កីឡាជាតិ
ជាតិ
១២ឆ្នាំដ៏ស្វិតស្វាញ កម្ពុជាក្លាយជាម្ចាស់ផ្ទះវគ្គជម្រុះ Davis Cup ជាលើកដំបូង
14, May 2024 , 6:25 pm        
រូបភាព
សមាសភាពក្រុមកម្ពុជាក្នុងព្រឹត្តិការណ៍ជម្រុះ Davis Cup កាលពីឆ្នាំ២០១២។ រូបថត Davis Cup
សមាសភាពក្រុមកម្ពុជាក្នុងព្រឹត្តិការណ៍ជម្រុះ Davis Cup កាលពីឆ្នាំ២០១២។ រូបថត Davis Cup
Davis Cup ជាពានរង្វាន់កីឡាវាយកូនបាល់ពិភពលោក ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ (ITF)។ កម្ពុជាផ្តើមចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតផ្នែកបុរសដ៏អស្ចារ្យនេះ នាវគ្គជម្រុះកម្រិត៤ ប្រចាំតំបន់អាស៊ី/អូសេអានី (Davis Cup Asia/Oceania Zone Group IV) កាលពីឆ្នាំ២០១២ នៅក្រុងដូហា។ ក្រោយបង្ហាញវត្តមានអស់រយៈពេល១២ឆ្នាំ កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះលើកដំបូងសម្រាប់ការប្រកួតជម្រុះលំដាប់ពិភពលោក ដោយត្រូវស្វាគមន៍ភ្ញៀវ៧ប្រទេសផ្សេងទៀតនៅពហុកីឡដ្ឋានជាតិមរតកតេជោ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា។



បន្ទាប់ពីបានធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ និងការប្រកួតជើងឯក ITF Asian Junior Championships លើកដំបូង កាលពីឆ្នាំ២០២៣ ជាមួយនឹងលទ្ធផលប្រកបដោយផ្លែផ្កា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាត្រូវទទួលភារកិច្ចជាប្រវត្តិសាស្ត្រមួយថែមទៀត គឺស្វាគមន៍ព្រឹត្តិការណ៍ប្រកួតជម្រុះ Davis Cup Asia/Oceania Zone Group IV ឆ្នាំ២០២៤។



ក្រុមកីឡាករវាយកូនបាល់កម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិប៉ាណាម៉ា លោក Braen Aneiros ត្រូវស្វាគមន៍ក្រុមមកពីអ៊ីរ៉ាក់ កូវ៉ែត កៀហ្ស៊ីស៊ីស្ថាន មីយ៉ាន់ម៉ា កាតា ស្រីលង្កា និងអេមីរ៉ាតអារ៉ាប់រួម នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ការប្រកួតនឹងបែងចែកជាពីរពូលដែលមាន៤ក្រុម ហើយក្រុមលេខ១ពូល ត្រូវប្រកួតខ្វែងឆ្លាស់គ្នាជាមួយក្រុមលេខ២ពូល។ ក្រុមដែលឈ្នះក្នុងការប្រកួតខ្វែង ត្រូវឡើងទៅកាន់ការប្រកួតជម្រុះកម្រិត៣ (Group III) នាឆ្នាំបន្ទាប់។

លោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា  ការចាប់ឆ្នោតរើសពូលនឹងឆ្លងកាត់ការប្រជុំបច្ចេកទេសមួយថ្ងៃមុនការប្រកួតផ្លូវការ។ លោកបានអះអាងថា៖ «សម្រាប់ការប្រកួតកីឡាវាយកូនបាល់ រាល់ការប្រកួតអន្តរជាតិ ទាំងស៊ីហ្គេម ពិភពលោក ឬ Grand Slam ក៏ដោយ ការចែកពូលគឺធ្វើមួយថ្ងៃប៉ុណ្ណោះ មុនការប្រកួតផ្លូវការ»។

ការចាប់ផ្តើមដ៏អស្ចារ្យកាលពី១២ឆ្នាំមុន..

