អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍
19, Jun 2022 , 11:29 pm        
រូបភាព
សង្រ្គាមនៅអ៊ុយក្រែន នៅតែបន្តអូសបន្លាយជាង ១០០ថ្ងៃហើយ ខណៈអាម៉េរិក និងសម្ព័ន្ធមិត្ត បានប្រកាសផ្តល់ជំនួយអាវុធទៅក្រុងកៀវជាបន្តបន្ទាប់។ ស្របគ្នានេះ ច្រកសមុទ្រតៃវ៉ាន់ ហាក់កើនកម្តៅខ្លាំងឡើង ចាប់តាំងពីក្រសួងការបរទេសអាម៉េរិកអនុម័តលក់គ្រឿងបរិក្ខារថែទាំនាវាចម្បាំងឱ្យតៃវ៉ាន់ក្នុងទំហំទឹកប្រាក់ប្រមាណ ១២០លានដុល្លារ។ 
 
ថ្ងៃទី១៣ ខែមិថុនា
 
ចំនួនអាវុធនុយក្លេអ៊ែរនៅក្នុងពិភពលោក ត្រូវបានរំពឹងថា នឹងកើនឡើងនៅទសវត្សរ៍ខាងមុខ ខណៈរដ្ឋទាំង៩ ដែលកាន់កាប់អាវុធប្រភេទនេះ នៅតែបន្តធ្វើទំនើបកម្ម។ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិទីក្រុងស្តុកខុល (SIPRI)។
 
មន្រ្តីការទូតជាន់ខ្ពស់ចិន លោក យ៉ាង ជាឈី បានប្រាប់ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ជែក ស៊ូលីវែន ថា គោលនយោបាយរបស់អាម៉េរិកនាពេលថ្មីៗនេះ គឺមិនដូចទៅនឹងការសន្យារបស់ខ្លួន ដែលបានធ្វើឡើងនាពេលកន្លងមកឡើយ។ បើតាមលោក យ៉ាង អាម៉េរិក បានអះអាងថា ខ្លួនមិនបានស្វះស្វែងរកសង្រ្គាមត្រជាក់បែបថ្មីជាមួយចិនទេ ប៉ុន្តែបែរជាបន្តគាបសង្កត់ និងប្រឹងទប់ក្រុងប៉េកាំង។
 
ថ្ងៃទី១៤ ខែមិថុនា
 
ច្រកសមុទ្រតៃវ៉ាន់ ជាផ្លូវទឹកអន្តរជាតិ ហើយរដ្ឋាភិបាលតៃវ៉ាន់គាំទ្របេសកកម្មរបស់នាវាអាម៉េរិកក្នុងការបើកឆ្លងកាត់។ ក្រសួងការបរទេសតៃវ៉ាន់ បានបញ្ជាក់បែបនេះ។ បន្ទាប់ពីអះអាងបែបនេះ អាម៉េរិកក៏បានចេញសេចក្តីថ្លែងការណ៍មួយ ចាត់ទុកច្រកសមុទ្រតៃវ៉ាន់ ជាដែនទឹកអន្តរជាតិផង។ 
 
មន្រ្តីផ្នែកចរចាពាណិជ្ជកម្មរបស់ទីក្រុងតៃប៉ិ​ ព្រមានថា ការវាយប្រហាររបស់យោធាចិនទៅលើតៃវ៉ាន់ នឹងមានឥទ្ធិពលខ្លាំងលើលំហូរពាណិជ្ជកម្មសកលជាងសង្រ្គាមអ៊ុយក្រែនទៅទៀត​។
 
