ជាតិ
អ្នកពាក់ព័ន្ធកំពុងប្រឹងប្រែងសង្រ្គោះត្រីពូជនៅបឹងពារាំង
11, May 2024 , 9:09 pm        
រូបភាព
បឹងពារាំងដែលគោករីងទឹកនាដើមខែឧសភា ឆ្នាំ២០២៤។ រូបភាព៖ Dyna Piset
បឹងពារាំងដែលគោករីងទឹកនាដើមខែឧសភា ឆ្នាំ២០២៤។ រូបភាព៖ Dyna Piset
សៀមរាប៖ អាកាសធាតុហួតហែងខ្លាំង ធ្វើឱ្យបឹងពារាំងដែលជាបឹងអភិរក្សមេត្រីពូជសំខាន់​នៅប៉ែកខាងក្រោមជិតបឹងទន្លេសាប ប្រឈមនឹងកង្វះទឹក ហើយកន្លែងខ្លះគោក មិនអាចឱ្យត្រីនៅបាន។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកពាក់ព័ន្ធមានទាំងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងសហគមន៍ ខិតខំជីករណ្ដៅស្រះដើម្បីរក្សាទឹកសង្រ្គោះត្រីទាំងនោះ។

 
ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង លោក គង់ មង្គល បានឱ្យដឹងថា ស្ថានភាពបឹងពារាំង​ក្នុងរដូវប្រាំងនេះ គោករីងទឹកស្ទើរ៨០ភាគរយ។ យ៉ាងណាក៏ដោយ ក្រុមការងាររបស់លោកកំពុងបន្ត​ជីកស្រះក្នុងបឹង​បន្ថែមទៀត តាមតំបន់គោលដៅសំខាន់ៗ ធ្វើយ៉ាងណាសង្រ្គោះត្រីពូជកុំឱ្យខ្វះទឹក។ លោក មង្គល បញ្ជាក់ថា ការជីកជាស្រះនេះ ក្រោយសហគមន៍បានការអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្ត ក្នុងគោលដៅសង្រ្គោះមេត្រីពូជកម្រៗ​ នៅក្នុងបឹងអភិរក្សពារាំង។ លោក មង្គលបន្ថែមថា ចំពោះការងារនេះដែរ កន្លងមកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោក ពុំ សុថា ក៏ធ្លាប់បានជួយឧបត្ថម្ភថវិកា ដើម្បីជួយគ្រឿងចក្រចូលជីកកាយភក់សង្រ្គោះត្រីផងដែរអំឡុងឆ្នាំ២០២១ ហើយថ្មីៗនេះលោកក៏បានឧបត្ថម្ភប្រេងរយៈពេលមួយសប្ដាហ៍សម្រាប់ជីកស្ដារជួយសង្រ្គោះត្រីមេពូជនេះផងដែរ។
 
បើតាមប្រធានសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង ​ ស្រះដែលជីកកន្លងមកមានចំនួន៤ស្រះ ដែលអាចរក្សាទឹកបានសមល្មម មិនរីងក្នុងរដូវប្រាំង។ លោក គង់ មង្គល បន្ថែមថា៖ «​កន្លងមកយើងជីកបានរណ្ដៅស្រះខ្លះហើយ តែមិនគ្រប់គ្រាន់ ហើយសព្វថ្ងៃយើងមូបទឹកសង្រ្គោះត្រីមួយ​ចំនួនធំ បើគ្មានការជីកស្ដារនេះទេ គ្មានទឹកពីណាទេក្នុងរដូវនេះ»។ កាលពីពេលថ្មីៗនេះ ក្រុមការងារបានជីកស្រះស្ដារ​នៅផ្នែកខាងកើត និងបានបូមទឹកចាក់បញ្ចូលទាំងថ្ងៃទាំងយប់ អស់រយៈពេល២សប្ដាហ៍មកហើយ​ ស្របពេលបឹងកាន់តែគោក ដីបែកក្រហែងក្នុងរដូវក្ដៅ។ 

មេត្រីពូជដែលងាប់នៅក្នុងបឹងពារាំងនាដើមខែ ឧសភា ឆ្នាំ២០២៤។​ រូបភាព៖ Dyna Piset 

ទោះមានការសង្រ្គោះដោយយកចិត្តទុកដាក់យ៉ាងណាក្ដី ប៉ុន្តែនៅតែមានត្រីពូជខ្លះបានងាប់ ដោយសារទ្រាំទ្រនឹងអាកាសធាតុមិនបាន។ លោក មង្គល ប្រាប់ថា​កំឡុងពេលក្ដៅខ្លាំងនៅ​ពាក់កណ្ដាលខែ មេសា ត្រីមួយចំនួនតូចបានងាប់ និងការសង្រ្គោះមិនទាន់ពេលជាដើម។ 
 
ដោយការបម្រែបម្រួលអាកាសធាតុកាន់តែអាក្រក់ទៅៗ លោក គង់ មង្គល ចង់ឱ្យរដ្ឋាភិបាលមានគម្រោងស្ដារបឹងធម្មជាតិពារាំងឡើងវិញ ខណៈដែលការជីកស្រះតូចៗក្នុងបឹងនេះ ចំណាយពេលច្រើន និងអាចសង្រ្គោះត្រីបានមួយរយៈខ្លី។ លោក មង្គល រៀបរាប់ថា៖« ខ្ញុំសុំយោបល់ទៅថ្នាក់ដឹកនាំក្រសួងកសិកម្ម ដើម្បីសុំគោលការណ៍ទៅរដ្ឋមន្រ្តី ហើអាចវិភាជកញ្ចប់ថវិកា ក្រសួងបានលឿនជាង…មានតែឱ្យក្រសួងលើកផែនការបូមស្ដារជាដំណាក់កាល ហើយកន្លងទៅក្រសួងកសិកម្មក៏បានរួមចំណែកផ្តល់នូវអ្នកបច្ចេកទេស និងឧបករណ៍សម្ភារ សម្រាប់អន្ដរាគមន៍ទឹកនេះផងដែរ»។
 
ការជីកស្ដារក្នុងបឹងពារាំង។ រូបភាព៖ អង្គការហ្វេក

កាលពីសប្ដាហ៍មុន អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ហៅកាត់ថា អង្គការហ្វេក ក៏ប្រកាសពីការផ្តល់ថវិកាមួយចំនួនជាបន្ទាន់ ដើម្បីជីកស្ដារ និងបូមទឹកចូលក្នុងកន្លែងអភិរក្ស​បឹងពារាំងនេះដែរ។ នៅថ្ងៃទី៣ ខែឧសភា អង្គការនេះបញ្ជាក់ថា បានប្រើគ្រឿងចក្រអេស្កាវ៉ាទ័រ ចាប់ផ្តើមជីកស្តារ ដើម្បីជួយសង្គ្រោះត្រីមេពូជ សត្វស្លាប និងជីវៈចម្រុះមួយចំនួនមុនពេលមានភ្លៀងធ្លាក់៕

Tag:
 បឹងពារាំង
© រក្សាសិទ្ធិដោយ thmeythmey.com