ជាតិ
ភាពជាមាតា ជារនាំងសម្រាប់ស្រ្តីក្នុងវិស័យការងារនៅកម្ពុជា
12, May 2024 , 11:09 am        
រូបភាព
ដោយ៖ ធាង សូរិយា
 
បន្ទាប់ពីផ្តល់កំណើតកូនដំបូង ប្តីប្រពន្ធមួយគូ តារានិងជាតា ដែលទទួលបានការអប់រំ និងអាជីពការងារស្រដៀងគ្នា បានឃើញលទ្ធផលខុសគ្នានៅក្នុងទទួលបានប្រាក់ចំណូល និងសមតុល្យប្រាក់សោធននិវត្តន៍របស់ពួកគេ។

 
ស្របពេលដែលតារាទទួលបានការដំឡើងតំណែង ជាតាជាប្រពន្ធវិញ បានប្រឈមនឹងឧបសគ្គក្នុងការចូលប្រឡូកក្នុងការងារវិញ បន្ទាប់ពីសម្រាកលំហែមាតុភាព ដ្បិតតែភាពលំអៀង និងការរើសអើងលើស្ត្រីជាម្តាយ។ ដោយសារមូលហេតុនេះ ប្រាក់ចំណូលរបស់ជាតា ថយចុះគួរឱ្យកត់សម្គាល់បើធៀបនឹងប្រាក់ចំណូលរបស់ប្ដី។ កត្តានេះក៏បណ្តាលឱ្យមានគម្លាតការសន្សំប្រាក់សោធននិវត្តន៍របស់ពួកគេដូចគ្នា។
 
ករណីសម្មតិកម្មជាក់ស្តែងខាងលើនេះ បង្ហាញពីភាពអវិជ្ជមានដែលកើតចេញពីការពិន័យលើភាពជាមាតារបស់ស្រ្តីដែលមានកូន។ ការណ៍នេះនាំឱ្យមានការធ្លាក់ចុះប្រាក់ចំណូល សមត្ថភាពការងារ និងឱកាសសម្រាប់វឌ្ឍនភាពការងារដែលកើតឡើង បន្ទាប់ពីស្ត្រីធ្វើការហើយមានកូន។ នេះបើយោងតាមការសិក្សារបស់សាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។
 
ការស្រាវជ្រាវមួយបានបង្ហាញថា ស្រ្តីជាម្តាយជួបប្រទះនឹងការថយចុះ៦០ភាគរយនៃប្រាក់ចំណូល បើធៀបនឹងបុរសជាឪពុកក្នុងមួយទសវត្សរ៍ក្រោយការផ្តល់កំណើតកូនដំបូង ដែលលក្ខខណ្ឌនេះក៏បាននាំឱ្យសមតុល្យប្រាក់សោធននិវត្តន៍របស់ពួកគេ ធ្លាក់ចុះនៅដែលពួកគេចូលនិវត្តន៍ដែរ។
 
គុណវិបត្តិបែបនេះកំពុងកើតមានទៅលើស្រ្តីជាម្តាយដែលកំពុងធ្វើការនៅក្នុងវិស័យការងារ ជាពិសេសនៅក្នុងកម្ពុជា ដោយសារកត្តាខ្លះដូចជាតួនាទីយេនឌ័រ និងគោលនយោបាយដែលមិនទាន់ផ្តល់ឱកាស និងលើកម្ពស់ស្រ្តីជាម្តាយនៅក្នុងវិស័យការងារនៅឡើយ។
 
តួនាទីយេនឌ័រលើស្រ្តីជាម្តាយ

បញ្ហាប្រឈមធំមួយក្នុងចំណោមបញ្ហាប្រឈមសំខាន់ៗ ដែលស្រ្តីជាម្តាយនៅកម្ពុជាជួបប្រទះក្នុងវិស័យការងារ គឺតួនាទីយេនឌ័របែបប្រពៃណី ដែលទម្លាក់អម្រែកនៃការទំនួលខុសត្រូវ និងកាតព្វកិច្ចថែទាំផ្ទះសម្បែងទៅលើស្រ្តីជាម្តាយ។ តួនាទី និងទំនួលខុស ត្រូវទាំងនេះអាចនាំឱ្យមានភាពលំអៀង និងការរើសអើងប្រឆាំងទៅលើស្រ្តីជាម្តាយដែល កំពុងធ្វើការនៅក្នុងវិស័យការងារ។
 
