ជាតិ
លោក ហ៊ុន ម៉ានី បន្តតាមដានការប្រឡងគ្រូអនុវិទ្យាល័យ ដំណាក់កាលទី២ ដើម្បីធានាប្រសិទ្ធភាព លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។
× ភ្នំពេញ៖ នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់ថ្នាក់អនុវិទ្យាល័យ ក្នុងដំណាក់កាលទី២ នឹងចាប់ផ្ដើម។ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំ នៅថ្ងៃទី១៦ ឧសភា ដើម្បីជំរុញឱ្យការប្រឡងប្រព្រឹត្តទៅដោយរលូន។
បន្ទាប់ពីរកឃើញបេក្ខជនចំនួន ១ ៣២៣នាក់ ដែលប្រឡងជាប់ក្នុងដំណាក់កាលទី១ ក្រសួងមុខងារសាធារណៈ នឹងរៀបចំការប្រឡងសម្រាប់វិញ្ញាសាសរសេរលើកទី២ នៅថ្ងៃទី១៨ ខែឧសភា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ដល់ម៉ោង៥ល្ងាច។ ដំណើរការប្រឡងលើកទី២នេះ នឹងសម្រាំងយកបេក្ខជនចំនួន ៤៤១នាក់ប៉ុណ្ណោះ ដែលអាចក្លាយខ្លួនជាគ្រូបង្រៀន។
រូបភាពពីក្រសួងមុខងារសាធារណៈ
មិនខុសពីការប្រឡងមុនៗឡើយ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង តែងតែដឹកនាំកិច្ចប្រជុំធ្វើវឌ្ឍនភាពការងារ និងជម្រះមន្ទិល ឬបញ្ហាប្រឈមនានា នៅមុនពេលប្រឡង។ នៅក្នុងកិច្ចប្រជុំនេះ ក៏បានគិតគូរអំពីបញ្ហាប្រឈមនានា ដែលកើតឡើងចំពោះមុខ ។
បើតាមក្រសួងមុខងារសាធារណៈ កិច្ចប្រជុំនេះ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេសទាំងអស់ ដែលធ្វើឱ្យការប្រឡងក្នុងដំណាក់កាលទី១ បញ្ចប់ដោយរលូន។ រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ចាត់ទុកសមិទ្ធផលទាំងនេះ បានមកពីកិច្ចសហការគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពប្រឆាំងអំពើពុករលួយនាពេលកន្លងមក៕
Tag:
គ្រូអនុវិទ្យាល័យ
អប់រំ
មុខងារសាធារណៈ
កំណែទម្រង់
© រក្សាសិទ្ធិដោយ thmeythmey.com