ក្រុមកីឡាករវាយកូនបាល់កម្ពុជា បានបង្ហាញវត្តមានលើកដំបូងក្នុងការប្រកួតវគ្គជម្រុះ Group IV នៃព្រឹត្តិការណ៍ David Cup កាលពីឆ្នាំ២០១២ នៅក្រុងដូហា ប្រទេសកាតា ជាមួយនឹងលទ្ធផលដ៏អស្ចារ្យ ដោយឈ្នះទាំង៤ប្រកួតក្នុងពូល ហើយបន្តឈ្នះវគ្គខ្វែង ដើម្បីឡើងទៅកាន់ Group III។

ស្ទើរគ្រប់ការបង្ហាញខ្លួនរបស់កម្ពុជានៅវគ្គជម្រុះ Davis Cup លោក ទេព រិទ្ធីវិត អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ទទួលបន្ទុកជាប្រធានក្រុមដែលមិនប្រកួត។ វត្តមានដំបូងនៅឆ្នាំ២០១២ នាទីលាន Khalifa International Tennis and Squash Complex នៅក្រុងដូហា ក្រុមកម្ពុជាដែលមានកីឡាករ ប៊ុន កេន្នី, ម៉ម បញ្ញារ៉ា, ម៉ម វិទូ និងឡុង សំនៀង ស្ថិតនៅពូល B ដោយបើកឆាកជាមួយនឹងជ័យជម្នះលើសិង្ហបុរី ៣-០, ស៊ីម្ចាស់ផ្ទះកាតា ២-១, ឈ្នះមីយ៉ាន់ម៉ា ៣-០ និងឈ្នះ ហ្ស៊កដានី ២-១។



កម្ពុជាក្នុងនាមជាក្រុមលេខមួយពូល B បានបន្តយកឈ្នះក្រុមលេខពីរពូល A តួកមេនីស្ថាន ក្នុងលទ្ធផល ៣-០ ហើយបានចាប់ដៃជាមួយអេមីរ៉ាតអារ៉ាប់រួមដែលបានយកឈ្នះតាកា ២-១ ទៅកាន់វគ្គជម្រុះកម្រិត III។

Group III ប្រចាំតំបន់អាស៊ី/អូសេអានី ៤ឆ្នាំជាប់គ្នា
ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ ក្រុមកីឡាវាយកូនបាល់កម្ពុជា បានរក្សាទីតាំងរបស់ខ្លួននៅវគ្គជម្រុះកម្រិត៣ប្រចាំតំបន់អាស៊ី/អូសេអានីនៃពានរង្វាន់ Davis Cup។ ជំនួបនៅតារាង Aviation Tennis Club ក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម នាឆ្នាំ២០១៣  កម្ពុជាស្ថិតនៅពូល B ដោយឈ្នះ២ ចាញ់១។



សមាសភាពកម្ពុជា មានការផ្លាស់ប្តូរតែម្នាក់ប៉ុណ្ណោះ គឺ កីឡាករខ្មែរ-អាម៉េរិក ម៉ម ផល្គុណ មានវត្តមានជំនួស ម៉ម វិទូ ខណៈ ប៊ុន កេន្នី, ម៉ម បញ្ញារ៉ា, ឡុង សំនៀង និងលោក ទេព រិទ្ធីវិត ដែលជាប្រធានក្រុម រក្សាឈ្មោះនៅដដែល។

កម្ពុជា បានចាញ់វៀតណាម ៣-០ នាការប្រកួតដំបូងក្នុងពូល ប៉ុន្តែបានយកឈ្នះម្ចាស់ផ្ទះអេមីរ៉ាតអារ៉ាប់រួម ២-១ និងឈ្នះក្រុមប៉ាស៊ីហ្វិកអូសេអានី ២-១ នាការប្រកួតបន្តបន្ទាប់។ ប៉ាស៊ីហ្វិកអូសេអានី (Pacific Oceania) គឺជាក្រុមដែលតំណាងឱ្យបណ្តាដែនកោះនៅទ្វីបអូសេអានី ដោយលើកលែងតែអូស្ត្រាលី នូវែលសេឡង់ និងនូវែលកាឡេដូនី ប៉ុណ្ណោះ។

ឈានដល់ការប្រកួតដណ្តើមកៅអីទៅកាន់កម្រិត២ (Group II) កម្ពុជាបានចាញ់ហុងកុង ២-១ និងចាញ់ម៉ាឡេស៊ី ៣-០។ ទោះយ៉ាងណា ក្រុមកម្ពុជារក្សាខ្លួននៅ Group III ដូចម៉ាឡេស៊ី, អេមីរ៉ាតអារ៉ាប់រួម និងអ៊ីរ៉ង់ ខណៈហុងកុង និងវៀតណាម ឡើងទៅ Group II រីឯ ប៉ាស៊ីហ្វិកអូសេអានី និងអូម៉ង់ ធ្លាក់ទៅ Group IV។

