់អន្តរជាតិ ប៉ុន្តែមហាអំណាចផ្សេងទៀត ក៏ស្ទាក់ស្ទើរក្នុងការគោរពច្បាប់អន្តរជាតិ ឬមិនចង់ឱ្យអង្គការអន្តរជាតិ មានអំណាចលើពួកគេដែរ។ 
 
ក្នុងកិច្ចសម្ភាសដដែលនោះ លោក លី ក៏បានបញ្ជាក់ផងដែរថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានបង្កឱ្យមានភាពតានតឹង ក្តីបារម្ភ និងកំហឹងជាច្រើន ដោយសារសកម្មភាពនោះខុសនឹងច្បាប់អន្តរជាតិ។ បើសង្រ្គាមមួយនេះ នៅតែបន្តរយៈពេលវែង ហានិភ័យ ភាពស្មុគស្មាញ និងការរីកសាយនៃជម្លោះ ក៏កាន់តែធំឡើង៕ 
 

Tag:
 សិង្ហបុរី
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com