អន្តរជាតិ
ក្រុងតៃប៉ិ គាំទ្រនាវាអាម៉េរិកបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ព្រោះជាដែនទឹកអន្តរជាតិ
14, Jun 2022 , 11:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ច្រកសមុទ្រតៃវ៉ាន់ ជាផ្លូវទឹកអន្តរជាតិ ហើយរដ្ឋាភិបាលតៃវ៉ាន់គាំទ្របេសកកម្មរបស់នាវាអាម៉េរិកក្នុងការបើកឆ្លងកាត់។ ក្រសួងការបរទេសតៃវ៉ាន់ បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៤ ខែមិថុនា។ ការប្រកាសបែបនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលចិនបានអះអាងថា ខ្លួនមានអធិបតេយ្យ និងយុត្តាធិការលើច្រកសមុទ្រតៃវ៉ាន់។


 
ច្រកសមុទ្រតៃវ៉ាន់ ជាបញ្ហាដ៏រសើបមួយនៅក្នុងទំនាក់ទំនងអាម៉េរិក-ចិន។ ចិនតែងរិះគន់អាម៉េរិក ដែលបានបញ្ជូននាវាចម្បាំងឱ្យបើកឆ្លងកាត់ច្រកសមុទ្រមួយនេះជាញឹកញាប់ ដោយអះអាងថា សកម្មភាពរបស់អាម៉េរិកធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាព និងសន្តិភាពក្នុងតំបន់។ ក្នុងថ្ងៃទី១៣ ខែមិថុនា ក្រសួងការបរទេសចិន បានបញ្ជាក់ត្រង់ៗថា ចិនមានអធិបតេយ្យ និងយុត្តាធិការលើច្រកសមុទ្រតៃវ៉ាន់។ 
 
មួយថ្ងៃបន្ទាប់ពីការអធិប្បាយរបស់ចិន អ្នកនាំពាក្យក្រសួងការបរទេសតៃវ៉ាន់ លោកស្រី Joanne Ou បានជំទាស់សេចក្តីប្រកាសរបស់ចិន និងចាត់ទុកជាការយល់ខុស។ 
 
«ច្រកសមុទ្រតៃវ៉ាន់ ជាដែនទឹកអន្តរជាតិ ហើយដែនទឹកនៅក្រៅដែនដីតៃវ៉ាន់នេះ គឺស្ថិតក្រោមគោលការណ៍លំហសមុទ្រ និងសេរីភាពនៃច្បាប់អន្តរជាតិ»។ លោកស្រី Ou បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា រដ្ឋាភិបាលក្រុងតៃប៉ិគាំទ្របេសកកម្មសេរីភាពនៃនាវាចរណ៍របស់អាម៉េរិក ដែលបានចូលរួមចំណែកនៅក្នុងសន្តិភាព និងស្ថិរភាពក្នុងតំបន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ទន្ទឹមនេះ មន្រ្តីក្រសួងការបរទេសតៃវ៉ាន់រូបនេះ បានបន្តថា ក្រុងតៃប៉ិតែងគោរពសកម្មភាពនាវារបស់ប្រទេសដទៃនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដែលស្របតាមច្បាប់អន្តរជាតិ រួមទាំងការធ្វើនាវាចរណ៍ ដែលមិនពាក់ព័ន្ធនឹងបទឧក្រិដ្ឋ។ 
 
ត្រង់ចំណុចនេះ អ្នកនាំពាក្យក្រសួងការបរទេសតៃវ៉ាន់ បានអះអាងជាថ្មីថា រដ្ឋាភិបាលក្រុងប៉េកាំង គ្មានសិទ្ធិនិយាយពីបញ្ហាតៃវ៉ាន់ និងអធិបតេយ្យលើខ្លួនឡើយ។ បើតាមក្រុងតៃប៉ិ ប្រជាជនតៃវ៉ាន់ អាចសម្រេចជោគវាសនា ហើយក្រុងប៉េកាំង មិនធ្លាប់គ្រប់គ្រងផ្នែកណាមួយនៃដែនកោះឡើយ។ 
 
មួយរយៈពេលចុងក្រោយ ចិនបានដំឡើងសរសៃកដាក់តៃវ៉ាន់យ៉ាងខ្លាំង ដោយព្រមានពីការធ្វើសង្រ្គាម ប្រសិនបើដែនកោះមួយនេះ ហ៊ានផ្តាច់ខ្លួនចេញ។ ទន្ទឹមនេះ ចិន ក៏បានជំរុញឱ្យអាម៉េរិកកុំផ្តល់សញ្ញាខុសទៅកម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់ផង បន្ទាប់ពីក្រសួងការបរទេសបានផ្តល់ភ្លើងបៃតងលក់គ្រឿងបរិក្ខារយោធាទៅដែនកោះនោះ ក្នុងតម្លៃជាច្រើនលានដុល្លារ៕
 

Tag:
 ចិន
  តៃវ៉ាន់
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com