ឆ្នាំ២០១៤ ការប្រកួតជម្រុះ Davis Cup Asia/Oceania Zone Group III បានប្រព្រឹត្តទៅនៅកីឡដ្ឋាន Enghelab Sport Complex ក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ ដោយកម្ពុជាមិនមានការផ្លាស់ប្តូរសមាសភាពកីឡាករណាម្នាក់ឡើយ។



ស្ថិតនៅពូល A ក្រុមកម្ពុជា បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ក្នុងពូល ក្រោយឈ្នះ១ និងចាញ់២។ កម្ពុជា ផ្តើមដោយចាញ់ស៊ីរី ២-១ ហើយឈ្នះតួកមេនីស្ថាន ២-១ មុននឹងចាញ់ម៉ាឡេស៊ី ២-១។ កម្ពុជា ត្រូវតទល់ជាមួយសិង្ហបុរី ដើម្បីគេចចេញពីតំបន់កាត់ចោល។ ជាលទ្ធផល កម្ពុជាឈ្នះសិង្ហបុរី ២-១ ក្នុងជំនួបដ៏ស្វិតស្វាញ។

ក្រុមកម្ពុជា រួមជាមួយម៉ាឡេស៊ី ស៊ីរី និងតួកមេនីស្ថាន បន្តវត្តមាននៅ Group III ខណៈអ៊ីរ៉ង់ និងលីបង់ ឡើងទៅ Group II រីឯសិង្ហបុរី និងអេមីរ៉ាតអារ៉ាប់រួមធ្លាក់ទៅ Group IV។



នៅ Group III ដដែល នាឆ្នាំ២០១៥ កម្ពុជាស្វាគមន៍វត្តមានកីឡាករចំណូលថ្មី ឌឿម សុជាភារុន ជំនួស ម៉ម បញ្ញារ៉ា។ ស្ថិតនៅពូល B នៅទីលាន Kompleks Tenis Tun Razak ក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កម្ពុជាចាញ់ទាំង៣ប្រកួតក្នុងពូល ដោយចាញ់វៀតណាម ៣-០ ចាញ់ស៊ីរី ២-១ និងចាញ់តួកមេនីស្ថាន ២-១។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមកម្ពុជាអាចរក្សាកៅអីរបស់ខ្លួននៅ Group III ក្រោយឈ្នះកាតា ២-១ ស្របពេលដែលម៉ាឡេស៊ី និងវៀតណាម ឡើងទៅ Group II រីឯអារ៉ាប់សាអូឌីតធ្លាក់ទៅ Group IV។ តាមពិតទៅ តាកា ស្ថិតក្នុងតំបន់កាត់ចេញទៅហើយ ប៉ុន្តែពួកគេអាចនៅបន្តជាមួយកម្ពុជា ហុងកុង ស៊ីរី និងតួកមេនីស្ថាន បន្ទាប់គណៈកម្មការរៀបចំការប្រកួតសម្រេចបង្កើនចំនួនក្រុមក្នុង Group III ពី៨ទៅ៩ក្រុម។

២០១៦ ជាឆ្នាំទីបួនដែលកម្ពុជា មានវត្តមាននៅវគ្គជម្រុះ Group III ប្រចាំតំបន់អាស៊ី/អូសេអានី។ ព្រឹត្តិការណ៍ដែលរៀបចំសារជាថ្មីនៅកីឡដ្ឋាន Enghelab Sports Complex នាក្រុងតេហេរ៉ង់ កម្ពុជាធ្វើមិនបានល្អឡើយនៅក្នុងពូល B របស់ខ្លួន ដោយចាញ់៣ប្រកួត ហើយឈ្នះតែ១ប្រកួតប៉ុណ្ណោះ។



កីឡាករ តាន់ នីសាន់ មានវត្តមានជំនួស ឌឿម សុជាភារុន ខណៈ ប៊ុន កេន្នី, ម៉ម ផល្គុណ និងឡុង សំនៀង ស្ថិតនៅក្នុងបញ្ជីដដែល។ កម្ពុជាបានចាញ់ស៊ីរី ៣-០, ចាញ់លីបង់ ៣-០ បន្ទាប់មកឈ្នះសិង្ហបុរី ២-១ មុននឹងចាញ់កាតា ៣-០ ទៀត។

