អន្តរជាតិ
លោក Lapid ក្លាយជានាយករដ្ឋមន្រ្តីស្តីទីរបស់អ៊ីស្រាអែល មុនការបោះឆ្នោតលើកទី៥ ក្នុងពេល៣ឆ្នាំ
21, Jun 2022 , 2:59 pm        
រូបភាព
លោក Yair Lapid រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល។ រូបភាព៖ AFP
លោក Yair Lapid រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែល។ រូបភាព៖ AFP
សម្ព័ន្ធភាពកាន់អំណាចនៅអ៊ីស្រាអែល កំពុងស្វះស្វែងរកការរំលាយសភា​ត្រឹមថ្ងៃទី២២ ខែមិថុនា ដើម្បីរៀបចំការបោះឆ្នោតសភាលើកទី៥ ក្នុងរយៈពេល៣ឆ្នាំ។ ការប៉ុនប៉ងរំលាយសភាបែបនេះធ្វើឡើង ដើម្បីបង្ការក្រុមប្រឆាំងរបស់លោក Benjamin Netanyahu បង្កើតរដ្ឋាភិបាលថ្មីមួយ ដោយគ្មានការបោះឆ្នោតសភាជាថ្មី។ ក្រោយសភាត្រូវរំលាយ រដ្ឋមន្រ្តីការបរទេសអ៊ី លោក Yair Lapid នឹងក្លាយជានាយករដ្ឋមន្រ្តីចាំផ្ទះ។

 
ដោយមានការបែកបាក់ក្នុងសម្ព័ន្ធកាន់អំណាច លោក Naftali Bennett នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ដែលទើបឡើងកាន់អំណាចនៅក្នុងឆ្នាំ២០២១ បានប្រកាសពីគម្រោងរំលាយរដ្ឋាភិបាលចោល។ ការបែកបាក់នេះ គឺដោយសារសមាជិកសម្ព័ន្ធបក្សនយោបាយទាំង៨ មានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើនដូចជាសាសនា និងប៉ាឡេស្ទីនជាដើម។ ទន្ទឹមនេះ សម្ព័ន្ធបក្សកាន់អំណាច ក៏នឹងដាក់សំណើរំលាយសភាដែរ ដើម្បីរៀបចំការបោះឆ្នោតសភាលើកទី៥ ក្នុងរយៈពេល ៣ឆ្នាំ។ 
 
តាមការបញ្ជាក់របស់អ្នកនាំពាក្យលោក Bennett បន្ទាប់ពីការបោះឆ្នោតរំលាយសភា រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែលក្នុងពេលបច្ចុប្បន្ន លោក Yair Lapid នឹងក្លាយជានាយករដ្ឋមន្រ្តីបណ្ដោះអាសន្ន រហូតដល់រដ្ឋាភិបាលថ្មីស្បថចូលកាន់តំណែង។ លោក Lapid បានចាប់ផ្តើមធ្វើជាអ្នកសារព័ត៌មាននៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ មុននឹងដើរចូលទៅក្នុងវិស័យនយោបាយនៅក្នុងឆ្នាំ ២០១២ និងជាប្រធានបក្សមានសំឡេងភាគច្រើនក្នុងសម្ព័ន្ធភាពកាន់អំណាច។ 
 
ដំបូងឡើយ សម្ព័ន្ធកាន់អំណាច គ្រោងនឹងដាក់សំណើរំសាយសភានៅសប្តាហ៍ក្រោយ ប៉ុន្តែការបោះឆ្នោតរំសាយសភា អាចនឹងធ្វើឡើងនៅត្រឹមថ្ងៃ២២ ខែមិថុនាខាងមុខវិញ។ ការស្វះស្វែងរកការរំសាយសភាដ៏ឆាប់បែបនេះ ធ្វើឡើងដើម្បីបង្ការក្រុមប្រឆាំង ជាពិសេសលោក Benjamin Netanyahu អាចបង្កើតរដ្ឋាភិបាលថ្មីមួយ ដោយមិនរំសាយសភា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Times of Israel នៅថ្ងៃទី២១ ខែមិថុនា។​
 
ប្រសិនបើការរំសាយសភានៅសប្តាហ៍ក្រោយ មេដឹកនាំប្រឆាំង លោក Netanyahu អាចនឹងស្វែងរកការគាំទ្រសម្ព័ន្ធបក្សនយោបាយផ្សេងៗ។ បក្សប្រឆាំង អាចបង្កើតរដ្ឋាភិបាលផ្ទាល់ខ្លួន ដោយមានការគាំទ្រពីបក្សផ្សេងៗ តាមរយៈសំណើសម្តែងការមិនទុកចិត្ត។ 
 
សភាអ៊ីស្រាអែលមានទាំងអស់ ១២០កៅអី។ ក្នុងពេលបច្ចុប្បន្ន បក្ស Likud របស់លោក Netanyahu មាន ៥៥កៅអីនៅក្នុងសភា។ ខណៈបក្ស Arab Joint List party មាន ៦កៅអី ដែលនឹងមិនចងសម្ព័ន្ធជាមួយបក្សរបស់លោក Netanyahu ឡើយ។ ដើម្បីអាចបង្កើតរដ្ឋាភិបាលបាន បក្សនយោបាយមួយ ចាំបាច់ត្រូវមានកៅអី៦១ នៅក្នុងសភា។ 
 
ប៉ុន្តែសម្ព័ន្ធដឹកនាំដោយបក្ស Likud អាចអំពាវនាវស្វែងរកការគាំទ្រពីសមាជិកសភាស្តាំនិយម ដែលស្ថិតក្នុងសម្ព័ន្ធកាន់អំណាចរបស់អ៊ីស្រាអែលបច្ចុប្បន្ន។ នៅដើមខែមិថុនា បក្ស New Hope ដែលប្រកាន់ស្តាំនិយម ត្រូវបានរាយការណ៍ថា បានពិភាក្សាជាមួយបក្ស Likud។ ក្នុងន័យនេះ លោក Netanyahu អាចនឹងវិលមកកាន់អំណាចបានវិញ បើទោះរងបទចោទប្រព្រឹត្តអំពើពុករលួយក៏ដោយ។ 
 
តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក ប្រសិនបើអ៊ីស្រាអែលមានការបោះឆ្នោតរំសាយសភា ការបោះឆ្នោតសភាលើកទី៥ ក្នុងរយៈពេល៣ឆ្នាំ អាចនឹងធ្វើឡើងនៅក្នុងអំឡុងខែតុលាខាងមុខ។ យ៉ាងណាមិញ ការបោះឆ្នោត ក៏អាចជួយឱ្យលោក Netanyahu វិលមកកាន់អំណាចជាថ្មីវិញដែរ ឬមានការជាប់គាំងនយោបាយដូចពេលមុន ដោយសារមិនអាចបង្កើតរដ្ឋាភិបាលមួយបាន។  
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP ក្នុងការស្រង់មតិកន្លងមក លោក Netanyahu នឹងជាបេក្ខភាពនាយករដ្ឋមន្រ្តីនាំមុខ ប៉ុន្តែបក្ស Likud នឹងមិនអាចទទួលបានសំឡេងភាគច្រើននៅក្នុងសភា ដែលអាចបង្កើតរដ្ឋាភិបាលថ្មីបានទេ៕ 
 

Tag:
 អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com