ថ្ងៃទី១៥ ខែមិថុនា
 
មន្រ្តីផ្នែកព័ត៌មានរបស់ស្ថានទូតរុស្ស៊ីប្រចាំនៅភ្នំពេញ លោក Rafael Iangareev បានអះអាងថា រុស្ស៊ីគោរពការសម្រេចចិត្តរបស់កម្ពុជា ដែលជារដ្ឋប្រកាន់គោលនយោបាយការបរទេសឯករាជ្យ​ ជុំវិញបញ្ហាអ៊ុយក្រែន។​ បើតាមមន្រ្តីព័ត៌មានដដែល រុស្ស៊ីនៅតែចាត់ទុកកម្ពុជាជាមិត្តជិតស្និទ្ធរូបនេះ ហើយរុស្ស៊ី នឹងព្យាយាមពន្យល់កម្ពុជាពីហេតុផល ដែលរុស្ស៊ីត្រូវបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។
 
រដ្ឋមន្រ្តីការពារជាតិជប៉ុន និងអូស្រ្តាលី បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិទ្វេភាគីនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្របពេលចិនកំពុងបង្កើនឥទ្ធិពលខ្លួននៅក្នុងតំបន់មួយនេះ តាមរយៈសេដ្ឋកិច្ច និងយោធា។ ប្រមុខការពារជាតិជប៉ុន បានយល់ឃើញថា អូស្រ្តាលី និងជប៉ុន មានការទទួលខុសត្រូវដ៏ធំ ក្នុងការថែរក្សា និងស្ថិរភាពក្នុងតំបន់។
 
ថ្ងៃទី១៦ ខែមិថុនា
 
មេដឹកនាំបារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានទៅដល់ក្រុងកៀវហើយ ដើម្បីជួបមេដឹកនាំអ៊ុយក្រែនពិភាក្សាពីការឈ្លានពានរបស់រុស្ស៊ី និងទណ្ឌកម្ម។ ក្នុងទស្សនកិច្ចលើដំបូងនៅក្រុងកៀវចាប់តាំងពីសង្រ្គាមផ្ទុះឡើង លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានប្រាប់អ្នកសារព័ត៌មានថា វត្តមានរបស់មេដឹកនាំទាំងបី ជាការបង្ហាញពីការបង្រួបបង្រួមរបស់អឺរ៉ុប។
 
រដ្ឋមន្រ្តីការបរទេសឥណ្ឌា ស៊ូប្រាម៉ាន់យ៉ាំ ចៃសានកា បានលើកសរសើរថា តួនាទីអាស៊ានប្រហែលសំខាន់ជាងពេលណាទាំងអស់ ក្នុងការកំណត់ពីបញ្ហាភូមិសាស្រ្តនយោបាយ និងភាពមិនប្រាកដប្រជា ដែលពិភពលោកជួបប្រទះ។ ប្រមុខការទូតរូបនេះ បានលើកឡើងថា រដ្ឋាភិបាលក្រុងញូវដែលី គាំទ្រយ៉ាងពេញទំហឹងចំពោះអាស៊ាន ដែលមានតួនាទីស្នូលនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
 
ថ្ងៃទី១៧ ខែមិថុនា
 
សមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានអនុម័តកញ្ចប់កិច្ចព្រមព្រៀងមួយទាក់ទិននឹងវ៉ាក់សាំងជំងឺកូវីដ-១៩ សន្តិសុខស្បៀង និងឧបត្ថម្ភធនលើការនេសាទជាដើម។ ប្រមុខអង្គការពាណិជ្ជកម្មពិភពលោក លោកស្រី Ngozi Okonjo-Iweala បានអះអាងថា កញ្ចប់នៃកិច្ចព្រមព្រៀងនេះ នឹងជួយកែលម្អជីវភាពប្រជាជននៅលើពិភពលោក។
 
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត បានរៀបចំកញ្ចប់ជំនួយថ្នាំពេទ្យដើម្បីបញ្ជូនដល់គ្រួសារកូរ៉េខាងជើងប្រមាណ៨០០ ដែលកំពុងរងគ្រោះពីជំងឺពាក់ព័ន្ធនឹងមេរោគ​ពោះវៀន​ដែលមិនស្គាល់អត្តសញ្ញាណ ខណៈប្រទេសនេះក៏កំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្រាប់ផង ។ នេះបើតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com