សង្គមអន្តរជាតិ​
អន្តរជាតិ
ស្រ្តីជនជាតិចិនម្នាក់ជាប់គុក ៦ខែ ពីបទដាំអាភៀនទុកដាក់ស៊ុបហឹរ
15, May 2024 , 8:39 pm        
រូបភាព
រូបភាព ៖ South China Morning Post
រូបភាព ៖ South China Morning Post
ស្រ្តីជនជាតិចិនម្នាក់ឈ្មោះ Zhang រស់នៅខេត្ត Guizhou ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៦ ខែ ពីបទដាំអាភៀនចំនួន ៩០០ដើមនៅលើដំបូលអគារផ្ទះ ដើម្បីទុកធ្វើគ្រឿងទេសស៊ុបហឹរ។

 
តុលាការប្រជាជនស្រុក Taijiang ខេត្ត Guizhou បានប្រកាសសាលក្រមខាងលើនៅថ្ងៃទី២៥ ខែមេសា។ យោងតាមឯកសារដែលបានចែករំលែកនៅលើគណនី WeChat ផ្លូវការរបស់តុលាការ ស្ត្រីឈ្មោះ Zhang បានដាំដើមអាភៀនជាង ៩០០ដើម ដោយសារតែអ្នកស្រីគិតថា នេះជាគ្រឿងទេសដ៏ឈ្ងុយឆ្ងាញ់សម្រាប់ស៊ុប។ អ្នកស្រី Zhang បានទិញគ្រាប់ពូជពីឪពុករបស់ខ្លួនក្នុងខែតុលា ឆ្នាំ២០២៣។
 
ប៉ូលិស​ស្រុក Taijiang បាន​រក​ឃើញ​រុក្ខជាតិ​គួរ​ឲ្យ​សង្ស័យ​ជាង ៩០០ដើម​ក្នុង​អំឡុង​ពេល​ដើរ​ល្បាតដោយបង្ហោះដ្រូន​ក្នុង​តំបន់​ កាលពី​ខែ​កុម្ភៈ​។
 
កាល​ពី​ថ្ងៃ​ទី​១ ខែ​មេសា តុលាការ​សាលា​ដំបូង​ស្រុក Taijiang បាន​ចោទ​ប្រកាន់​លោកស្រី Zhang ជា​ផ្លូវ​ការ​ពី​បទ​ដាំ​អាភៀន​ខុស​ច្បាប់។ តុលាការបានប្រកាសថាលោកស្រី Zhang មានទោស។ ទោះជាយ៉ាងណាក៏ដោយ តុលាការក៏បានពិចារណានូវវិប្បដិសារី និងកិច្ចសហប្រតិបត្តិការរបស់លោកស្រីអំឡុងពេលស៊ើបអង្កេតដែរ។ ដូច្នេះនៅទីបញ្ចប់ តុលាការបានបានសម្រេចកាត់ទោសលោកស្រី Zhang ឱ្យជាប់ពន្ធនាគារ ៦ខែ ព្យួរទោសមួយឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤០០ដុល្លារ។ 
 
យោងតាមច្បាប់របស់ចិន ប្រជាជនដែលបានដាំអាភៀនចន្លោះពី ៥០០ដើម ទៅ៣០០០ដើមអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ ហើយការដាំលើសពី៣០០០ដើម អាចប្រឈមនឹងការជាប់ពន្ធនាគារពី៥ឆ្នាំ ឬច្រើនជាងនេះ។
 
ចាប់ពីខែមករា ឆ្នាំ២០២០ ដល់ខែមេសា ឆ្នាំ២០២១ អាជ្ញាធរចិនបានដោះស្រាយករណីឧក្រិដ្ឋកម្មចំនួន ១៥៥ករណីពាក់ព័ន្ធនឹងការបន្ថែមអាភៀនទៅក្នុងម្ហូបអាហារ។ ក្នុងឆ្នាំ ២០១៦ ភោជនីយដ្ឋានចំនួន ៣៥នៅទូទាំងប្រទេស រួមទាំងភោជនីយដ្ឋានស៊ុបហឹរដ៏ល្បីមួយនៅទីក្រុងប៉េកាំង ត្រូវបានស្រាវជ្រាវឃើញថាមានការប្រើប្រាស់អាភៀនសម្រាប់គ្រឿងទេស។ ក្នុងឆ្នាំដដែលនោះ អ្នកលក់ដូរតាមដងផ្លូវក្នុងទីក្រុង Jiangsu ត្រូវបានកាត់ទោសឱ្យជាប់គុក៧ខែ បន្ទាប់ពីត្រូវបានរកឃើញថាបានដាក់ម្សៅអាភៀននៅក្នុងអាហារ៕ 

Tag:
 ចិន
  អាភៀន
© រក្សាសិទ្ធិដោយ thmeythmey.com