ជាតិ
ក្រោយប្រឈមអាកាសធាតុក្តៅ! ថៃព្រមានជំនន់ទឹកភ្លៀងនៅខេត្តចំនួន២៦
18, May 2024 , 6:41 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
អាជ្ញាធរថៃ បានជូនដំណឹងទៅកាន់ប្រជាជននៅក្នុងខេត្តចំនួន២៦ ពីជំនន់ទឹកភ្លៀង ដោយផ្តើមពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែឧសភា។ ដោយបារម្ភពីបញ្ហាទឹកជំនន់ រដ្ឋបាលក្រុងបាងកក បានស្តារប្រព័ន្ធទឹក និងដាក់ម៉ាស៊ីនបូមទឹកជាច្រើនកន្លែង។

 
បន្ទាប់ពីរងសីតុណ្ហភាពក្តៅខ្លាំងនៅក្នុងប្រទេស ពេលនេះ ថៃបានបង្ហាញពីក្តីបារម្ភពាក់ព័ន្ធនឹងជំនន់ទឹកភ្លៀងវិញម្តង។ អ្នកនាំពាក្យរដ្ឋាភិបាលរង លោក Karom Phonphonklang កម្រិតភ្លៀងធ្លាក់ខ្លាំង អាចកើតមាននៅក្នុងខេត្តចំនួន ២៦ ដោយក្នុងនោះមានខេត្តនៅភាគខាងជើង ខាងត្បូង និងកណ្តាល ខណៈទីក្រុងកក ក៏ប្រឈមនឹងជំនន់នេះដែរ។ 
 
«នាយកដ្ឋានគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយ បានពង្រាយក្រុមឆ្លើយតបនឹងស្ថានភាពអាសន្ន នៅក្នុងខេត្តទាំងនោះ ហើយថែមទាំងបំពាក់ឧបករណ៍សម្រាប់ជួយសង្រ្គោះផងដែរ»។ កាសែតបាងកកប៉ុស្តិ៍ បានស្រង់សម្តីអ្នកនាំពាក្យរង ដែលបានជូនដំណឹងនៅថ្ងៃទី១៧ ខែឧសភាបែបនេះ។ 
 
ទន្ទឹមនេះ មន្រ្តីខាងលើ បានទទូចឱ្យប្រជាជនតាមដានព័ត៌មានអាកាសធាតុ និងមានស្មារតីប្រុងប្រយ័ត្ន រួមទាំងគោរពតាមការណែនាំរបស់អាជ្ញាធរ ដើម្បីរក្សាសុវត្ថិភាព។ 
 
ចំណែករដ្ឋបាលក្រុងបាងកកវិញ ក៏ដាក់ចេញវិធានការមួយចំនួនផងដែរ ដើម្បីបង្ការជំនន់ទឹកភ្លៀងនៅក្នុងរាជធានី។ អាជ្ញាធរ បានស្តារប្រព័ន្ធលូរ និងព្រែក។ បន្ថែមពីនេះ រដ្ឋបាលក្រុងបាងកក បានដាក់ម៉ាស៊ីនប៉ូមទឹកជាច្រើនគ្រឿង រួមទាំងតាមដានស្ថានីយបូមទឹកយ៉ាងម៉ត់ចត់ថែមទៀត៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com