គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ (CAMSOC) បានប្រកាសលក់សំបុត្រសម្រាប់ពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងតម្លៃ១០ម៉ឺនរៀល និង២០ម៉ឺនរៀល។ បន្ទាប់ពីប្រកាសពីតម្លៃសំបុត្រហើយ សាធារណជនមួយចំនួន បានបញ្ចេញមតិវិជ្ជមានផង និងអវិជ្ជមានផង។ កម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ហើយក៏ជាលើកដំបូងក្នុងប្រវត្តិសាស្ដ្ររបស់ខ្លួន។ ប្រសិនជាខកខាន ការទស្សនាព្រឹត្តិការណ៍នេះ ប្រជាជនកម្ពុជា នឹងត្រូវរង់ចាំជាង២០ឆ្នាំទៀត ទើបកម្ពុជាធ្វើជាម្ចាស់ផ្ទះម្ដងទៀត។ តើតម្លៃទស្សនានោះ ថ្លៃ ឬក៏សមរម្យ?
សាធារណជនមួយចំនួន បានបញ្ចេញមតិប្រកបដោយសីលធម៌ ឯខ្លះទៀត ក៏ប្រើពាក្យអសុរោះ ចំពោះតម្លៃសំបុត្រចូលទស្សនាពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅថ្ងៃទី៥ ឧសភា ដែល CAMSOC បានប្រកាសជាផ្លូវការ។ ពលរដ្ឋដែលគាំទ្រចំពោះតម្លៃសំបុត្រនោះ យល់ថា តម្លៃសំបុត្រនេះ មានភាពសមរម្យ ព្រោះព្រឹត្តិការណ៍ស៊ីហ្គេមលើកដំបូង រដ្ឋាភិបាលបានប្រើប្រាស់ថវិកាជាតិ ជាង២០០លានដុល្លា ដោយក្នុងនោះមានចំណាយលើការហ្វឹកហាត់អត្ដពលិក, កន្លែងស្នាក់នៅ, អគ្គិសនី, អាហារហូបចុក សម្រាប់ភ្ញៀវអន្ដរជាតិ និងអត្ដពលិកហ្វឹកហាត់, អ្នកស្ម័គ្រចិត្ត ទាំងជាតិ និងអន្ដរជាតិ និងមធ្យោបាយធ្វើដំណើរប្រតិភូកីឡា ជាភ្ញៀវអន្ដរជាតិផងដែរ។
![](https://image.thmeythmey.com/pictures/2023/03/28/as__1_.jpg)
សាធារណជនមួយចំនួនទៀត យល់ថា ប្រសិនជាប្រជាជនគិតថាថ្លៃ ពួកគេអាចទស្សនាតាមគេហដ្ឋានបាន។ ដូច្នេះ សូមកុំបញ្ចេញមតិរិះគន់បែបអវិជ្ជមាន ព្រោះកម្ពុជា រង់ចាំរយៈពេល៦៤ឆ្នាំហើយ ទើបអាចមានលទ្ធភាពធ្វើម្ចាស់ផ្ទះម្ដង ហើយតម្លៃសំបុត្រប៉ុណ្ណេះ ក៏ជាការចូលរួមផ្ដល់កម្លាំងកាយ ចិត្ត និងថវិកា ជួយជាតិផងដែរ។
ប្រជាជនម្នាក់ ដែលគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ បាននិយាយបែបនេះថា តម្លៃសំបុត្រ១០ម៉ឺនរៀល នាំគ្នារអ៊ូថាថ្លៃ ប៉ុន្តែបើយកលុយទៅទិញស្រាបៀវិញ ដោយគ្មានគិតស្ដាយនោះទេ។ សាធារណជនរូបនេះ បាននិយាយដូច្នេះថា៖ «ចំណាយលុយដើម្បីជាតិល្មមៗស្រែកថាថ្លៃ តែបើស្រាបៀពីរកេះ ១០ម៉ឺនរៀល ស្ងាត់មាត់តែម្ដង។»។
![](https://image.thmeythmey.com/pictures/2023/03/28/as__2_.jpg)
ដោយឡែក ប្រជាពលរដ្ឋខ្លះ ក៏បានលើកឡើងថា ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្របែបនេះ គួរតែបើកឲ្យចូលដោយសេរី និងកុំយកថវិកា ព្រោះប្រជាពលរដ្ឋខ្លះ មិនមានលុយសម្រាប់ទិញសំបុត្រទស្សនាទេ។ ចំណែក ប្រជាជនមួយចំនួនទៀត ក៏យល់ថា ដើម្បីសន្សំថវិកា សុខចិត្តទស្សនាតាមគេហដ្ឋានវិញ។
បុរសម្នាក់ បានបញ្ចេញមតិថា៖«លក់ថ្លៃម៉្លេះ អង្ករមួយបាវ ហូបមួយខែ ថានាំគ្នាទៅឲ្យបានច្រើន តែមើលទៅម្នាក់ក៏អត់ទៅមើលដែលចាំគាំទ្រតាម TV រឺ FB Live វិញ។»។ ចំណែក យុវជនម្នាក់ទៀត ថា៖«ទុក១០ម៉ឺនផឹកវិញ។ មើលតាមlive យកមិនអស់។»។
តើតម្លៃសំបុត្រ១០ម៉ឺន-២០ម៉ឺនរៀល ថ្លៃទេ បើធៀបទៅម្ចាស់ផ្ទះស៊ីហ្គេម ពីមុនក្នុងតំបន់អាស៊ាន?
