កីឡាជាតិ
ជាតិ
គិរីវង់សុខសែនជ័យ រុះរើប្រព័ន្ធថ្មីទ្រង់ទ្រាយធំ ប្រជែងលីគរដូវកាលក្រោយ
21, May 2024 , 5:29 pm        
រូបភាព
លោក សាប៊ូន វិនតា គ្រូបង្វឹកគិរីវង់សុខសែនជ័យ រូបពីCambodian Premier League
លោក សាប៊ូន វិនតា គ្រូបង្វឹកគិរីវង់សុខសែនជ័យ រូបពីCambodian Premier League
ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ បានចែកផ្លូវជាមួយកីឡាករ ៨រូបក្រោយចប់រដូវកាល២០២៣-២០២៤ នៃលីគកំពូលកម្ពុជា។ លោក សាប៊ូន វិនតា គ្រូបង្វឹកក្លិបមានទីតាំងខេត្តតាកែវមួយនេះ មើលឃើញថា លីគកំពូលកម្ពុជា កាន់តែមានការប្រកួតប្រជែង ព្រោះតែការវិវឌ្ឍគុណភាពក្លិបនីមួយៗ ស្របពេលគិរីវង់ធ្វើកំណែទម្រង់ទ្រង់ទ្រាយធំ ដើម្បីឲ្យប្រព័ន្ធលេងមានគុណភាព សម្រាប់លីគរដូវកាលក្រោយ។



គិតត្រឹមថ្ងៃទី២១ ខែឧសភា ក្លិបគិរីវង់សុខសែនជ័យ បានចែកផ្លូវជាមួយកីឡាករ ៨រូប រួមមាន៖ Zenivio Concelcao Mota, Anto Okamura, Elsayed Abdelfattah, ម៉ុន វ៉ាន់ដា, ឡាយ អៀងលី, ទួត សារ៉ូត, ជា វ៉ានសាក់ និងកីឡាករ Nobiraki Deiransupensa។
 
លោក សាប៊ូន វិនតា បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា កំណែទម្រង់ប្រព័ន្ធលេង គឺមិនប៉ះពាល់ក្នុងការត្រៀមខ្លួនសម្រាប់រដូវកាលក្រោយឡើយ ព្រោះកំណែទម្រង់នេះ ជាផែនការគ្រោងទុកអំឡុងពេលដែលលីគរដូវកាលមុន មិនទាន់បញ្ចប់។ ការតាមដានកីឡាករបណ្ដាក្លិបផ្សេងៗ និងការវាយតម្លៃកីឡាករក្នុងក្លិបគិរីវង់សុខសែនជ័យ គឺជាផែនការ ដែលគ្រូបង្វឹករូបនេះ បានធ្វើសម្រាប់កំណែទម្រង់នេះ។
 
គ្រូបង្វឹកវ័យក្មេងរូបនេះ លើកឡើងថា៖«សមិទ្ធផល នៃរដូវកាលនេះ យើង ធ្វើមិនបានទៅលើអ្វី ដែលយើងចង់បាន។ យើងបាន វាយតម្លៃទៅលើបច្ចេកទេស ការផ្លាស់ប្ដូរកីឡាករមួយចំនួន ដើម្បីបង្កើនគុណភាព នៃការលេងរបស់ក្រុមត្រៀមរដូវកាលក្រោយ។ យើងមានពេលវេលាគ្រប់គ្រាន់ ដោយសារពេលកំពុងប្រកួតប្រជែង យើងបានវាយតម្លៃកីឡាករក្នុងក្រុមខ្លួនឯង ហើយយើងក៏តាមដានកីឡាករផ្សេងទៀត ដែលយើងបានដាក់ក្នុងបញ្ជីរបស់យើងរួចមកហើយ។ អ៊ីចឹង ពេលចប់រដូវកាលភ្លាម យើងចាប់ផ្ដើមចរចារកីឡាករទាំងអស់នោះ។ សម្រាប់ការវាយតម្លៃ បើយើងគិតថា កីឡាករ គាត់មិនអាចជួយយើងបន្ដទៀតបានទេ យើងក៏ផ្លាស់ប្ដូគាត់ ជំនួសកីឡាករមួយចំនួន ដែលយើងគិតថា យើងយកមកអាចជួយក្លិបយើង។»។

