ជាតិ
អន្តរជាតិ
ប្រមុខការទូតកម្ពុជា នឹងបំពេញទស្សនកិច្ចនៅចិនរយៈពេល ៣ថ្ងៃ
21, May 2024 , 3:26 pm        
រូបភាព
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសកម្ពុជា លោក សុខ ចិន្តាសោភា (ស្តាំ) ចាប់ដៃជាមួយលោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន នៅក្រុងភ្នំពេញ ក្នុងខែមេសា។ រូបភាពក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសកម្ពុជា លោក សុខ ចិន្តាសោភា (ស្តាំ) ចាប់ដៃជាមួយលោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន នៅក្រុងភ្នំពេញ ក្នុងខែមេសា។ រូបភាពក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក សុខ ចិន្តាសោភា នឹងបំពេញទស្សនកិច្ចនៅចិនរយៈពេល ៣ថ្ងៃ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក​ Wang Wenbin នៅថ្ងៃទី២១ ខែឧសភា។

 
មួយខែបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិននៅកម្ពុជា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងបំពេញទស្សនកិច្ចនៅចិនវិញ រយៈពេល ៣ថ្ងៃ។ 
 
«តាមការអញ្ជើញរបស់លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក សុខ ចិន្តាសោភា នឹងធ្វើទស្សនកិច្ចនៅចិនចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា»។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីប្រកាសចេញនៅថ្ងៃទី២១ ខែឧសភា។ 
 
ក្នុងនាមជាមិត្តដែកថែប ទំនាក់ទំនងរដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងភ្នំពេញ មានភាពជិតស្និទ្ធយ៉ាងខ្លាំង ខណៈកិច្ចសហប្រតិបត្តិការទ្វេភាគី​ មានលើវិស័យជាច្រើន។ បន្ថែមពីនេះ ភាគីទាំងពីរ បានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដើម្បីទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរកាន់តែច្រើនឡើង។ 
 
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ កាលពីខែមេសា លោកវ៉ាង បានប្រាប់លោក សុខ ចិន្តាសោភាថា ចិនប្តេជ្ញា ពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យជាច្រើន, ធ្វើឱ្យប្រសើរឡើងលើការរួបរួម រួមទាំងទទូចឱ្យប្រឆាំងលើឧក្រិដ្ឋកម្មឆ្លងព្រំដែន និងការឆបោកតាមអ៊ីនធឺណិតជាដើម។ 
 
សូមបញ្ជាក់ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន នៅក្នុងឆ្នាំ២០២៣ មានចំនួន១២,២៦ពាន់លានដុល្លារ ដោយកម្ពុជានាំទៅចិនចំនួន ១,៤៧ពាន់លានដុល្លារ ហើយចិននាំមកកម្ពុជាមានចំនួន ១០,៧៨ពាន់លានដុល្លារ៕

Tag:
 ចិន
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com