ជាតិ
សម្តេច ហ៊ុន ម៉ាណែត នឹងធ្វើទស្សនកិច្ចនៅ​កូរ៉េខាងត្បូង ពីថ្ងៃទី១៥-១៩ ឧសភា
13, May 2024 , 6:59 pm        
រូបភាព
សម្តេច​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ​នឹងដឹកនាំប្រតិភូជាន់ខ្ពស់ទៅបំពេញ​ទស្សន កិច្ច ផ្លូវការនៅសាធារណរដ្ឋកូរ៉េ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ ១៩ ខែឧសភា ឆ្នាំ​២០២៤។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាម​ការអញ្ជើញរបស់ លោក យួន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​​របស់​ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៣ ខែឧសភា។

​អមដំណើរសម្តេច ហ៊ុន ម៉ាណែត និងភរិយា  មានលោកស៊ុន ចាន់ថុល  ឧប​នាយក​រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក សុខ ចិន្តាសោភា ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗ​នៃរាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។
 
បើ​តាមសេចក្តីប្រកាសព័ត៌មានដដែល​ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេច ហ៊ុន ម៉ាណែត នឹង​មានជំនួបទ្វេភាគីជាមួយ លោក ប្រធានាធិបតី យួន សកយ៉ល ពិភាក្សាស៊ីជម្រៅ​នូវ​ភាព​ជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការ ពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ ឱ្យឈានទៅកម្រិតថ្មី។ «ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី​ដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការអភិវឌ្ឍ សេដ្ឋកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ»។ នេះបើតាមសេចក្តីប្រកាសពត៌មានក្រសួងការបរទេសកម្ពុជា ដែលបានបន្តទៀតថា សម្តេចនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបដាច់ដោយឡែកជាមួយ ​នាយករដ្ឋមន្ត្រី លោក ហាន់ ដុកស៊ូ (Han Duck-soo) និង ​ប្រធានរដ្ឋសភា លោកគីម ជីនផ្សំ (Kim Jin-pyo)។ 
 
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏នឹងអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-​កូរ៉េ និងជួប​ជា​មួយ​​ក្រុមហ៊ុន​កូរ៉េសំខាន់ៗមួយចំនួន ព្រមទាំងជួបសំណេះសំណាលជាមួយសហគមន៍​ខ្មែរនៅ​កូរ៉ខាងត្បូងផងដែរ។ នេះបើតាមក្រសួងការបរទេសកម្ពុជា៕

© រក្សាសិទ្ធិដោយ thmeythmey.com