ជាឧទាហរណ៍ ការស្រាវជ្រាវមួយបានបង្ហាញថា ស្រ្តីជាម្តាយដែលកំពុងរកការងារធ្វើ ប្រឈមមុខនឹងភាពលំអៀង នៅក្នុងពេលរើសបុគ្គលិកដូចជា ការពិនិត្យមើលលើប្រវត្តិរូបការងារ (CV) និងការសម្ភាស។ ស្រ្តីជាម្ដាយភាគច្រើន​បាន​ទទួលបានការ​បដិសេធ​លឿន​ជាង​ បើ​ធៀប​នឹង​ស្ត្រី​ដែល​គ្មាន​កូន និង​បុរស។ រីឯនៅក្នុងការសម្ភាស គណៈកម្មការសម្ភាសភាគច្រើនបង្ហាញអារម្មណ៍មិនពេញចិត្តចំពោះបេក្ខនារីដែលជាស្ត្រីដែលមានកូន ហើយអនុគ្រោះដល់បេក្ខជនបុរសទៅវិញ។
 
លើសពីនេះទៅទៀត ស្រ្តីជាម្តាយដែលកំពុងធ្វើការ អាចប្រឈមមុខនឹងការរើសអើងក្នុងករណីដូចជាពួកគេជាបុគ្គលិកដែលមិនសូវមានការប្តេជ្ញាចិត្តខ្ពស់ ឬអាចជឿទុកចិត្តបាន ដ្បិតថា ពួកគេមានទំនួលខុសត្រូវថែទាំផ្ទះច្រើន។ ទំនួលខុសត្រូវដោយឡែករបស់ស្ត្រីជាម្តាយនេះ អាចប៉ះពាល់ដល់ការសម្រេចចិត្តក្នុងការជ្រើសរើសបុគ្គលិក ការដំឡើងឋានៈ និងការដំឡើងប្រាក់ខែជាដើម។
 
បើតាមរបាយការណ៍របស់អង្គការ UNDP ក្នុងឆ្នាំ ២០២១ ការនៅលីវ ឬរៀបការ បានក្លាយជាកត្តាសំខាន់បំផុតមួយដែលកំណត់ការចូលធ្វើការងាររបស់ស្ត្រីនៅកម្ពុជា។ របាយការណ៍នោះបង្ហាញថា ត្រឹមជាង៣៨ភាគរយនៃស្ត្រី​ដែល​រៀបការ​រួចប៉ុណ្ណោះដែលការប្រឡូកចូលក្នុងវិស័យការងារ។
 
កង្វះខាតនៃសេវាថែទាំកុមារនៅកម្ពុជា
 
កម្ពុជា​ ក៏​នៅ​ខ្វះ​គោលនយោបាយ និង​ប្រព័ន្ធ​គាំពារដែលមានលក្ខខណៈ​ទូលំទូលាយដែលឆ្លើយតបនឹង​តម្រូវការ​របស់​ស្រ្តីជាម្តាយ​ដែល​កំពុងធ្វើការ​។ ជាក់ស្តែង លទ្ធភាពទទួលបានកន្លែងថែទាំកុមារដែលមានតម្លៃសមរម្យ និងមានគុណភាពនៅមានកម្រិត ជាពិសេសនៅតំបន់ជាយក្រុង និងតំបន់ជនបទ។ ការណ៍នេះបានបង្កការលំបាកសម្រាប់ស្ត្រីជាម្តាយក្នុងការបន្តធ្វើការផង និងធានាថា កូនរបស់ពួកគេទទួលបានការមើលថែទាំត្រឹមត្រូវផង។
 
ឧទាហរណ៍ជាក់ស្តែងពីស្ត្រីជាម្តាយម្នាក់នៅខេត្តកំពង់ស្ពឺបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់ពីបញ្ហានេះ។ ស្ត្រីរូបនោះគឺ អ្នកស្រី កាង សុម៉ាលី ជាម្តាយដែលមានលះបង់ខ្ពស់ចំពោះកូនពីរនាក់ដែលរស់នៅក្នុងបន្ទុក។ ដោយសារតែគ្មានសេវាកម្មមើលថែកុមារនៅក្នុងភូមិ ឬនៅកន្លែងក្បែរផ្ទះ សុម៉ាលី បានសម្រេចចិត្តលាឈប់ពីការងារជាកម្មករកាត់ដេរ ដើម្បីមកថែទាំកូនខ្លួនដោយផ្ទាល់ ថ្វីបើគាត់ត្រូវបាត់បង់ប្រភពចំណូលដ៏សំខាន់សម្រាប់គ្រួសារក្តី។ ពឹងផ្អែកតែលើប្រាក់ចំណូលរបស់ស្វាមីខ្លួនប្រហែល២០០ដុល្លារ ពីអាជីពជាអ្នកបើកបររថយន្ត គ្រួសាររបស់សុម៉ាលី កំពុងប្រឈមបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ។
 
