អន្តរជាតិ
UN៖ ការកាត់ទោសប្រហារជីវិតរបស់របបសឹកមីយ៉ាន់ម៉ា អាចជាឧក្រិដ្ឋកម្មសង្រ្គាម
21, Jun 2022 , 8:29 pm        
រូបភាព
លោក Nicholas Koumjian ប្រធានយន្តការស៊ើបអង្កេតឯករាជ្យនៅមីយ៉ាន់ម៉ា។ រូបភាព៖ IIMM
លោក Nicholas Koumjian ប្រធានយន្តការស៊ើបអង្កេតឯករាជ្យនៅមីយ៉ាន់ម៉ា។ រូបភាព៖ IIMM
មន្រ្តីជាន់ខ្ពស់យន្តការស៊ើបអង្កេតឯករាជ្យនៅមីយ៉ាន់ម៉ារបស់អង្គការសហប្រជាជាតិ (IIMM) នៅថ្ងៃទី២០ ខែមិថុនា បានចាត់ទុកផែនការកាត់ទោសប្រហារជីវិតរបស់របបសឹកមីយ៉ាន់ម៉ាលើអ្នកប្រឆាំងជាឧក្រិដ្ឋកម្មសង្រ្គាម ឬជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ នេះអាចជាការកាត់ទោសប្រហារជីវិតលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩០។



 
នៅដើមខែមិថុនា អ្នកនាំពាក្យរបបសឹកបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា មីយ៉ាន់ម៉ានឹងកាត់ទោសប្រហារជីវិតមនុស្សចំនួន៤នាក់។ ក្នុងចំណោមអ្នកទាំង៤នោះ មនុស្ស២នាក់ ជាអ្នកប្រឆាំងរប​បសឹក មានលោក Phyo Zeya Thaw អតីតសមាជិកបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ និងសកម្មជនប្រជាធិបតេយ្យ លោកKyaw Min Yu ដែលត្រូវបានកាត់ទោសពីបទភេរវកម្ម។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នេះអាចជាការកាត់ទោសប្រហារជីវិតលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩០ មក។ 
 
ពាក់ព័ន្ធនឹងការកាត់ទោសប្រហារជីវិតនេះ លោក Nicholas Koumjian ប្រធានយន្តការស៊ើបអង្កេតឯករាជ្យនៅមីយ៉ាន់ម៉ា បានចាត់ទុកសិទ្ធិមូលដ្ឋាន ត្រូវបានបំពានក្រោមច្បាប់អន្តរជាតិ ដោយសារនីតិវិធីរបស់តុលាការត្រូវបានបិទពីសាធារណជន។ 
 
«ដោយផ្អែកលើនីតិវិធីច្បាប់ ការកាត់ទោសប្រហារជីវិត ឬការឃុំខ្លួន ដែលមិនស្របនឹងមូលដ្ឋាននៃការកាត់ទោសត្រឹមត្រូវ ត្រូវបានចាត់ទុកជាបទល្មើសឧក្រិដ្ឋមួយ ឬច្រើន ប្រឆាំងនឹងមនុស្សជាតិ ឬឧក្រិដ្ឋកម្មសង្រ្គាម»។ លោក Koumjian បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី២០ ខែមិថុនា ដោយបន្ថែមថា ការកាត់ទោសដែលត្រឹមត្រូវ ត្រូវតែធ្វើឡើងជាសាធារណៈ តាមដែលអាចធ្វើបាន។ 
 
ត្រង់ចំណុចនេះ មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាជាតិដដែល បានបកស្រាយថា ក្នុងករណីលើកលែងដោយផ្អែកលើសន្តិសុខជាតិ ឬការពិចារណាផ្សេងទៀត ដែលត្រូវបានកម្រិតចំពោះសាធារណជន គួរតែមានហេតុផលត្រឹមត្រូវ។ ប៉ុន្តែក្នុងករណីកាត់ទោសអ្នកប្រឆាំងពីររូបខាងលើ តុលាការយោធាមីយ៉ាន់ម៉ា មិនបានធ្វើជាសាធារណៈ ហើយថែមទាំងមិនបានបញ្ចេញសេចក្តីសម្រេចជាសាធារណៈថែមទៀត។
 
កន្លងមក សម្តេចហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានសរសេរលិខិតជូនលោកនាយឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដើម្បីបង្ហាញការមើលឃើញរបស់សម្តេច អំពីផលមិនល្អនៃគម្រោងអនុវត្តទោសប្រហារជីវិតលើអ្នកប្រឆាំងនៅមីយ៉ាន់ម៉ា។ 
 
សូមបញ្ជាក់ថា យន្តការស៊ើបអង្កេតឯករាជ្យនៅមីយ៉ាន់ម៉ា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៨ ដើម្បីប្រមូលព័ស្តុតាងនៃឧក្រិដ្ឋកម្មអន្តរជាតិ និងការបំពានសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា៕
 

Tag:
 UN
  មីយ៉ាន់ម៉ា
  របបសឹក
© រក្សាសិទ្ធិដោយ thmeythmey.com