ជាតិ
ករណីបាញ់សម្លាប់ពេទ្យ៖ ក្រសួងសុខាភិបាល ស្នើអាជ្ញាធរឱ្យពង្រឹងសន្តិសុខតាមមណ្ឌលសុខភាព លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ រូបភាព៖ ហ្វេសប៊ុកក្រសួងសុខាភិបាល
× រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានស្នើឱ្យអភិបាលរាជធានី ខេត្តទាំងអស់ ការបន្តពង្រឹងសន្តិសុខ និងសុវត្ថិភាព ជូនមន្ត្រីបុគ្គលិកសុខាភិបាល ក៏ដូចជាអ្នកជំងឺនិងគ្រួសារដែលទទួលសេវា ឬស្នាក់នៅព្យាបាល នៅតាមមូលដ្ឋានសុខាភិបាល។ សំណើនេះ ធ្វើឡើង បន្ទាប់ពីមានគ្រូពេទ្យប៉ុស្តិ៍សុខភាពម្នាក់ ត្រូវបានជនល្មើសបាញ់សម្លាប់ នៅពេលប្រចាំការនៅពេលយប់។
លិខិតរបស់ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះថ្ងៃទី១៤ ខែឧសភា បញ្ជាក់ថា ក្រសួងសុខាភិបាល កំពុងជំរុញការផ្តល់សេវាសុខាភិបាល ២៤ម៉ោង ក្នុងមួយថ្ងៃ និង៧ថ្ងៃ ក្នុងមួយសប្តាហ៍ នៅគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់ ជាពិសេសការផ្តល់សេវាសុខាភិបាលជាសារវ័ន្ត និងការថែទាំសុខភាពបឋម នៅមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព។
ដើម្បីធានាបានសុវត្ថិភាពគ្រប់ពេលវេលា ដល់មន្ត្រី បុគ្គលិកសុខាភិបាល អ្នកជំងឺ និងក្រុមគ្រួសារប្រជា ពលរដ្ឋ និងប្រសិទ្ធភាពនៃការអនុវត្តនូវគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្រសួងសុខាភិបាល ស្នើឱ្យអភិបាលរាជធានីខេត្តទាំងអស់ ណែនាំដល់សមត្ថកិច្ច តាមប៉ុស្តិ៍នគរបាលគ្រប់មូលដ្ឋាល ឱ្យចុះល្បាតជាប់ជាប្រចាំ តាមកន្លែងសំខាន់ៗជុំវិញមូលដ្ឋានសុខាភិបាល ជាពិសេសមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដែលស្ថិតនៅតំបន់ដាច់ស្រយាល។
«ក្រសួងសុខាភិបាលសូម ឯកឧត្តម លោកជំទាវ មេត្តាបន្តណែនាំបន្ថែមទៀតដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសកម្លាំងសមត្ថកិច្ចតាមប៉ុស្តិ៍នគរបាលនៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ឱ្យចល័តចុះឃ្លាំមើលជាប់ជាប្រចាំតាមគ្រប់មធ្យោបាយជំនាញ នៅកន្លែងសំខាន់ៗជុំវិញមូលដ្ឋានសុខាភិបាល ជាពិសេសមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដែល ស្ថិតនៅតំបន់ដាច់ស្រយាលទាំងអស់ ដើម្បីឱ្យមន្ត្រី បុគ្គលិកសុខាភិបាល អ្នកជំងឺ និងក្រុមគ្រួសារប្រជាពលរដ្ឋ កាន់តែមានភាពកក់ក្តៅ ទាំងនៅពេលថ្ងៃ និងពេលយប់»។ នេះជាសំណូមពររបស់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយលោក ក៏មិនភ្លេចអរគុណ ចំពោះការប្រឹងប្រែងរបស់អ្នកពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន ដែលតែងតែយកចិត្តទុកដាក់ រក្សាសន្តិសុខ និងសុវត្ថិភាពជូនពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន នាពេលកន្លងមក។
សូមជម្រាបថា ហេតុការណ៍គ្រូពេទ្យប៉ុស្តិ៍សុខភាព ត្រូវបានបាញ់សម្លាញ់នេះ កើតឡើងនៅយប់ថ្ងៃទី១២ ឧសភា នៅប៉ុស្តិ៍សុខភាពអណ្តូងក្រឡឹង ដែលស្ថិតឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយសារជនសង្ស័យ និងជនរងគ្រោះរងគ្រោះ ដែលជាគូស្នេហ៍នឹងគ្នា ឈ្លោះប្រកែកគ្នា។ ហេតុការណ៍នេះ ក៏មានជនរងគ្រោះម្នាក់ទៀត ដែលត្រូវជាកូនស្រីរបស់ជនរងគ្រោះដែលបាត់បង់ជីវិតនោះ រងរបួសផងដែរ។
ក្រសួងសុខាភិបាល ក៏បានចេញលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់អ្នក គ្រូពេទ្យរងគ្រោះ និងបង្ហាញការសោកស្តាយចំពោះការបាត់បង់សមាជិកក្រុមគ្រួសារ ម្តាយ មិត្តរួមការងារជាទីស្រឡាញ់ ជាពិសេសបាត់បង់នូវធនធានមនុស្សសុខាភិបាលមួយរូប នៃប៉ុស្តិ៍សុខភាពអណ្តូងក្រឡឹង ក្នុងខេត្តមណ្ឌលគិរី ដែលជាធនធានមនុស្សដ៏ល្អក្នុងវិស័យ ធនធានមនុស្សសុខាភិបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com