សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
កាណាដាពិចារណាដំឡើងពន្ធតាមអាម៉េរិក លើរថយន្តអគ្គិសនីចិន
20, May 2024 , 1:59 pm        
រូបភាព
ការតាំងបង្ហាញរថយន្តអគ្គិសនីចិន BYD នៅបែលហ្ស៊ិក។ រូបភាព ៖ Xinhua
ការតាំងបង្ហាញរថយន្តអគ្គិសនីចិន BYD នៅបែលហ្ស៊ិក។ រូបភាព ៖ Xinhua
កាណាដាកំពុងសិក្សាពីលទ្ធភាពនៃការបង្កើនពន្ធលើរថយន្តអគ្គិសនី ដែលផលិតនៅចិន  បន្ទាប់ពីអាម៉េរិកបានដាក់ពន្ធលើសពី ១០០ភាគរយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CBC ។

 
រដ្ឋមន្ត្រីពាណិជ្ជកម្មកាណាដា លោកស្រី Mary Ng បាននិយាយថា លោកស្រីកំពុងពិចារណាលើបញ្ហានេះយ៉ាងប្រុងប្រយ័ត្ន ដោយមានការសន្ទនាបើកចំហជាមួយអាម៉េរិក។ បច្ចុប្បន្ន រថយន្ត​អគ្គិសនី​របស់​ចិន ​ដែល​នាំ​ចូល​​ប្រទេស​កាណាដា ត្រូវ​ទទួល​បាន​អត្រា​ពន្ធ​ប្រមាណ​តែ​៦ភាគរយប៉ុណ្ណោះ។ ប្រជាជនកាណាដា ក៏រីករាយនឹងកម្មវិធីឧបត្ថម្ភធនរបស់សហព័ន្ធ​ នៅពេលទិញរថយន្តអគ្គិសនី ដែលផលិតពីបរទេស។
 
ការ​សម្រេច​ចិត្ត​របស់​កាណាដា​កើត​ឡើង​ បន្ទាប់​ពី​ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃឌិន បាន​ដំឡើង​ពន្ធ​យ៉ាង​ខ្លាំង​លើ​ការ​នាំ​ចូលទំនិញ​របស់​ចិន​តម្លៃ ១៨ ពាន់​លាន​ដុល្លារ។ ជាពិសេស រថយន្តអគ្គិសនីផលិតនៅចិន បានបង្កើនពន្ធចំនួន៤ដង ដែលធ្វើឲ្យអត្រាពន្ធសរុប មានរហូតដល់ ១០២,៥ភាគរយ។
 
ថ្លែងទៅកាន់សារព័ត៌មាន CBC នៅថ្ងៃទី១៨ ខែឧសភា រដ្ឋមន្ត្រីឧស្សាហកម្មកាណាដា លោក François-Philippe Champagne បានបញ្ជាក់ថា ទីក្រុងអូតាវ៉ាកំពុងពិចារណាគ្រប់វិធានការ បន្ទាប់ពីអាម៉េរិកបានប្រកាសថា ខ្លួននឹងដំឡើងពន្ធលើរថយន្តអគ្គិសនីរបស់ចិន និងទំនិញពាក់ព័ន្ធផ្សេងទៀត។ បើតាមរដ្ឋមន្ត្រីរូបនេះ លទ្ធភាពដែលកាណាដា អាចដាក់អត្រាពន្ធស្រដៀងគ្នានេះ គឺមិនអាចបដិសេធបានទេ។
 
«វាជាការត្រឹមត្រូវក្នុងការនិយាយថាអ្វីគ្រប់យ៉ាង ដើម្បីការពារឧស្សាហកម្មនិងកម្មករ។ យើងកំពុងធ្វើការស្របគ្នាជាមួយអាម៉េរិក។ កាណាដានឹងមិនមែនជាទ្វារក្រោយសម្រាប់ចិន ក្នុងការចូលទៅកាន់ទីផ្សាររថយន្តអគ្គិសនី នៅអាម៉េរិកខាងជើងនោះទេ»។​ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានសង្កត់ធ្ងន់បែបនេះ។
 
ស្រដៀងអាម៉េរិកដែរ រថយន្តអគ្គិសនីនៅតែមានចំណែកតូចមួយ នៃទីផ្សាររថយន្តកាណាដា។ កាលពីឆ្នាំមុន រថយន្តអគ្គិសនី និងកូនកាត់ (Hybrid) មានចំនួន ១៨៥ពាន់គ្រឿង បានចាប់ផ្តើមដំណើរការនៅក្នុងប្រទេសកើនឡើងជិត ៥០ភាគរយ បើធៀបនឹងឆ្នាំ២០២២ ។ ក្នុងនោះមាន ១១ភាគរយនៃចំនួនយានយន្តសរុប ដែលបានចុះបញ្ជីថ្មី។
 
ក្នុង​ចំណោម​ប្រទេស​អាស៊ី​ ដែល​នាំ​ចេញ​រថយន្ត​អគ្គិសនី​ទៅ​កាណាដា គឺជប៉ុន និង​កូរ៉េ​ខាង​ត្បូង ​កំពុងនាំមុខទីផ្សារ។ ម៉ាកយីហោក្នុងស្រុករបស់ចិន មានភាពល្អប្រសើរនៅក្នុងប្រទេសម៉ិកស៊ិក ដែលជាអ្នកជិតខាងរបស់អាម៉េរិក ហើយក៏ជាទីកន្លែងដែលរថយន្តតម្លៃទាបពីក្រុមហ៊ុន BYD និងក្រុមហ៊ុន Anhui Jianghuai Automobile មានប្រជាប្រិយភាពក្នុងទសវត្សរ៍កន្លងមក។
 
រថយន្តអគ្គិសនីដែលផលិតនៅចិន ហើយនាំចូលទៅកាណាដា ភាគច្រើនជារថយន្តក្រុមហ៊ុនអាម៉េរិក Tesla ដែលផលិតនៅទីក្រុងសៀងហៃ មានចំនួន ៤៤ ៤០០គ្រឿងកាលពីឆ្នាំមុន។ សហគ្រាសឧស្សាហកម្មរថយន្តក្នុងស្រុក មិនសូវជាពេញចិត្តចំពោះការនាំចូលនេះទេ៕ 

Tag:
 កាណាដា
  រថយន្តអគ្គិសនី
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com