ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនកូរ៉េ បង្ហាញបំណងវិនិយោគ​លើការកែច្នៃសំរាម ទៅជា​ថាមពលអគ្គិសនី ​នៅ​កម្ពុជា
13, May 2024 , 8:59 pm        
រូបភាព
ជំនួបពិភាក្សាការងារ និងការធ្វើបទបង្ហាញគម្រោងវិនិយោគរបស់ក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING ​ជូនរវាង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រតិភូ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ។ រូបភាព៖ ហ្វេសប៊ុក CDC
ជំនួបពិភាក្សាការងារ និងការធ្វើបទបង្ហាញគម្រោងវិនិយោគរបស់ក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING ​ជូនរវាង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រតិភូ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ។ រូបភាព៖ ហ្វេសប៊ុក CDC
ក្រុមហ៊ុនកូរ៉េខាងត្បូងឈ្មោះ HYUCKJIN ENERGY PLANT ENGINEERING បានធ្វើបទ​បង្ហាញ និងសុំគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា លើគម្រោង​វិនិយោគ​លើការ​កែច្នៃ​សំរាម ផលិតថាមពលអគ្គិសនី។ ការធ្វើបទបង្ហាញពីគម្រោងវិនិយោគនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុម​ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​និងប្រតិភូក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING និងក្រុមហ៊ុន Defytime នៅ​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ។

 
បើយោងតាមការចុះផ្សាយនៅទំព័រហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ​ក្រុមហ៊ុននេះ អាច​ បង្កើតថាមពលអគ្គិសនីយ៉ាងតិច​២៤មេហ្គាវ៉ាត់ ពីការកែច្នៃសំរាមប្រមាណ ១០០ តោន។  ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ដូច្នេះ៖ «តាមរយៈបទបង្ហាញក្នុងអង្គប្រជុំនេះក្រុមហ៊ុនបានបង្ហាញថាបច្ចេកវិទ្យាដែលខ្លួននឹងប្រើប្រាស់ ក្នុងមួយថ្ងៃអាចបង្កើតថាមពលអគ្គិសនីយ៉ាងតិចបំផុត ២៤មេហ្គាវ៉ាត់ ដោយការដុតសំរាមប្រមាណ ១០០តោន»។
 
ជាការឆ្លើយតប  លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បាន​ស្វាគមន៍ចំពោះ គម្រោង​វិនិ​យោគ​​នេះ និងស្នើ​ឱ្យក្រុមហ៊ុនផ្ញើជូនព័ត៌មានលម្អិតទាំងស្រុងនៃគម្រោង មកក្រុមប្រឹក្សា​អភិ​វឌ្ឍន៍កម្ពុជា ដើម្បី​​អនុវត្តនីតិវិធីបន្ត៕
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com