ដោយគ្មានការគាំទ្រគ្រប់គ្រាន់លើសេវាថែទាំកុមារ ស្រ្តីជាម្តាយដូចជាសុម៉ាលី ត្រូវបង្ខំចិត្តជ្រើសរើសរវាងសេចក្តីប្រាថ្នាក្នុងអាជីពរបស់ខ្លួន និងភារកិច្ចថែទាំគ្រួសាររបស់ពួកគេ។ បញ្ហានេះហើយជាញឹកញាប់បានក្លាយជាកត្តាដែលនាំឱ្យពួកគេបាត់បង់ការរីកចម្រើផ្នែកការងារ និងសន្តិសុខសេដ្ឋកិច្ចគ្រួសារថែមទៀត។
 
បើតាមរបាយការណ៍របស់អង្គការ International Finance Corporation អវត្តមាននៃការថែទាំកុមារអាចប៉ះពាល់ យ៉ាងខ្លាំងដល់ការសម្រេចចិត្តរបស់ឪពុកម្តាយទាក់ទងនឹងការងារ ជាពិសេសប៉ះពាល់ដល់ស្ត្រី ដែលទទួលខុសត្រូវ៧៥ភាគរយលើកាតព្វកិច្ចមើលថែទាំដែលមិនបានទទួលបា្រក់កម្រៃទូទាំងពិភពលោក។
 
សន្និដ្ឋាន
 
«ការពិន័យលើភាពជាមាតា» មិនត្រឹមតែប៉ះពាល់ដល់ស្ត្រីម្នាក់ៗប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យមានវិសមភាពយេនឌ័រ នៅក្នុងវិស័យ ការងារ និងសង្គមទាំងមូលផងដែរ។ ដោយសារការលំអៀងនិងរើសអើងទៅលើស្រ្តីជាម្តាយចំពោះទំនួលខុសត្រូវថែ ទាំរបស់ពួកគេ កន្លែងធ្វើការបានចូលរួមចំណែកពង្រឹងតួនាទីយេនឌ័រប្រពៃណី និងរារាំងការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រីថែមទៀត។
 
លើសពីនេះ ផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដែលកើតចេញពីការពិន័យលើភាពជាមាតា បង្កើនភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី ហើយវាក៏បង្កឱ្យមានគម្លាតទ្រព្យសម្បត្តិផ្អែកលើយេនឌ័រ និងបង្កើតអសន្តិសុខហរិញ្ញវត្ថុពេលចូលនិវត្តន៍ជាដើម។
 
បញ្ហាដែលស្រ្តីជាម្តាយនៅក្នុងសង្គមកម្ពុជាកំពុងជួបប្រទះទាំងអស់នេះ បានបង្ហាញឱ្យឃើញពីតម្រូវការបន្ទាន់មួយក្នុងការ រៀបចំកំណែទម្រង់ ដែលសំដៅលើកកម្ពស់សមភាពយេនឌ័រ និងគាំទ្រដល់ម្តាយដែលកំពុងធ្វើការ។ ការកែទម្រង់នេះនឹងរក្សាតុល្យភាពរវាងជីវិតជាអ្នកធ្វើការ និងភាពជាម្តាយ។
 
តាមរយៈការអនុវត្តគោលនយោបាយផ្តល់សេវាកម្មថែទាំកុមារ និងជំរុញបរិយាកាសការងារដែលរួមបញ្ចូលមនុស្សគ្រប់គ្នារួមទាំង ស្រ្តីជាម្តាយផង កម្ពុជាអាចនឹងឈានទៅបង្កើតបរិយាកាសសមធម៌ និងផ្តល់សិទ្ធិអំណាចកាន់តែច្រើនសម្រាប់ស្តី្រជាម្តាយ ដែលកំពុងធ្វើការ និងអនុញ្ញាតឱ្យពួកគេសម្រេចបានសក្តានុពលពេញលេញក្នុងវិស័យការងារដែលខ្លួនកំពុងប្រឡូក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com