អន្តរជាតិ
បុរសផ្លាស់ប្តូរក្រលៀនជ្រូកលើកដំបូង ទទួលមរណភាពក្រោយវះកាត់បាន២ខែ
14, May 2024 , 10:22 am        
រូបភាព
លោក Richard Slayman អ្នកជំងឺដែលផ្លាស់ប្តូរក្រលៀនជ្រូកផ្លាស់ប្តូរហ្សែនរួច។រូបភាព Massachusetts General Hospital
លោក Richard Slayman អ្នកជំងឺដែលផ្លាស់ប្តូរក្រលៀនជ្រូកផ្លាស់ប្តូរហ្សែនរួច។រូបភាព Massachusetts General Hospital
លោក Richard Slayman ដែលទទួលបានបានផ្លាស់ប្តូរតម្រងនោមជ្រូកជាលើកដំបូង ស្លាប់ហើយ ក្រោយការវះកាត់បានរយៈពេល ២ខែ។ នេះបើតាមការបញ្ជាក់របស់មន្ទីរពេទ្យ Massachusetts General Hospital នៅថ្ងៃទី១១ ខែឧសភា។



កាលពីដើមខែមេសា លោក Richard Slayman អ្នកជំងឺវ័យ ៦២ឆ្នាំ និងត្រូវបានប្តូរក្រលៀនជូ្រក ដែលកែប្រែហ្សែនរួច (Genetically Modified Pig) ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យជាលើកដំបូង។ នៅរយៈពេល ២ខែបន្ទាប់ មន្ទីរពេទ្យ Massachusetts General Hospital ដែលជាមន្ទីរពេទ្យទទួលបន្ទុកអ្នកជំងឺរូបនេះ បានប្រកាសពីការស្លាប់របស់លោក Richard Slayman។
 
«មន្ទីរពេទ្យ Massachusetts General Hospital ពិតជាមានការសាកស្តាយ និងសូមចូលរួមរំលែកទុក្ខជាមួយគ្រួសារ»។ សារព័ត៌មាន BBC បានស្រង់សេចក្តីប្រកាសរបស់មន្ទីរពេទ្យបែបនេះ។
 
យ៉ាងណាមិញ មន្ទីរពេទ្យ បានបញ្ជាក់ថា ការបាត់បង់ជីវិតរបស់លោក Richard Slayman មិនមានពាក់ព័ន្ធនឹងក្រលៀន ដែលត្រូវបានផ្លាស់ប្តូររួចឡើយ។ ត្រង់ចំណុចនេះ មន្ទីរពេទ្យ បានបញ្ជាក់ថា អ្នកជំងឺវ័យ៦២ឆ្នាំ មានជំងឺទឹកនោមផ្អែមប្រភេទ២ និងលើសសម្ពាធឈាមរួចទៅហើយ។ កន្លងមក អ្នកជំងឺរូបនេះ ក៏ធ្លាប់ផ្លាស់ប្តូរក្រលៀនមនុស្សដែរ ប៉ុន្តែត្រូវបរាជ័យនៅរយៈពេល ៥ឆ្នាំបន្ទាប់។ 
 
បើតាម Massachusetts General Hospital ការផ្លាស់ប្តូរក្រលៀនជ្រូកលើលោក Richard Slayman ជារឿងដ៏ជោគជ័យមួយនៅក្នុងប្រវត្តិសាស្រ្ត និងជាក្តីសង្ឃឹមសម្រាប់មនុស្សជាច្រើននាក់ ដែលកំពុងត្រូវការក្រលៀនសម្រាប់ដោះដូរ៕ 

Tag:
 អាម៉េរិក
  ក្រលៀន
© រក្សាសិទ្ធិដោយ thmeythmey.com