ជាមួយនឹងចំណាត់ថ្នាក់លេខ៤ក្នុងពូល កម្ពុជាត្រូវប្រកួត Playoff ដើម្បីគេចចេញពីតំបន់កាត់ចោល។ ប៉ុន្តែក្រោយការប្រកួតដ៏ស្វិតស្វាញ កម្ពុជាបានបន្តចាញ់តួកមេនីស្ថាន ២-១ ទាំងប្រផិតប្រផើយ។ កម្ពុជាត្រូវធ្លាក់ទៅលេង Group IV ជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំ រួមជាមួយសិង្ហបុរី ខណៈអ៊ីរ៉ង់ និងហុងកុង ឡើងទៅ Group II រីឯប៉ាស៊ីហ្វិកអូសេអានី តួកមេនីស្ថាន ស៊ីរី លីបង់ និងកាតា បន្តនៅ Group III។

ឈ្នះ ឈ្នះ ឈ្នះ ឈ្នះ និងឈ្នះ សារជាថ្មីនៅ Group IV
ដូចជាការបង្ហាញវត្តមានលើកដំបូងនៅឆ្នាំ២០១២ ផងដែរ ក្រុមកម្ពុជាវិលទៅរកកំណត់ត្រាមិនចាញ់សោះក្នុងជំនួបវគ្គជម្រុះ Davis Cup Group IV ប្រចាំតំបន់អាស៊ី/អូសេអានី។ ព្រឹត្តិការណ៍ឆ្នាំ២០១៧ នៅទីលានសហព័ន្ធកីឡាវាយកូនបាល់បារ៉ែន នាក្នុង Isa Town កម្ពុជាបានឈ្នះទាំង៤ប្រកួតនៅពូល A តាមរយៈលទ្ធផល ៣-០ លើម្ចាស់ផ្ទះបារ៉ែន, ២-១ លើអារ៉ាប៊ីសាអូឌីត, ៣-០លើមីយ៉ាន់ម៉ា និង ២-១ លើកៀរហ្ស៊ីស៊ីស្ថាន។

ប៊ុន កេន្នី, ម៉ម ផល្គុណ និងឡុង សំនៀង បន្តបង្ហាញវត្តមាន ប៉ុន្តែតំណែងរបស់ តាន់ នីសាន់ ត្រូវបានជំនួសដោយ ឱ សារិទ្ធ។ ឈានដល់ការប្រកួតវគ្គ Playoff កម្ពុជា បន្តយកឈ្នះអូម៉ង់លេខ២ពូល B ក្នុងលទ្ធផល ២-០ ដើម្បីវិលត្រឡប់ទៅកាន់ Group III វិញ ជាមួយអារ៉ាប៊ីសាអូឌីត ដែលបានយកឈ្នះសិង្ហបុរី ២-១។

ខកចិត្តនៅវៀតណាមនៅឆ្នាំ២០១៨
លទ្ធផលដ៏ល្អនៅបារ៉ែន បានប្រែទៅជាការខកចិត្តសម្រាប់ការប្រកួតជម្រុះ Group III ឆ្នាំ២០១៨ នៅកីឡដ្ឋាន My Dinh Sports Complex នាក្រុងហាណូយ ប្រទេសវៀតណាម។ កម្ពុជាស្វាគមន៍វត្តមានកីឡាករ គឹម ដេលតុន (ឈ្មោះពេញ គឹម ដេលតុន សុផាន់ណា) ជំនួស តាន់ នីសាន់។

ក្នុងចំណោមការប្រកួតទាំង៣លើកក្នុងពូល A កម្ពុជាឈ្នះ១ និងចាញ់២។ ចាញ់វៀតណាម ៣-០ នាជំនួបបើកឆាក ក្រោយមកឈ្នះក្រុមប៉ាស៊ីហ្វិកអូសេអានី ២-១ មុននឹងចាញ់ម៉ាឡេស៊ី ៣-០។ ក្រុមត្រូវធ្លាក់ទៅលេងនៅ Group IV ឡើងវិញ បន្ទាប់ពីបន្តចាញ់ អារ៉ាប៊ីសាអូឌីត ៣-០ នាជំនួប Playoff។