លោក សាប៊ូន វិនតា គ្រូបង្វឹកគិរីវង់សុខសែនជ័យ រូបពី Cambodian Premier League

អ្វី ដែលជាផលប៉ះពាល់នោះ លោក វិនតា បញ្ជាក់ថា គិរីវង់សុខសែនជ័យ មិនអាចរក្សាបាននូវកីឡាករមួយចំនួន ដែលស្ថិតក្នុងផែនការប្រកួតនារដូវកាលក្រោយ ព្រោះកីឡាករខ្លះ ចង់បន្ដអាជីព នៅក្លិបផ្សេង និងចង់ទទួលបទពិសោធន៍ប្លែកពីនេះ។ «ផលប៉ះពាល់តិចតួចនោះ កីឡាករខ្លះ យើងចង់រក្សាទុក ប៉ុន្ដែគាត់ត្រូវស្វែងរកឱកាសប្រកួតប្រជែងផ្សេងទៀតនៅក្រៅស្រុក។ នេះ ជាផលប៉ះពាល់យើង មិនអាចរក្សាបាន។ យើង ត្រៀមកីឡាករក្នុងការផ្លាស់ប្ដូររួចមកហើយ។»។ គ្រូបង្វឹកគិរីវង់សុខសែនជ័យរូបនេះ បាននិយាយដូច្នេះ។
 
ក្លិបនៅកម្ពុជា កាន់តែវិវឌ្ឍខ្លាំង ហើយគុណភាពកីឡាករជាតិ និងអន្ដរជាតិ កាន់តែមានកម្រិតប្រកួតប្រជែង។ គ្រូបង្វឹកវ័យ ៣៣ឆ្នាំរូបនេះ ជឿថា គិរីវង់សុខសែនជ័យ មិនអាចនៅត្រឹងមួយកន្លែងទេ ហើយត្រូវតែនាំយកកីឡាករល្អៗ ដើម្បីឲ្យគុណភាពនៃការលេង និងការប្រកួត អាចប្រជែងជាមួយក្លិបដទៃទៀតបាន។
 
រដូវកាល២០២៤-២០២៤ គិរីវង់សុខសែនជ័យ ធ្វើមិនបានល្អទេ ដោយបញ្ចប់ទៅត្រឹមចំណាត់ថ្នាក់លេខ៩ មានត្រឹមតែ២០ពិន្ទុប៉ុណ្ណោះ ក្នុងចំណោម១០ក្រុម។ លោក សាប៊ូន វិនតា បញ្ជាក់ថា ក្លិបមានទីតាំងនៅខេត្តតាកែវនេះ បានកែប្រែរបៀបនៃការលេង ប៉ុន្ដែមានកីឡាករខ្លះ ត្រូវបានជ្រើសរើសខុស ពីផែនការនៃការរៀបចំ។
 
«ក្នុងរដូវមុន យើងអាចនិយាយបានថា ជារដូវកាលយើងបានសាងរបៀបលេងថ្មីមួយ សម្រាប់ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ក្រោមការដឹកនាំរបស់ខ្ញុំផ្ទាល់។ ដូច្នេះ យើងកែប្រែរបៀបលេង ការជ្រើសរើសកីឡាករឲ្យត្រូវ។ ឆ្នាំមុន យើងបានជ្រើសរើសកីឡាករខ្លះក៏ត្រូវ កីឡាករខ្លះក៏ខុសពីរបៀបនៃការលេងរបស់យើង។ បើយើងនិយាយពីការលេងកីឡាករទាំងអស់ មានរបៀបនៃការលេងខុសៗគ្នា គ្រាន់តែគុណភាពខ្លះ វាត្រូវនិងការលេងរបស់យើង ហើយរបៀបលេងខ្លះទៀត មិនត្រូវនិងអ្វីដែលគ្រូបង្វឹកចង់បាន។ ដូច្នេះហើយបានយើងវាយតម្លៃ កីឡាករណាខ្លះអាចលេងទៅតាមរបៀបលេង ដែលក្រុមរបស់យើងកំពុងកសាងនេះ បាន។»។ គ្រូបង្វឹកគិរីវង់សុខសែនជ័យ បាននិយាយដូច្នេះ៕

Tag:
 សាប៊ូន វែនតា
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com