កីឡាអន្តរជាតិ
អន្តរជាតិ
បរាជ័យរបស់ Man Utd ធ្វើឱ្យការប្រជែង EPL រវាង Arsenal-Man City ឈានដល់ជំនួបបិទរដូវកាល
13, May 2024 , 10:01 am        
រូបភាព
ការប្រជែងពាន Premier League រដូវកាល ២០២៣-២៤ នឹងត្រូវកាត់ក្តីនៅជំនួបបិទរដូវកាល បន្ទាប់ពី Arsenal បានយកឈ្នះ Manchester United ១-០ នៅសប្តាហ៍ទី៣៧។ Arsenal ត្រឡប់ទៅកំពូលតារាង ដោយនាំមុខគូប្រជែង Manchester City ដែលសល់១ប្រកួតក្នុងដៃ ១ពិន្ទុវិញ។



Leandro Trossard ជាអ្នកសម្រេចទីគ្រាប់បាល់ជ័យជម្នះ តាមរយៈការបញ្ជូនដ៏ល្អរបស់មិត្តរួមក្រុម Kai Havertz ដើម្បីជួយឱ្យក្រុមកាំភ្លើងធំទទួលបាន៣ពិន្ទុ ពីបិសាចក្រហមនៅ Old Trafford។
 
៣ពិន្ទុដ៏សំខាន់នេះ រុញក្រុមលោក Mikel Arteta ដណ្តើមបានចំណាត់ថ្នាក់កំពូលតារាងលីគកំពូលអង់គ្លេសពី Man City វិញ ដោយមានគម្លាតនាំមុខចំនួន១ពិន្ទុ។ ៣៧ប្រកួត Arsenal រកបាន៨៦ពិន្ទុ ខណៈក្រុមលោក Pep Guardiola មាន៨៥ពិន្ទុ តែទើបប្រកួត៣៦លើកប៉ុណ្ណោះ។
 
ក្រុមម្ចាស់ការពារជើងឯក Man City នឹងត្រូវប្រកួតសប្តាហ៍ទី៣៧របស់ខ្លួនទល់នឹង Tottenham Hotspur នៅរាត្រីថ្ងៃទី១៤ ខែឧសភា។ បើទោះលទ្ធផលប្រកួតក្នុងជំនួបនេះបែបណា ក៏ការប្រជែងពានលីគកំពូលអង់គ្លេសរដូវកាល ២០២៣-២៤ រវាង Man City និង Arsenal នឹងត្រូវកាត់ក្តីនៅក្នុងការប្រកួតបិទរដូវកាល។



ជំនួបចុងក្រោយរបស់ក្រុមប្រជែងជើងឯកទាំងពីរ Man City ត្រូវជួប West Ham United ស្របពេល Arsenal ប៉ះ Everton និងជំនួប៨គូផ្សេងទៀត ដែលនឹងធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា វេលាម៉ោង ១០យប់ [ម៉ោងនៅកម្ពុជា] ព្រមគ្នា។
 
ដោយឡែក Man Utd ដែលចាញ់ Arsenal នៅជំនួបសប្តាហ៍ទី៣៦របស់ខ្លួន អស់ឱកាសដណ្តើមចំណាត់ថ្នាក់ទី៥ សម្រាប់កៅអី Europa League រដូវកាលក្រោយទៅហើយ ដ្បិតតាមពីក្រោយ Spurs ដល់ទៅ៩ពិន្ទុ ខណៈការប្រកួតសល់តែ២លើក។ បិសាចក្រហមនៅតែឱកាសប្រជែងកៅអីវគ្គជម្រុះ Europa Conference League ប៉ុណ្ណោះ។
 
យ៉ាងណាក៏ដោយក្រុមបិសាចក្រហម ក្រោមការដឹកនាំរបស់លោក Erik ten Hag នៅមានឱកាសទទួលបានកៅអី Europa League ប្រសិនពួកគេដណ្តើមជើងឯក FA Cup ពីគូប្រជែង Man City។ FA Cup វគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា វេលាម៉ោង ៩យប់៕

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com