ខណៈហ្ស៊កដានី រួមដំណើរជាមួយកម្ពុជាទៅតស៊ូនៅ Group IV ក្រុមវៀតណាម និងកូវ៉ែត ឡើងទៅ Group II រីឯកាតា ម៉ាឡេស៊ី ស៊ីរី អារ៉ាប៊ីសាអូឌីត និងប៉ាស៊ីហ្វិកអូសេអានី បន្តនៅ Group III ដដែល។

Group IV ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ដោយជំនួបឆ្នា២០២០ ត្រូវបានលុបចោល


ការវិលទៅលេងវគ្គជម្រុះ Group IV សារជាថ្មី មិនងាយស្រួលដូចកាលពីឆ្នាំ២០១២ និងឆ្នាំ២០១៧ឡើយ ខណៈគូប្រជែងផ្សេងទៀត កាន់តែមានការត្រៀមខ្លួនខ្លាំងជាងមុន។ ការប្រកួតនៅឆ្នាំ២០១៩ ប្រព្រឹត្តទៅនៅទីលានសហព័ន្ធកីឡាវាយកូនបាល់ហ្ស៊កដានី នាក្រុង Amman។

នេះជាលើកដំបូងបើគិតចាប់តាំងពីឆ្នាំ២០១២មក ដែល ឡុង សំនៀង ស្ថិតនៅក្រៅបញ្ជី ស្របជាមួយនឹងវត្តមានសារជាថ្មីរបស់ តាន់ នីសាន់ ខណៈ ទេព ទីម៉ូធី ជំនួស គឹម ដេលតុន រីឯ ប៊ុន កេន្នី និងម៉ម ផល្គុណ បន្តបង្ហាញខ្លួន។



កម្ពុជាស្ថិតនៅពូល D ដោយឈ្នះ២ ចាញ់១ គឺចាញ់អេមីរ៉ាតអារ៉ាប់រួម ៣-០ នាជំនួបបើកឆាក ហើយបានយកឈ្នះតាហ្ស៊ីគីស្ថាន និងកៀហ្ស៊ីស៊ីស្ថាន ៣-០ ដូចគ្នានាជំនួបបន្តបន្ទាប់។ ក្នុងការប្រកួតដែលមានដល់ទៅ១៤ក្រុម ហើយចែកជា៤ពូល កម្ពុជាក្នុងនាមជាក្រុមលេខ២ក្នុងពូល អស់ឱកាសដណ្តើមកៅអីទៅកាន់ Group III ទៅហើយ។

ប៉ាស៊ីហ្វិកអូសេអានី និងហ្ស៊កដានី ជាសមាសភាពដែលបានឡើងទៅកាន់ Group III ខណៈកម្ពុជាបន្តចាញ់អារ៉ាប៊ីសាអូឌីត ២-១ នាការប្រកួតដណ្តើមចំណាត់ថ្នាក់ពីលេខ៥ទៅលេខ៨។

ក្រុង Ashgabat ប្រទេសតួកមេនីស្ថាន គឺជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ជម្រុះ Davis Cup Group IV តំបន់អាស៊ី/អូសេអានី ឆ្នាំ២០២០ ប៉ុន្តែត្រូវបានលុបចោលវិញ ដូចជំនួបធំៗផ្សេងទៀតដែលរៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ (ITF) យ៉ាងដូច្នោះដែរ ដោយសារតែការរាលដាលកូវីដ-១៩។

ឈានដល់ឆ្នាំ២០២១ កម្ពុជា និងក្រុមផ្សេងទៀតនៅ Group IV បានជួបគ្នានៅទីលានសហព័ន្ធកីឡាវាយកូនបារ៉ែន នាក្រុង Isa Town។ លោក ទេព រិទ្ធីវិត បន្តតួនាទីជាប្រធានក្រុមដែលមិនប្រកួត ដោយ ទេព ទីម៉ូធី បង្ហាញវត្តមានពីរលើកជាប់គ្នា រួមជាមួយរៀមច្បង ប៊ុន កេន្នី។ ឡុង សំនៀង មានវត្តមានឡើងវិញ ខណៈ ឃ្លាំង ពន្លក មានឱកាសបញ្ចេញសមត្ថភាពលើកដំបូង។

