អន្តរជាតិ
ម្ចាស់ពានណូបែលរុស្ស៊ីលក់មេដាយបានជិត១០៤លានដុល្លារ ដើម្បីបរិច្ចាគឱ្យកុមារអ៊ុយក្រែន
21, Jun 2022 , 11:18 am        
រូបភាព
លោក Dmitry Muratov ម្ចាស់ពានណូបែលសន្តិភាពជនជាតិរុស្ស៊ីក្នុងឆ្នាំ២០២១ និងជានិពន្ធនាយករបស់សារព័ត៌មាន Novaya Gazeta។ រូបភាព៖ AFP
លោក Dmitry Muratov ម្ចាស់ពានណូបែលសន្តិភាពជនជាតិរុស្ស៊ីក្នុងឆ្នាំ២០២១ និងជានិពន្ធនាយករបស់សារព័ត៌មាន Novaya Gazeta។ រូបភាព៖ AFP
លោក Dmitry Muratov ម្ចាស់ពានណូបែលសន្តិភាពជនជាតិរុស្ស៊ីក្នុងឆ្នាំ២០២១ និងជានិពន្ធនាយករបស់សារព័ត៌មាន Novaya Gazeta បានលក់មេដាយមាសណូបែលបានក្នុងទំហំទឹកប្រាក់ជិត១០៤លានដុល្លារ នៅថ្ងៃទី២០ ខែមិថុនា។ ទឹកប្រាក់ទាំងអស់ នឹងបរិច្ចាគទៅកុមារអ៊ុយក្រែន ដែលកំពុងភៀសខ្លួន ដោយសារការឈ្លានពានរបស់រុស្ស៊ី។



 
នៅក្នុងខែមីនា កន្លងទៅ លោក Dmitry Muratov ម្ចាស់ពានណូបែលសន្តិភាពជនជាតិរុស្ស៊ីឆ្នាំ២០២១ និងជានិពន្ធនាយករបស់សារព័ត៌មាន Novaya Gazeta បានប្រកាសដាក់ដេញថ្លៃមេដាយណូបែល ដើម្បីយកលុយទៅជួយជនភៀសខ្លួនអ៊ុយក្រែន។
 
នៅក្នុងការដេញថ្លៃនៅថ្ងៃទី២០ ខែមិថុនា មេដាយមាសណូបែល ត្រូវបានលក់ក្នុងតម្លៃ ១០៣,៥លានដុល្លារ។ ទឹកប្រាក់នេះ នឹងបរិច្ចាគទៅអង្គការមនុស្សធម៌សម្រាប់កុមារ យូនីសេហ្វ ដែលបានរៀបចំពិធីដេញថ្លៃ។
 
«ខ្ញុំបានសង្ឃឹមថា វានឹងមានចំនួនដ៏ច្រើន... ប៉ុន្តែខ្ញុំមិនបានរំពឹងថា​ វាមានចំនួនដ៏លើសលុបបែបនេះឡើយ»។ លោក Muratov និយាយបែបនេះ នៅក្នុងកិច្ចសម្ភាសមួយ បន្ទាប់ពីការដេញថ្លៃ។ 
 
សារព័ត៌មាន Novaya Gazeta និងលោក Muratov កន្លងមក តែងរិះគន់រដ្ឋាភិបាលរុស្ស៊ីជុំវិញការរឹតបន្តឹងលើសិទ្ធិសេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។ បន្ទាប់ពីរុស្ស៊ីប្រកាសបើកប្រតិបត្តិការពិសេសនៅអ៊ុយក្រែន សារព័ត៌មាន Novaya Gazeta បានប្រកាសផ្អាកប្រតិបត្តិការរបស់ខ្លួន ដោយសារតែរដ្ឋាភិបាលក្រុងមូស្គូរឹតបន្តឹងប្រព័ន្ធផ្សព្វផ្សាយ ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ 
 
តាមទិន្នន័យរបស់ការិយាល័យស្នងការជាន់ខ្ពស់សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (OHCHR) ប្រជាជនអ៊ុយក្រែនបានចភៀសខ្លួនពីផ្ទះសម្បែងរបស់ខ្លួន ប្រមាណជាង ៧,៧លាននាក់ទៅតំបន់ផ្សេងនៅអ៊ុយក្រែន និងទៅបរទេស ដោយអ្នកទាំងនោះសុទ្ធតែត្រូវការជំនួយ អាហារ កន្លែងស្នាក់នៅ និងតម្រូវការផ្សេងទៀត៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com