សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អារ៉ាប៊ីសាអូឌីត បន្តសាងសង់អគារខ្ពស់ជាងគេលើពិភពលោកឡើងវិញ
14, May 2024 , 8:29 am        
រូបភាព
អគារ Jeddah Tower នៅក្នុងប្លង់ពេលសង់រួចរាល់(ខាងឆ្វេង) និងអគារដែលបានបញ្ចប់ត្រឹម ១ភាគ៣ ។ រូបភាព ៖  Mashable
អគារ Jeddah Tower នៅក្នុងប្លង់ពេលសង់រួចរាល់(ខាងឆ្វេង) និងអគារដែលបានបញ្ចប់ត្រឹម ១ភាគ៣ ។ រូបភាព ៖ Mashable
បន្ទាប់ពីការពន្យារពេលជាច្រើនឆ្នាំ ការសាងសង់អគារ Jeddah Tower ដែលនឹងមានកម្ពស់ខ្ពស់ជាងគេលើពិភពលោ កនឹងដំណើរការឡើងវិញនាចុងខែឧសភា នៅអារ៉ាប៊ីសាអូឌីត។

 
ពីមុនត្រូវបានគេស្គាល់ថាជា Kingdom Tower នៅពេលសាងសង់រួចរាល់ អគារខ្ពស់នេះនឹងមានកម្ពស់ ១០០០ម៉ែត្រ ដែលក្លាយជាសំណង់ដំបូងគេក្នុងប្រវត្តិសាស្ត្រមានកម្ពស់ខ្ពស់បំផុត។ គម្រោងនេះ ជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏មានមហិច្ឆតាដែលមានតម្លៃជិត ២០ពាន់លានដុល្លារ នៅកៀកជិតសមុទ្រក្រហម ហើយស្ថិតក្នុងចំណោមគម្រោងធំជាច្រើនដែលធ្វើឡើងនៅអារ៉ាប៊ីសាអូឌីត។ នេះបើតាមសារព័ត៌មាន Newsweek ចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា។ 
 
អគារ Jeddah Tower នឹងចំណាយការសាងសង់ប្រមាណ ១,២ពាន់លានដុល្លារ ដែលរចនាដោយក្រុមហ៊ុនស្ថាបត្យកម្ម Adrian Smith + Gordon Gill Architecture មានមូលដ្ឋាននៅទីក្រុងឈីកាហ្កោ ដែលរួមទាំងសណ្ឋាគារប្រណីត ការិយាល័យ ការជួលរយៈពេលខ្លី និងអាផាតមិន។ នៅថ្ងៃទី៩ ខែឧសភា ក្រុមហ៊ុនស្ថាបត្យកម្មបានបញ្ជាក់ប្រាប់សារព័ត៌មាន Newsweek ថា ដំណើរការសាងសង់បានចាប់ផ្តើមបន្ត។ ឈ្មោះបច្ចុប្បន្នរបស់អគារនេះ បានមកពីទីតាំងរបស់វានៅ Jeddah ដែលជាទីក្រុងកំពង់ផែដ៏សំខាន់មួយនៅតាមបណ្តោយសមុទ្រក្រហម ហើយក៏ជាទីក្រុងដែលមានប្រជាជនច្រើនជាងគេទី២នៅអារ៉ាប៊ីសាអូឌីត។
 
ចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៣  ដំណើរការសាងសង់ត្រូវបានបញ្ឈប់នៅឆ្នាំ២០១៨  នៅពេលដែលក្រុមហ៊ុនម៉ៅការសំខាន់ Binladin Group ត្រូវបានដកហូតសិទ្ធិបន្ទាប់ពីការចាប់ខ្លួនប្រធានក្រុមហ៊ុន Bakr bin Laden ដែលជាបងប្អូនឪពុកម្តាយទីទៃរបស់ Osama bin Laden ក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយរបស់រ៉ាប៊ីសាអូឌីតក្រោមស្នាព្រះហស្ថរបស់ព្រះអង្គម្ចាស់ Mohammed bin Salman ។ ក្រោយមក គម្រោង​បន្ត​ត្រូវ​បាន​ពន្យារ​ពេល​ទៀតដោយសារជំងឺ​កូវីដ-១៩។
 
នៅពេលការសាងសង់បានផ្អាកកាលពី ៦ឆ្នាំមុន ប្រហែល១ភាគ៣នៃគម្រោងត្រូវបានបញ្ចប់។ នេះបើយោងតាម ​​​​architectural Digest ។ គ្រោង​ឆ្អឹង​ដែល​មិន​ទាន់​រួចរាល់​នៃ​អគារ​នេះ​បាន​សំកាំងលើអាកាសនៅ​ក្នុង​ទីក្រុង Jeddah ចាប់តាំង​ពី​ពេល​នោះ​មក។ 
 
នៅពេលសាងសង់រួចរាល់ អគារ Jeddah Tower នឹងមានកម្ពស់ខ្ពស់ជាង១៥២ម៉ែត្រ អគារ Burj Khalifa នៅក្នុងទីក្រុងឌូបៃដែលជាអ្នកកាន់កំណត់ត្រាបច្ចុប្បន្នសម្រាប់អគារខ្ពស់បំផុតនៅលើពិភពលោក។ វាក៏មានកម្ពស់ខ្ពស់ជាងអគារ Empire State ដល់ទៅ២ដងក្នុងទីក្រុង New York អាម៉េរិក និងខ្ពស់ជាងរូប Statue of Liberty ដល់ទៅ៧ដង។
 
អគារនេះនឹងមានកន្លែងសង្កេតការណ៍ដ៏ធំបំផុតរបស់ពិភពលោក និងប្រព័ន្ធជណ្តើរយន្តលំដាប់ខ្ពស់ រួមទាំងជណ្តើរយន្តចំនួន ៥៩ ដែលដឹកជញ្ជូនភ្ញៀវនៅល្បឿន ១០ម៉ែត្រក្នុង១វិនាទី ។ 
 
ក្រុមហ៊ុនស្ថាបត្យកម្មរំពឹងថា គម្រោងនេះនឹងបញ្ចប់ក្នុងរយៈពេល ៤-៥ឆ្នាំខាងមុខ ហើយអ្នកម៉ៅការថ្មីនឹងត្រូវប្រកាសក្នុងរយៈពេលពីរបីសប្តាហ៍ទៀត។ គម្រោងនេះជាផ្នែកមួយនៃគំនិតផ្តួចផ្តើម Vision 2030 របស់អារ៉ាប៊ីសាអូឌីត ដែលមានគោលបំណងធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងស្រុកឱ្យឆ្ងាយពីការពឹងផ្អែកលើវិស័យប្រេង ព្រមទាំងដើម្បីពង្រឹងវិស័យនានាដូចជា ការថែទាំសុខភាព ការអប់រំ និងទេសចរណ៍ជាដើម៕ 

Tag:
 អារ៉ាប៊ីសាអូឌីត
  អគារខ្ពស់
 ​ Jeddah Tower
  Kingdom Tower
© រក្សាសិទ្ធិដោយ thmeythmey.com