កីឡាជាតិ
ជាតិ
៤៧គ្រឹះស្ថានឧត្តមសិក្សា ចូលរួមប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សា លើ១៣ប្រភេទកីឡា
14, May 2024 , 6:59 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ក្នុងកិច្ចប្រជុំជាមួយសហព័ន្ធជាតិពាក់ព័ន្ធកីឡាទាំង១៣ នៅថ្ងៃទី១៣ ខែឧសភា។ រូបភាព៖ អគ្គនាយកដ្ឋានកីឡា
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ក្នុងកិច្ចប្រជុំជាមួយសហព័ន្ធជាតិពាក់ព័ន្ធកីឡាទាំង១៣ នៅថ្ងៃទី១៣ ខែឧសភា។ រូបភាព៖ អគ្គនាយកដ្ឋានកីឡា
៤៧គ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុប ១៧៦៤នាក់ នឹងចូលរួមប្រជែងមេដាយក្នុងការប្រកួតកីឡាសិស្សឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤។

 
ការប្រកួតកីឡាសិស្សឧត្តមសិក្សា និងមធ្យមសិក្សា ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ ២៦ ខែឧសភា ក្នុងក្រុងភ្នំពេញ ដោយមាន១៣ប្រភេទកីឡា លើ១០៣វិញ្ញាសា។ កីឡាទាំង១៣ប្រភេទរួមមាន៖ កីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, គុនដាវ, ប៉េតង់, ហែលទឹក, វាយកូនឃ្លីលើតុ, តេក្វានដូ WT, តេក្វាន់ដូ ITF, ការ៉ាតេ, វាយសី, អត្តពលកម្ម និង ស៊ីប៉ាក់តាក្រ។
 
ក្នុងកិច្ចប្រជុំជាមួយសហព័ន្ធជាតិពាក់ព័ន្ធកីឡាទាំង១៣ នៅថ្ងៃទី១៣ ខែឧសភា លោក វ៉ាត់ ចំរើន អគ្គលេខាធិកាគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) និង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានស្នើរសុំឱ្យសមាជិកសហព័ន្ធកីឡាជាតិទាំងអស់ សហការគ្នាឱ្យបានល្អ ដើម្បីរៀបព្រឹត្តិការណ៍កីឡាអន្តរជាតិ និងថ្នាក់ជាតិឱ្យបានប្រសើរ ស្របតាមគោលដៅលើកកម្ពស់វិស័យកីឡា ពង្រឹង និងពង្រីកសមត្ថភាពកីឡាករ-ការិនី និងមន្រ្តីមន្រ្តីបច្ចេកទេសរបស់ខ្លួន។
 
គោលបំណងចម្បងនៃការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីឱ្យសិស្សា នុសិស្ស ដែលស្រឡាញ់វិស័យកីឡាឱ្យមានឱកាសបានចូលរួមប្រកួត ប្រជែង ពង្រឹងកាយសម្បទាមាំមួន និងជៀសផុតពីអំពើអសកម្មផ្សេងៗនៅក្នុងសង្គម។ សិស្សនិស្សិត ដែលចូលរួមក៏អាចនឹងមានឱកាសក្លាយជាកីឡាករ កីឡាការិនី ជម្រើសជាតិកម្ពុជា នាពេលអនាគតផងដែរ។
 
នាឱកាសនោះដែរ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា បានបញ្ជាក់ថាការចុះឈ្មោះរបស់សកលវិទ្យាល័យដែលចូលរួមការប្រកួតកីឡាសិស្សឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ បានបញ្ចប់ហើយនៅថ្ងៃទី១៣ ខែឧសភា ដោយក្នុងនោះ មានគ្រឹះស្ថានឧត្តមសិក្សាចំនួន៤៧ ចូលរួមប្រកួតប្រជែង។
 
ចំណោម៤៧គ្រឹះស្ថានឧត្តមសិក្សានោះ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុប ១៧៦៤នាក់ ដែលនឹងត្រូវប្រកួតប្រជែងក្នុង១៣ប្រភេទកីឡា លើ ១០៣វិញ្ញាសា៕

Tag:
 កីឡាឧត្តមសិក្សា
  វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com