ក្រុមកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ២ពូល C ក្រោយចាញ់អ៊ីរ៉ង់ ៣-០ ឈ្នះកៀស៊ីហ្ស៊ីស្ថាន ២-១ និងឈ្នះយេម៉ែន ៣-០។ ឈានដល់ការប្រកួតដណ្តើមទៅកាន់ Group III កម្ពុជាបន្តចាញ់អារ៉ាប៊ីសាអូឌីត ២-១។ អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងអ៊ីរ៉ង់ ទទួលបានកៅអីទៅកាន់ Group III ខណៈកម្ពុជារួមជាមួយ៨ក្រុមផ្សេងទៀត បន្តរក្សាខ្លួននៅ Group IV។

នៅឆ្នាំ២០២២ កម្ពុជាមានសមាសភាពកីឡាករដល់ទៅ៥រូប ដោយកីឡាករខ្មែរអាម៉េរិក Mathew Krusling បង្ហាញខ្លួនលើកដំបូង ជាមួយ ប៊ុន កេន្នី, ឡុង សំនៀង, ឃ្លាំង ពន្លក និងទេព ទីម៉ូធី នៅក្រុង Isa Town ប្រទេសបារ៉ែន សារជាថ្មី។



នៅក្នុងពូល A កម្ពុជាបានឈ្នះទាំង៣ប្រកួត ក្នុងនោះលើតួកមេនីស្ថាន ២-១, លើម៉ុងហ្គោលី ៣-០ និងលើប៊ូតង់ ៣-០។ ឈានដល់ជំនួបឡើងទៅកាន់ Group III ក្រុមកម្ពុជាបន្តយកឈ្នះសិង្ហបុរី ២-១ បន្ថែមទៀត។

កម្ពុជា និងស្រីលង្កា ឡើងទៅកាន់ Group III ខណៈសិង្ហបុរី អ៊ីរ៉ាក់ គៀរហ្ស៊ីស្ថាន តួកមេនីស្ថាន ព្រុយណេ គូវែត បង់ក្លាដែស យេម៉ែន ហ្គាម ប៊ូតង់ ម៉ាល់ឌីវ ម៉ុងហ្គោលី ឡាវ និងបារ៉ែន បន្តលេងនៅ Group IV។

លោក ទេព រិទ្ធីវិត និងកីឡាករប៊ុន កេន្នី អវត្តមានលើកដំបូង
ជាលើកដំបូងបំផុតដែលសមាសភាពកីឡាវាយកូនបាល់កម្ពុជា គ្មានវត្តមានលោក ទេព រិទ្ធីវិត និងកីឡាករឆ្នើម ប៊ុន កេន្នី ក្នុងព្រឹត្តិការណ៍ជម្រុះ Davis Cup។ លោក ជា ពៅ ទទួលបន្ទុកជាប្រធានក្រុម ខណៈ ឡេង សារិនរាជ ស្ថិតក្នុងបញ្ជីលើកដំបូងជាមួយ ឡុង សំនៀង, ទេព ទីម៉ូឌី និងឃ្លាំង ពន្លក។

ក្នុងវគ្គជម្រុះ Group III ដែលប្រព្រឹត្តទៅនៅទីលានសមាគមកីឡាវាយកូនបាល់ស្រីលង្កា ក្រុងកូឡុំបូ កម្ពុជា ចាញ់ទាំង៣ប្រកួតក្នុងពូល A ជាមួយនឹងលទ្ធផល ៣-០ ដូចគ្នា ក្នុងជំនួបជាមួយក្រុមប៉ាស៊ីហ្វិកអូសេអានី, ហ៊្សកដានី និងម៉ាឡេស៊ី។

កម្ពុជា បានធ្លាក់ទៅកាន់ Group IV វិញ ជាមួយស្រីលង្កា ក្រោយចាញ់អារ៉ាប៊ីសាអូឌីត ៣-០។ អ៊ីរ៉ង់ ប៉ាស៊ីហ្វិកអូសេអានី និងវៀតណាម ឡើងទៅ Group II, ហ្ស៊កដានី ម៉ាឡេស៊ី និងអារ៉ាប៊ីសាអូឌីត រក្សាខ្លួននៅ Group III។

ប៊ុន កេន្នី ម្ចាស់កំណត់ត្រាសម្រាប់កម្ពុជាក្នុងចំណោមកីឡាករ១៣នាក់ដែលធ្លាប់បង្ហាញខ្លួន