យោងទៅលើការផ្សាយរបស់ CNN Philippines ចុះកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស៊ីហ្គេម លើកទី ៣០ នៅប្រទេសហ្វីលីពីន នាឆ្នាំ២០១៩ ម្ចាស់ផ្ទះ ចែកតម្លៃសំបុត្រជា ៤កម្រិត។ ៤កន្លែងនោះ គឺ ផ្នែក A ឬ VIP តម្លៃ ២២០$ (១២០០០ PHP), B ៧៣$ (៤០០០ PHP), C ២៧$ (១៥០០ PHP) និង D ១៨$ (១០០០PHP) ហើយមានទស្សនានោះ ជាង ២០០០០នាក់។
![](https://image.thmeythmey.com/pictures/2023/03/28/as__3_.jpg)
យោងលើការផ្សាយរបស់ Today online អំឡុងខែឧសភា ឆ្នាំ២០១៥ ស៊ីហ្គេមនៅស៊ីហ្គេម លើកទី២៩ នាឆ្នាំ២០១៧ ប្រជាជនសិង្ហបុរី ដណ្ដើមគ្នាទិញសំបុត្រ រហូតមានអ្នកទិញសំបុត្រជាច្រើន បានយកទៅលក់ត ដែលខុសពីតម្លៃដើម។ តម្លៃដើម សំបុត្រក្នុងពេលនោះ គឺចន្លោះពី១០$ (១២ USG) ទៅ៤៥$ (៦០USG)។ សំបុត្រជាង ជាង៣០០០០ម៉ឺនកន្លែង ត្រូវបានប្រជាជនខ្លះ ដណ្ដើមទិញ រួចតម្លៃយកទៅលក់ត រហូតឈានដល់ជិត ៦០០$ ក្នុងមួយកន្លែង។
ដោយឡែកស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម មិនមានការយកលុយចំពោះពិធីបើក ប៉ុន្ដែសំបុត្រនោះ ចាត់ទុកដូចជាការអញ្ជើញឲ្យចូលរួម ដែលមានចំនួន ២០០០០សន្លឹក។ ប៉ុន្ដែ ការប្រកួតកីឡាមួយចំនួន ត្រូវបានគិតតម្លៃសំបុត្រ។ ជាឧទាហរណ៍ តម្លៃសំបុត្រការប្រកួត បាល់ទាត់បុរស គឺលក់ចាប់ពី ៣០០០០០ VND-៩០០០០០ VND (១៣ដុល្លា-៣៨ដុល្លា)។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី៥-១៧ ខែឧសភា ចំណែក អាស៊ានប៉ារ៉ាហ្គេម នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣៕
![](https://image.thmeythmey.com/pictures/2023/03/28/as__4_.jpg)
![](https://image.thmeythmey.com/pictures/2023/03/28/as__5_.jpg)
![](https://image.thmeythmey.com/pictures/2023/03/28/as__6_.jpg)
![](https://image.thmeythmey.com/pictures/2023/03/28/as__7_.jpg)