ជាតិ
សេដ្ឋកិច្ច
វិនិយោគិនអាល្លឺម៉ង់ សម្លឹងឱកាសវិនិយោគបន្ថែមនៅកម្ពុជា​
14, May 2024 , 7:59 pm        
រូបភាព
នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា កំពុងធ្វើបទបង្ហាញអំពីសក្កានុពលកម្ពុជា​ទៅកាន់វិនិយោគិនអាល្លឺម៉ង់។ រូបថត៖ CDC
នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា កំពុងធ្វើបទបង្ហាញអំពីសក្កានុពលកម្ពុជា​ទៅកាន់វិនិយោគិនអាល្លឺម៉ង់។ រូបថត៖ CDC
វិនិយោគិនមកពីអាល្លឺម៉ង់ កំពុងសម្លឹងឱកាសវិនិយោគបន្ថែមក្នុងវិស័យសំណង់ ទេសចរណ៍ ការផ្គត់ផ្គង់ទឹកស្អាត ការកែច្នៃឡើងវិញ ព័ត៌មានវិទ្យា វិនិយោគបៃតង និងរចនាសម្ព័ន្ធឧស្សាហកម្ម នៅកម្ពុជា។ គោលដៅនេះត្រូវបានបង្ហាញដោយលោក Alexander Ziehe ប្រធានសមាគមធុរកិច្ចអាល្លឺម៉ង់ (German Business Association- GBA) នៅចំពោះមុខលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា។​

 
លោក Alexander Ziehe បានដឹកនាំប្រតិភូធុរកិច្ចនិងវិនិយោគអាល្លឺម៉ង់ប្រមាណ៣០រូប មកស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា នាថ្ងៃទី១០ឧសភា ឆ្នាំ២០២៤។ ប្រតិភូទាំងនោះ​ គឺសុទ្ធតែជាអ្នកមានសកម្មភាពធុរកិច្ចនិងវិនិយោគក្នុងវិស័យកម្មន្តសាល បច្ចេកវិទ្យា បដិសណ្ឋារកិច្ច អប់រំ និងសេវាកម្ម នៅប្រទេសវៀតណាម។ 
 
បើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) វិនិយោគិនទាំងនោះចំណាប់អារម្មណ៍ខ្លាំងលើការវិនិយោគនៅកម្ពុជា​ ក្នុងវិស័យសំណង់ ទេសចរណ៍ ការផ្គត់ផ្គង់ទឹកស្អាត ការកែច្នៃឡើងវិញ ព័ត៌មានវិទ្យា វិនិយោគបៃតង និងរចនាសម្ព័ន្ធឧស្សាហកម្ម។ ​ 



ដើម្បីទាក់ទាញវិនិយគិនទាំងនោះ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា​នៃCDC បានបង្ហាញពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ព្រមទាំងច្បាប់និងអនុក្រឹត្យស្តីពីវិនិយោគ, វិស័យវិនិយោគអាទិភាព, ក្របខណ្ឌលើកទឹកចិត្តវិនិយោគ, ការចុះបញ្ជីនិងកិច្ចសម្រួលវិនិយោគ, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, គំរោងហេដ្ឋារចនាសម្ព័ន្ធនិងឡូជីស្ទីកសំខាន់ជាដើម។ ជាពិសេស​ លោកបានបង្ហាញពីការត្រៀមខ្លួនជាស្រេចរបស់CDC ក្នុងការផ្តល់ការគាំទ្រនានាដល់វិនិយោគិន។ 
 
«ការវិនិយោគពីអាល្លឺម៉ង់មកកម្ពុជា​ នឹងកំណើនបន្ថែមទៀតនាពេលអនាគតដ៏ខ្លី ខាងមុខ។ លោក នុត អ៊ុនវ័ណរ៉ា បានរំពឹងបែបនេះបន្ទាប់ពីជួបពិភាក្សាការងារជាមួយវិនិយោគអាល្លឺម៉ង់រួច។​
 
គួរជម្រាបថា ក្នុងរយៈពេល៤ខែមកនេះ​ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-អាល្លឺម៉ង់​ សម្រេចបានក្នុងទំហំជិត៣០០លានដុល្លារអាម៉េរិក ថយចុះជាង១១ភាគរយ ធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២៣​។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា​ទៅកាន់ប្រទេសក្នុងតំបន់អឺរ៉ុបមួយនេះ​មានប្រមាណ២៥៤លានដុល្លារ, រីឯការនាំចូលវិញមានជាង៤៥លានដុល្លារ៕ 

លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ រូបថត៖ CDC 

Tag:
 ពាណិជ្ជកម្ម
  វិនិយោគិន
© រក្សាសិទ្ធិដោយ thmeythmey.com