កីឡាជាតិ
ជាតិ
ពានសម្ដេច ហ៊ុន សែន៖ វិសាខា ទទួលភ្នំពេញក្រោន ក្រោយអគ្គិសនីកម្ពុជា តទល់បឹងកេត វគ្គ១/២ ជើងទី២
12, Oct 2022 , 12:03 pm        
រូបភាព
ការប្រកួតវិសាខា និងភ្នំពេញក្រោន ជើងទី១ នៅកីឡដ្ឋាន Smart RSN រូបពីពានសម្ដេច ហ៊ុន សែន
ការប្រកួតវិសាខា និងភ្នំពេញក្រោន ជើងទី១ នៅកីឡដ្ឋាន Smart RSN រូបពីពានសម្ដេច ហ៊ុន សែន
 ភ្នំពេញក្រោន និងអគ្គិសនីកម្ពុជា ក្រុមដែលចាញ់ក្នុងជំនួបជើងទី១ នៃពានសម្ដេច ហ៊ុន សែន លើកទី១៦ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប្ដេជ្ញា នឹងកែប្រែលទ្ធផល សម្រាប់ជំនួបជើងទី២ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។ វិសាខា ទទួល ភ្នំពេញក្រោន នៅវេលាម៉ោង ៦:៣០ ល្ងាច នៅកីឡដ្ឋានព្រីនស៍ បន្ទាប់ពីអគ្គិសនីកម្ពុជា ជួប បឹងកេត នៅទីលានបាល់ទាត់អគ្គិសនីកម្ពុជា វេលាម៉ោង ៣:៣០ រសៀល។



លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន នៅតែបង្ហាញការសង្ឃឹមទុក ថាកូនក្រុមលោក អាចនឹងធ្វើបានល្អ ព្រោះកីឡាករទាំងអស់ សុទ្ធតែចង់ទៅវគ្គផ្ដាច់ព្រ័ត្រ។ 
គ្រូបង្វឹករូបនេះ និយាយប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាម ដូច្នេះថា៖«ក្រុមទាំងពីរ សុទ្ធតែចង់ទៅវគ្គផ្តាច់ព្រ័ត្រ។ យើងមានការប្រកួតក្រៅដីដើម្បីផ្លាស់ប្តូរអ្វីជាវិជ្ជមានសម្រាប់យើង។ ខ្ញុំប្រាកដថា កីឡាករនឹងខិតខំប្រឹងប្រែង អស់ពីសមត្ថភាពរបស់ពួកគេ។»។
  


ដោយឡែក លោក មាស ចាន់ណា គ្រូបង្វឹកក្លិបបាល់ទាត់វិសាខា កាន់តែមានជំនឿចិត្តលើកូនក្រុមខ្លួន ព្រោះជាការប្រកួត ក្នុងនាមជាម្ចាស់ផ្ទះ។ ម្យ៉ាងវិញទៀត ក្រុមវិសាខា បានឈ្នះលើក្រុមភ្ញៀវ នៅជើងទី១រួចមកហើយ។ ដូច្នេះ វិសាខា មិនសូវជាមានសម្ពាធខ្លាំងទៅលើការប្រកួតនេះប៉ុន្មានទេ។ ទោះបីជាយ៉ាងនោះ ក៏ដោយ  គ្រូបង្វឹករូបនេះ ក៏បាននិយាយប្រាប់ដែលថា ភ្នំពេញក្រោន មិនមែនងាយនិងយកឈ្នះនោះទេ។ ជំនួបជើងទី១ នៅកីឡដ្ឋាន Smart RSN ភ្នំពេញក្រោន ចាញ់ វិសាខា ក្នុងលទ្ធផល២-១។ 
 
ក្នុងថ្ងៃជាមួយគ្នានេះដែរ លោក ទុំ សារ៉ាយ គ្រូបង្វឹកអគ្គិសនីកម្ពុជា ក្រុមខ្លួន នៅតែមានសង្ឃឹមសម្រាប់ទៅវគ្គបន្ដ។ ការប្រកួតជើងទី១ គ្រូបង្វឹករូបនេះ ចាត់ទុកថាកីឡាករអគ្គិសនី ធ្វើបានល្អ បើទោះជាបាត់បងឱកាសក្នុងការបញ្ចប់ទី ២ ទៅ ៣ លើកក៏ដោយ។ លោក ទុំ សារ៉ាយ ក៏ចាត់ទុកផងដែរថា ក្រុមបឹងកេត គឺជាក្រុមមួយដែលខ្លាំង។
 
«អគ្គិសនីកម្ពុជា នៅតែសង្ឃឹមសម្រាប់ប្រកួតជើងទី២។ កីឡាកររបស់យើង ធ្វើបានល្អហើយយើងក៏សប្បាយចិត្តទទួលយកនូវអ្វីគ្រប់យ៉ាង ទោះលទ្ធផលបែបណាក៏ដោយ តែកូនក្រុមយើងប្រកួតបានល្អ និងមានសាមគ្គីគ្នាជាក្រុម។»។
 
ជាមួយគ្នានេះដែរ លោក ហាវ សុជាតិ គ្រូបង្វឹកស្ដីទីក្លិបបឹងកេត បានឃើញពីភាពខ្វះខាតរបស់ក្រុមខ្លួន បើទោះជាឈ្នះនៅជើងទី១ក៏ដោយ។ ប៉ុន្ដែគ្រូបង្វឹករូបនេះ ថានឹងកែប្រែចំណុចខ្វះខាតនេះ ក្នុងពេលជួបអគ្គិសនីកម្ពុជា ម្ដងទៀត។
 
«ខ្ញុំឃើញថាកីឡាករយើងពួកគាត់ធ្វើបានល្អតែយើងនៅតែមានខំនុចខ្វះខាត ហើយនឹងព្យាយាមហ្វឹតហាត់បន្ថែមទៀតដើម្បីជួបអគ្គិសនីនៅជើងទី២។ ការប្រកួតនេះ នឹងគួរឲ្យចាប់អារម្មណ៍ ព្រោះយើងបានកែប្រែចំណុចខ្វះខាត់។ យើង នៅតែមានសម្ពាធបើទោះជាមាន៣គ្រាប់នាំមុខក៏ដោយ ហើយដរាបណាការប្រកួតជើងទី២ មិនទាន់ចេញជាលទ្ធផល។»។ លោក ហាវ សុជាតិ បាននិយាយប្រាបដូច្នេះ។
 
អគ្គិសនីកម្ពុជា បានចាញ់ក្រុមបឹងកេត នៅកីឡដ្ឋានខេមបូឌាអ៊ែរវេ ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២៕
 
 

Tag:
 បាល់ទាត់
  ពានសម្ដេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com