កីឡាករខ្មែរបារាំង ប៊ុន កេន្នី ម្ចាស់មេដាយសំរឹទ្ធ៣ពីស៊ីហ្គេម បានបង្ហាញវត្តមាន១០លើកក្នុងព្រឹត្តិការណ៍ជម្រុះ Davis Cup។ បើគិតពីឆ្នាំ២០១២ ដល់ឆ្នាំ២០២២ កេន្នី ប្រកួតបានសរុប៥០លើកទាំងកម្រិត III និង IV ដោយឈ្នះ៣៦លើក និងចាញ់១៤លើក។ បើតាមកំណត់ត្រាផ្សាយនៅលើ daviscup.com ទាំងជ័យជម្នះរួម ទាំងឯកត្តជន (ឈ្នះ២៦ ចាញ់៩) និងជាគូ (ឈ្នះ១០ ចាញ់៥) គឺសុទ្ធតែជាកំណត់ត្រាដ៏ល្អបំផុតដែល កេន្នី ធ្វើបានសម្រាប់ក្រុមជម្រើសជាតិកម្ពុជា។



កើតនៅកំពង់ចាម ឡុង សំនៀង គឺជាកីឡាករទី២ដែលបង្ហាញខ្លួនច្រើនជាងគេសម្រាប់ក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ជម្រុះ Davis Cup ដោយមាន៩លើក។ ឆ្នាំ២០១៣ សំនៀង ស្ថិតក្នុងបញ្ជី ប៉ុន្តែមិនត្រូវបានជ្រើសរើសសម្រាប់ការប្រកួតណាមួយឡើយ ហើយអវត្តមានជាលើកដំបូងនៅឆ្នាំ២០១៩។ ក្នុងចំណោមការប្រកួត២៨លើក សំនៀង ឈ្នះ១០ប្រកួត ចាញ់១៨ប្រកួត (ឯកត្តជន ឈ្នះ៧លើក ចាញ់៨លើក, ជាក្រុម ឈ្នះ៣លើក ចាញ់១០លើក)។



កីឡាករខ្មែរអាម៉េរិក ម៉ម ផល្គុណ ធ្លាប់បង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ៧ឆ្នាំជាប់គ្នា ពោលគឺពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៩។ ផល្គុណ មានប្រវត្តិឈ្នះ១៤ប្រកួត និងចាញ់១៩ប្រកួត ក្នុងនោះឈ្នះ៨ ចាញ់៥លើការប្រកយតឯកត្តជន និងឈ្នះ៦ ចាញ់១៤លើការប្រកួតជាក្រុម។

កីឡាករខ្មែរអាម៉េរិក ទេព ទីម៉ូធី មានវត្តមាន៤លើកចុងក្រោយពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ជាមួយនឹងកំណត់ត្រាឈ្នះ៤ ចាញ់៩ (ឯកត្តជន ចាញ់៤ និងវាយគូ ឈ្នះ៤ ចាញ់៥)។ ឃ្លាំង ពន្លក និងម៉ម បញ្ញារ៉ា មានកំណត់ត្រាបង្ហាញខ្លួន៣លើកដូចគ្នា។ ៣ឆ្នាំចុងក្រោយ ពន្លកឈ្នះ២ប្រកួត និងចាញ់៤ប្រកួត (ឯកត្តជន ចាញ់២, ជាគូ ឈ្នះ២ ចាញ់២) រីឯបញ្ញារ៉ា ឈ្នះ៩ ចាញ់១០ (ឯកត្តជនឈ្នះ៦ ចាញ់៥, ជាគូឈ្នះ៣ ចាញ់៥)។



កីឡាករខ្មែរបារាំង តាន់ នីសាន់ ធ្លាប់បង្ហាញខ្លួននៅឆ្នាំ២០១៦ និងឆ្នាំ២០១៩ ដោយឈ្នះ៤ប្រកួត ចាញ់៧ប្រកួត។ កីឡាករ៦រូប ដែលធ្លាប់ស្ថិតក្នុងបញ្ជី១លើករួមមាន កីឡាករខ្មែរអាម៉េរិក ម៉ម វិទូ (ឆ្នាំ២០១២ ឈ្នះ១ ចាញ់២), កីឡាករ ឌឿម សុជាភារុន (ឆ្នាំ២០១៥ ចាញ់៥), កីឡាករ ឱ សារិទ្ធ (២០១៧ ឈ្នះ២ ចាញ់២), កីឡាករ គឹម ដែលតុន (ឆ្នាំ២០១៨ឈ្នះ១ ចាញ់៥), កីឡាករ គ្រូសលីន ម៉ាធីវ (ឆ្នាំ២០២២ ឈ្នះ៤ ចាញ់១), កីឡាករ ឡេង សារិនរាជ (ឆ្នាំ២០២៣ ចាញ់៥)។

