អន្តរជាតិ
ក្រុងប៉េកាំងតែងតាំងក្បាលម៉ាស៊ីនហុងកុងថ្មី ដោយមន្រ្តី៤រូបស្ថិតក្រោមទណ្ឌកម្មអាម៉េរិក
20, Jun 2022 , 10:46 am        
រូបភាព
សមាជិករដ្ឋបាលហុងកុងថ្មី។ រូបភាព៖ Xinhua
សមាជិករដ្ឋបាលហុងកុងថ្មី។ រូបភាព៖ Xinhua
ក្រុងប៉េកាំង នៅថ្ងៃទី១៩ ខែមិថុនា បានតែងតាំងក្បាលម៉ាស៊ីនដឹកនាំហុងកុងថ្មី ដែលគ្រោងនឹងចូលកាន់តំណែងនៅថ្ងៃទី១ ខែកក្កដាខាងមុខ។ សមាជិករដ្ឋបាលហុងកុងថ្មីចំនួន ៤រូបស្ថិតក្រោមទណ្ឌកម្មអាម៉េរិក ដែលបានដាក់កាលពីឆ្នាំ២០២១ កន្លងទៅ។



 
សល់ជាង១០ថ្ងៃប៉ុណ្ណោះ រដ្ឋបាលហុងកុងថ្មី ត្រូវជំនួសរដ្ឋបាលចាស់។ ក្នុងថ្ងៃទី១៩ ខែមិថុនា រដ្ឋបាលហុងកុងថ្មី ត្រូវបានក្រុមប្រឹក្សារដ្ឋចិនតែងតាំងរួចហើយ ដោយមានមន្រ្តីសំខាន់ៗចំនួន ២៦រូប។ ក្បាលម៉ាស៊ីនដឹកនាំហុងកុងសំខាន់ៗចំនួន ៤រូប មានឈ្មោះក្នុងបញ្ជីទណ្ឌកម្មរបស់អាម៉េរិកមាន  លោក ចន លី ប្រធានប្រតិបត្តិហុងកុង, លោក Chris Tang រដ្ឋមន្រ្តីសន្តិសុខ, លោក Erick Tsang រដ្ឋមន្រ្តីកិច្ចការចិនដីគោក និងលោក​ Eric Chan ប្រធានលេខាធិការរដ្ឋបាលហុងកុងដែលជាតំណែងលំដាប់ទី២ នៅហុងកុង។ 
 
មន្រ្តីជាន់ខ្ពស់ទាំង ៤រូបនេះ សុទ្ធតែរងទណ្ឌកម្មរបស់អាម៉េរិក ដែលបានដាក់លើបុគ្គលចំនួន ១១រូប កាលពីឆ្នាំ២០២០ ក្រោយពេលច្បាប់សន្តិសុខជាតិ ត្រូវបានដាក់ឱ្យប្រើប្រាស់។ ទណ្ឌកម្មទាំងនោះ រួមមានបង្កកទ្រព្យសម្បត្តិនៅអាម៉េរិក និងហាមឃាត់ប្រជាជនអាម៉េរិកធ្វើពាណិជ្ជកម្មជាមួយពួកគេជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ចំណែក លោក Paul Lam ត្រូវកាន់តំណែងជារដ្ឋមន្រ្តីយុត្តិធម៌ ខណៈលោក Paul Chan នៅតែបន្តកាន់តំណែងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ។ 
 
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី១៩ ខែមិថុនា លោក ចន លី បានរិះគន់ទណ្ឌកម្មនោះយ៉ាងខ្លាំង។ បើតាមលោកលី ប្រទេសមួយចំនួន ព្យាយាមបំភ័យមន្រ្តីហុងកុងជាមួយវិធានការជាច្រើន ក្នុងនោះរួមមានទណ្ឌកម្ម បន្ទាប់ពីផែនការបំផ្លាញសន្តិសុខហុងកុងត្រូវបរាជ័យ។ ទោះមិនបានសំដៅដល់ប្រទេសណាមួយ ប៉ុន្តែមន្រ្តីជាន់ខ្ពស់ហុងកុងរូបនេះ ទំនងសំដៅដល់អាម៉េរិក និងសម្ព័ន្ធមិត្ត ដែលដាក់ទណ្ឌកម្មលើមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ។ 
 
ទន្ទឹមនេះ អនាគតមេដឹកនាំហុងកុងរូបនេះ បានបន្តថា ក្នុងរយៈពេល ៥ឆ្នាំខាងមុខ វានឹងសំខាន់សម្រាប់ហុងកុង ក្នុងការពង្រឹងស្ថិរភាព និងវិបុលភាព។ រដ្ឋបាលហុងកុងថ្មី នឹងចូលកាន់កិច្ចការរបស់ខ្លួនចាប់ពីថ្ងៃទី១ ខែកក្កដា ដែលជាថ្ងៃហុងកុងត្រូវបានអង់គ្លេសប្រគល់ឱ្យចិនវិញ៕
 
 

Tag:
 ហុងកុង
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com