អន្តរជាតិ
ក្លាយជាដៃគូយុទ្ធសាស្រ្ត កូរ៉េខាងត្បូងពង្រីកកម្ចីឱ្យកម្ពុជាដល់៣ពាន់លានដុល្លារសម្រាប់ពេល៨ឆ្នាំ
16, May 2024 , 4:18 pm        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា(ឆ្វេង) ចាប់ដៃជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល នៅក្រុងសេអ៊ូល នៅថ្ងៃទី១៦ ខែឧសភា។ រូបភាព STPM
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា(ឆ្វេង) ចាប់ដៃជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល នៅក្រុងសេអ៊ូល នៅថ្ងៃទី១៦ ខែឧសភា។ រូបភាព STPM
កម្ពុជា និងកូរ៉េខាងត្បូង បានឯកភាពដំឡើងទំនាក់ទំនងទ្វេភាគីទៅកម្រិតភាពជាដៃគូយុទ្ធសាស្រ្ត។ នេះបើតាមសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងកូរ៉េខាងត្បូងចេញនៅថ្ងៃទី១៦ ខែឧសភា ស្របពេលដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត នៅប្រទេសអាស៊ីបូព៌ាមួយនេះឈានដល់ថ្ងៃទី២។ ទន្ទឹមនេះ ក្រុងសេអ៊ូល បានពង្រីកទំហំកម្ចីពី១,៥ពាន់លានដុល្លារ ដល់៣ពាន់លានដុល្លារដល់កម្ពុជាផងដែរក្នុងរយៈពេលចន្លោះ២០២២ ដល់២០៣០។

 
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកប្រធានាធិបតី យូន សុកយ៉ល បានឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្រ្ត និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាច្រើនទៀតដូចជា ការពារជាតិ, សន្តិសុខ, សង្គម, សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងការអភិវឌ្ឍជាដើម។
 
«ភាគីទាំងពីរ បានឯកភាពដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងទៅភាពជាដៃគូយុទ្ធសាស្រ្ត»។ សេចក្តីថ្លែងការណ៍រួម ដែលចេញនៅថ្ងៃទី១៦ ខែឧសភា បានបញ្ជាក់បែបនេះ។ 
 
ស្របពេលទំនាក់ទំនងទ្វេភាគីកាន់តែល្អ រដ្ឋាភិបាលក្រុងសេអ៊ូល បានបន្ត និងពង្រីកទំហំកម្ចីដល់កម្ពុជាពី១,៥ពាន់លានដុល្លារ ពីចន្លោះឆ្នាំ២០២២ ដល់២០២៦ ទៅ៣ពាន់លានដុល្លារពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣០ ដែលជាផ្នែកមួយនៃការចុះហត្ថលេខាលើឯកសារចំនួន៦។ កម្ចីបែបនេះ ស្ថិតនៅក្នុងមូលនិធិកិច្ចសហប្រតិបត្តិអភិវឌ្ឍសេដ្ឋកិច្ច (EDCF)។

ជំនួបថ្នាក់ដឹកនាំកម្ពុជា និងកូរ៉េខាងត្បូង។ រូបភាព STPM

ពាក់ព័ន្ធនឹងវិស័យការពារជាតិ កម្ពុជាបានបង្ហាញការស្វាគមន៍ចំពោះផែនការរបស់កងទ័ពជើងទឹកកូរ៉េខាងត្បូង ដែលចង់ចូលចតនៅកម្ពុជាក្នុងឆ្នាំនេះ។ បើតាមសេចក្តីថ្លែងការណ៍រួម វត្តមានកងទ័ពជើងទឹកកូរ៉េខាងត្បូងចូលចតនៅកម្ពុជា នឹងជាឱកាសសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ 
 
លើសពីនេះ ភាគីទាំងពីរ បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារ តាមរយៈការផ្តោះប្តូរមន្រ្តីជាន់ខ្ពស់, ការហ្វឹកហាត់, កិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម និងសមយុទ្ធ។ 
 
ដោយឡែក នៅក្នុងបញ្ហាតំបន់វិញ កម្ពុជាបានបង្ហាញការគាំទ្រសំណើរបស់កូរ៉េខាងត្បូង ដែលស្នើបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមួយអាស៊ាន នៅក្នុងឆ្នាំ២០២៤។ លើសពីនេះ កម្ពុជា និងកូរ៉េខាងត្បូង បានអំពាវនាវឱ្យកូរ៉េខាងជើងគោរពរាល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ និងសង្កត់ធ្ងន់ពីភាពចាំបាច់នៃកិច្ចពិភាក្សា ដើម្បីរក្សាស្ថិរភាព និងសន្តិភាពក្នុងតំបន់។
 
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូងមានទំហំប្រមាណ ៧៥១លានដុល្លារ នៅក្នុងឆ្នាំ២០២៣។ កម្ពុជានាំចេញទៅកូរ៉េខាងត្បូងមានចំនួន ២៨១លានដុល្លារ និងនាំចូលពីប្រទេសមួយនេះមានទំហំ ៤៧០លានដុល្លារ៕

Tag:
 កូរ៉េខាងត្បូង
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com