ម្ចាស់ផ្ទះលើកដំបូងជាប្រវត្តិសាស្ត្រ..
ក្រុមពីរ៉ាក់ កូវ៉ែត កៀហ្ស៊ីស៊ីស្ថាន មីយ៉ាន់ម៉ា កាតា ស្រីលង្កា និងអេមីរ៉ាតអារ៉ាប់រួម នឹងភ្លក្សរសជាតិប្រកួតដំបូងនៅទឹកដីកម្ពុជាសម្រាប់ព្រឹត្តិការណ៍ជម្រុះ Davis Cup Group IV ប្រចាំតំបន់អាស៊ី/អូសេអានី។ លោក ទេព រិទ្ធីវិត វិលកាន់តួនាទីជាប្រធានក្រុមដែលមិនប្រកួត រួមជាមួយកីឡាករ ប៊ុន កេន្នី, ទេព ទីម៉ូធី, ឡេង សារិនរាជ, គ្រូសលីន ម៉ាធីវ និង ផានថាឡា ឡូកាស អាតថូ (Phanthala Lucas Arthur)។ ខណៈកីឡាករផ្សេងទៀត ធ្លាប់មានបទពិសោធន៍ប្រកួតកន្លងមក កីឡាករខ្មែរបារាំង ឡូកាស អាតថូ នឹងក្លាយជាកីឡាករទី១៤ របស់កម្ពុជាដែលស្ថិតក្នុងបញ្ជីនៃព្រឹត្តិការណ៍ប្រកួតជម្រុះ Davis Cup។



កម្ពុជារំពឹងវិលត្រឡប់សារជាថ្មីទៅកាន់កម្រិត III ហើយបន្តក្តីសង្ឃឹមទៅកាន់កម្រិត II ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

Davis Cup ព្រឹត្តិការណ៍ពិភពលោកដែលមានអាយុកាល១២៤ឆ្នាំ
Davis Cup ជាព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ពិភពលោក ដែលមានកំណើតចាប់តាំងពីឆ្នាំ១៩០០ មកម្ល៉េះ។ ឈ្មោះនេះ គឺយកលំនាំតាមឈ្មោះ Dwight Filley Davis Sr. អតីតកីឡាករវាយកូនបាល់ និងជាអ្នកនយោបាយអាម៉េរិក ដែលជាស្ថាបនិកពាន។

ប្រទេសចំនួន១៦ធ្លាប់ឈ្នះតំណែងជើងឯក ខណៈបច្ចុប្បន្នកាណាដាជាម្ចាស់ការពារជើងឯក ក្រោយឈ្នះអូស្ត្រាលី ២-០ នាវគ្គផ្តាច់ព្រ័ត្រនៅ Malaga កាលពីឆ្នាំ២០២២។ សហរដ្ឋអាម៉េរិក ជាក្រុមដែលឈ្នះជើងឯកច្រើនជាងគេ ដែលមាន៣២លើក ដោយនាំមុខអូស្ត្រាលី (២៨លើក), បារាំង (១០លើក), ចក្រភពអង់គ្លេស (១០លើក), ស៊ុយអែត (៧លើក), អេស្ប៉ាញ (៦លើក), រុស្ស៊ី, អាល្លឺម៉ង់ និងសាធារណរដ្ឋឆេក ៣លើកដូចគ្នា, អ៊ីតាលី និងក្រូអាស៊ី ធ្លាប់ឈ្នះ២លើករៀងៗខ្លួន ខណៈអាហ្សង់ទីន, ស៊ែប៊ី, ស្វីស, កាណាដា និងអាហ្វ្រិកខាងត្បូង សុទ្ធតែធ្លាប់ឈ្នះ១លើក៕




Tag:
 Davis Cup
© រក្សាសិទ្ធិដោយ thmeythmey.com