កីឡាជាតិ
ជាតិ
គោលការណ៍ និងនីតិវិធីនៃការប្រកួត Cambodian League Cup 2023
05, Feb 2023 , 9:59 am        
រូបភាព
ការប្រកួតរវាងភ្នំពេញក្រោន និងវិសាខា នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Cambodian League Cup
ការប្រកួតរវាងភ្នំពេញក្រោន និងវិសាខា នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Cambodian League Cup
ការប្រកួតលីគខាប់ Cambodian League Cup រដូវកាលទី២ ឆ្នាំ២០២៣ មាន១៤ក្រុមចូលរួម និងចែកចេញជា ២ពូល។ ពូល A មាន បឹងកេត, វិសាខា, គិរីវង់សុខសែនជ័យ, កងយោធពលខេមរភូមិន្ទ, អគ្គិសនីកម្ពុជា, កោះកុង និងព្រៃវែង។ ពូល B ភ្នំពេញក្រោន ក្រុមការពារដំណែងជើងឯក ជាមួយ ព្រះខ័នរាជស្វាយរៀង, អង្គរថាយហ្គឺរ,ណាហ្គាវើលដ៍, នគរបាលជាតិ, ISI ដង្កោសែនជ័យ និងសូលទីឡូអង្គរ។ ការប្រកួតនេះ នឹងចាប់ធ្វើឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។


 
ការប្រកួត Cambodian League Cup វគ្គជម្រុះក្នុងពូល នឹងធ្វើចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។ ពូលនីមួយៗ គឺយកចំនួនពីរក្រុម ដែលមានពិន្ទុច្រើនជាងគេ ដើម្បីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលធ្វើនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ធ្វើ២ជើង ក្នុងដី និងក្រៅទឹកដី (Home and Away)។ ចំណែក វគ្គផ្ដាច់ព្រ័ត្រធ្វើនៅថ្ងៃទី៤ ខែមិថុនា នៅទីលានអព្យាក្រឹត (ទឹកដីកណ្ដាល)។

ពានរង្វាន់លីគខាប់ ២០២២
 
ប្រកួត ធ្វើរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ដោយកីឡដ្ឋាន ឬទីលានបាល់ទាត់ ដែលមិនមានភ្លើង ប្រកួតនៅម៉ោង  ១៥:៤៥ រសៀល ហើយទីលានបាល់ទាត់មានភ្លើងប្រកួតនៅម៉ោង ១៨:៣០យប់។
 
កីឡាករ ប្ដូរមិនត្រូវលើពី ៥នាក់ ក្នុងចំនួន ៣ដង ដោយមិនរាប់បញ្ចូលពេលសម្រាប់ ក្រោយបញ្ចប់តង់ទី១ ហើយកីឡាករ ដែលប្ដូរចេញហើយមិនអាចប្ដូរចូលវិញបានទេ។ ហើយបើ ប្រកួតមួយ មានសមាសភាពកីឡាករ ត្រឹម៧នាក់ ឬតិចជាងនេះ ក្នុងទីលានប្រកួត នោះចាត់ទុកថាបោះបង់ការប្រកួតចោល។
 
គួរបញ្ជាក់ផងដែរថា ការប្រកួត Cambodian League Cup ឆ្នាំ២០២២ មាន១៦ក្រុមចូលរួមប្រកួត ដោយភ្នំពេញក្រោន គ្រងដំណែងជើងឯក បន្ទាប់ពីយកឈ្នះ ក្រុមបាល់ទាត់វិសាខា ក្នុងលទ្ធផល ២-១៕
 
 

Tag:
 Cambodian League Cup
  CPL
© រក្សាសិទ្ធិដោយ thmeythmey.com