សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ថៃចង់លក់​អង្ករ​សល់ពីអាណត្តិលោកស្រីយីងឡាក់ ដើម្បីប្រមូលលុយជូនជាតិ
14, May 2024 , 7:29 pm        
រូបភាព
ឧបនាយករដ្ឋមន្រ្តី Phumtham Wechayachai បង្ហាញសំណាកអង្ករក្នុងស្តុក១០ឆ្នាំ ។ រូបភាព ៖ X / Thai Enquirer
ឧបនាយករដ្ឋមន្រ្តី Phumtham Wechayachai បង្ហាញសំណាកអង្ករក្នុងស្តុក១០ឆ្នាំ ។ រូបភាព ៖ X / Thai Enquirer
រដ្ឋាភិបាលថៃ ចង់លក់អង្ករទាំងអស់ដែលមានក្នុងស្តុកសល់រយៈពេល ១០ឆ្នាំ ក្រោមកម្មវិធីឧបត្ថម្ភធនស្រូវរបស់អតីតនាយករដ្ឋមន្រ្តី យីងឡាក់ ស៊ីណាវ៉ាត់ ដើម្បីប្រមូលលុយចូលរតនាគារវិញ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Phumtham Wechayachai នៅថ្ងៃទី១៣ ខែឧសភា។

 
ការដេញថ្លៃអង្ករដែលនៅសល់ពីកម្មវិធីឧបត្ថម្ភធនស្រូវដ៏ចម្រូងចម្រាសក្រោមការគ្រប់គ្រងរបស់អតីតនាយករដ្ឋមន្ត្រីលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ អាចជួយឱ្យរដ្ឋាភិបាលបច្ចុប្បន្នរកចំណូលបានខ្លះ។ 
 
«ការណ៍នេះ​ល្អ​ជាង​ទុក​ឲ្យ​ខូច​អង្ករ​លែង​មាន​តម្លៃ»។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Phumtham Wechayachai បានសង្កត់ធ្ងន់បែបនេះ។ 
 
លោក Phumtham បានបន្តថា ក្រសួងពាណិជ្ជកម្មមិនមានសិទ្ធិក្នុងការប្រាប់ក្រុមហ៊ុនឯកជនណាដែលឈ្នះការដេញថ្លៃ ថាតើត្រូវធ្វើអ្វីជាមួយអង្ករនោះទេ។ បើតាមរដ្ឋមន្រ្តីពាណិជ្ជកម្មរូបនេះ មានរោងចក្រចម្រាញ់មួយចំនួនបានចាប់អារម្មណ៍ទិញអង្ករ ដើម្បីផលិតស្រា បន្ថែមពីលើអ្នកនាំចេញអង្ករ។
 
ឆ្លើយតបនឹងក្តីកង្វល់អំពីសារធាតុអាហ្វ្លាតុកស៊ីនក្នុងអង្ករអាយុ១០ឆ្នាំ ដែលអាចបង្កជាជំងឺមហារីកថ្លើមនោះ លោក Phumtham បានបញ្ជាក់ថា ប្រសិនបើគុណភាពអង្ករត្រូវបានកែលម្អតាមបច្ចេកវិជ្ជាទំនើប វានឹងមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់។
 
ពាក់ព័ន្ធរឿងនេះដែរ រដ្ឋមន្ត្រីការពារជាតិថៃលោក Sutin Klungsang នៅថ្ងៃដដែលនោះ បានបដិសេធព័ត៌មានដែលថា ក្រសួងការពារជាតិនឹងទិញអង្ករស្តុកនេះ ដើម្បីផ្តល់ទាហាន។ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់យោធភូមិភាគទី១៥ ក្នុងខេត្ត Phetchaburi លោក Sutin បានបញ្ជាក់ថា ទាហាននឹងទទួលបានអាហារមានគុណភាពល្អ នឹងមិនផ្តល់អង្ករដែលមានគុណភាពអន់នោះទេ។
 
កន្លងមក លោកនាយករដ្ឋមន្រ្ដី សេដ្ឋា ថាវីស៊ីន បាននិយាយថា រដ្ឋាភិបាលនឹងបញ្ជូនសំណាកអង្ករទាំងនេះទៅធ្វើតេស្តមន្ទីរពិសោធន៍ដើម្បីធានាសុវត្ថិភាព។ លោកសេដ្ឋា ក៏ធ្លាប់បរិភោគអង្ករនេះដែរ ដោយអះអាងថា មានរសជាតិល្អ។ 
 
អ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke ក៏បានបញ្ជាក់ដែរថា នាយកដ្ឋានវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើតេស្ដអង្ករនៅតាមឃ្លាំងនានាក្នុងខេត្ត Surin ដើម្បីបំបាត់កង្វល់ជុំវិញអង្ករឃ្លាំងស្តុកមិនមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ ឬលក់។ 
 
គួរបញ្ញាក់ថា កម្មវិធី​ឧបត្ថម្ភធន​តម្លៃ​ស្រូវ​របស់​រដ្ឋបាល​របស់​អតីត​នាយក​រដ្ឋមន្ត្រី យីងឡាក់ បាន​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​តម្លៃ​ខ្ពស់​ជាង​តម្លៃ​ទីផ្សារ ៥០ភាគរយ។ គោលនយោបាយនេះត្រូវបានគាំទ្រដោយកសិករ ប៉ុន្តែមានការរិះគន់ថាគោលនយោបាយនេះធ្វើឱ្យរដ្ឋខាតបង់ប្រហែល ៧-៨ពាន់លានដុល្លារ៕

Tag:
 ថៃ
  អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com