ជាតិ
ក្រសួងសុខាភិបាល រម្លឹកពលរដ្ឋឱ្យប្រយ័ត្នពីសុខភាព ចំពោះផលប៉ះពាល់បណ្ដាលពីគ្រោះទឹកជំនន់
10, Oct 2022 , 8:29 am        
រូបភាព
អ្នកដំណើរ ឆ្លងទឹកលិចផ្លូវ ពីស្រុកប្រាសាទសំបូរ ទៅភូមិនៅក្នុង ឃុំតាំងក្រសៅ រូបពី Sokthy Dit
អ្នកដំណើរ ឆ្លងទឹកលិចផ្លូវ ពីស្រុកប្រាសាទសំបូរ ទៅភូមិនៅក្នុង ឃុំតាំងក្រសៅ រូបពី Sokthy Dit
ក្រសួងសុខាភិបាល បានចេញសេចក្ដីក្រើនរម្លឹកនៅថ្ងៃទី៩ ខែតុលា ស្ដីអំពីការការពារសុខភាពបណ្ដាលមកពីផលប៉ះពាល់ដោយទឹកជំនន់។ បើតាមក្រសួងសុខាភិបាល ផលប៉ះពាល់ទាំងនោះ មានបញ្ហាជំងឺ បញ្ហាកង្វះស្បៀង និងបញ្ហាផ្សេងទៀត ដែលអាចប៉ះពាល់ដល់អាយុជីវិត។


 
ខេត្តមួយចំនួន នៃប្រទេសកម្ពុជា បានរងគ្រោះដោយសារទឹកជំនន់។ ដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ផ្សេងៗ ដែលបណ្ដាលមកពីគ្រោះធម្មជាតិនេះ ក្រសួងសុខាភិបាល អំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ជាពិសេសត្រូវតាមដានស្ថានភាពទឹកជំនន់ និងត្រៀមលក្ខណៈ ដូចជាទីទួលសុវត្ថិភាពពេលប្រកាសអាសន្ន និងស្បៀង។ ម្យ៉ាងវិញទៀត ប្រជាជនត្រូវធ្វើរបង របស់ជាសញ្ញាសម្រាប់ស្រះ ឬកន្លែងណា ដែលអាចបញ្ជាក់ថាជាកន្លែងមានទឹកជ្រៅ នៅពេលទឹកឡើង និងត្រូវធ្វើបង្គន់ឲ្យខ្ពស់ផងដែរ។
 
បន្ថែមលើនេះ ក្រសួងសុខាភិបាល បានណែនាំដល់ពលរដ្ឋ ដែលកំពុងទទួលរងនៅគ្រោះទឹកជំនន់ មិនឲ្យចូលទៅក្នុងអាគារទ្រុឌទ្រោម ឬចាស់ព្រោះអាចបណ្ដាលឲ្យបាក់ ហើយត្រូវប្រុងប្រយ័ត្នចំពោះការប៉ះពាល់គ្រឿងអគ្គិសនី។ ទន្ទឹមនឹងនេះ ប្រជាជន ត្រូវសម្រាកក្នុងមុងជានិច្ច ដើម្បីការពារជំងឺគ្រុនឈាម គ្រុនចាញ់ ឈឺក និងជំងឺផ្សេងៗទៀត និងត្រូវមានអនាម័យ និងថែទាំខ្លួនឲ្យបានខ្ពស់ ដូចជាការងូតទឹក ដុះសាប៊ូ ឲ្យបានញឹកញាប់ ដើម្បីការពារជំងឺសើស្បែក។

រូបភាពពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
 
រីឯ ស្ដ្រីមានផ្ទៃពោះ ត្រូវមានការថែទាំសុខភាពខ្ពស់ ដោយត្រូវពិនិត្យ ទៅតាមការកំណត់របស់មណ្ឌលសុខភាព ក្នុងករណីជិតដល់ពេលសម្រាល ត្រូវរកកន្លែងដែលនៅជិតមណ្ឌលសុខភាព ឬមន្ទីរពេទ្យ។ មួយវិញទៀត អាណាព្យាបាល ត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពកុមារ និងត្រូវពន្យល់ពួកគេ មិនឲ្យលេងទឹកជ្រៅ ព្រោះអាចបណ្ដាលឲ្យលង់ទឹក។ ក្រសួងសុខាភិបាល ក៏ជំរុញឲ្យយកចិត្តទុកដាក់លើការគាំទ្រ និងទំនុបបម្រុង មនុស្សចាស់ជរា និងជនពិការផងដែរ។
 
ជាមួយគ្នានេះ ការធ្វើដំណើរតាមផ្លូវទឹក មិនត្រូវដាក់ចំនួនមនុស្ស ឬរបស់ហួសចំណុះទេ។ សម្រាប់ការធ្វើដំណើរពេលយប់ តាមទូក ឬកាណូត ត្រូវប្រើប្រាស់ភ្លើងពន្លឺពិល ឬអំពូល ដែលអាចមើលឃើញច្បាស់ និងជាសញ្ញាប្រាប់ដល់អ្នកធ្វើដំណើរផ្សេងទៀត។ លើសពីនេះ ប្រជាពលរដ្ឋ ត្រូវបរិភោគ ទឹកស្អាត ឬទឹកដែលដាំពុះ ដើម្បីការពារជំងឺរាគ ដោយត្រូវលាងបន្លែ និងម្ហូបអាហារឲ្យបានត្រឹមត្រូវ។ ម្យ៉ាងវិញទៀតដើម្បីការពារជំងឺកូវីដ-១៩ ឬជំងឺផ្លូវដង្ហើម ប្រជាជនត្រូវពាក់ម៉ាស់ និងខ្ទប់មាត់ ឬប្រើកែងដៃ ដើម្បីក្អក។
 
ដោយឡែកនៅពេលទឹកស្រក ក្រសួងសុខាភិបាល អំពាវនាវឲ្យប្រជាជនបន្ដ អនុវត្តការរស់នៅស្អាត ហូបស្អាត និងអនាម័យល្អ ដើម្បីជៀសវាងជំងឺណាមួយ ហើយត្រូវបន្ដសម្រាកក្នុងមុង។ ជាពិសេសទៀត ប្រជាពលរដ្ឋ ត្រូវសម្អាត និងពិនិត្យជុំវិញផ្ទះ ព្រោះខ្លាចមានសត្វពស់ និងអសិរពិសផ្សេងទៀត៕
 

Tag:
 ក្រសួងសុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com