ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា ប្រឆាំងរាល់ការប្រើប្រាស់បញ្ហាតៃវ៉ាន់ ដើម្បីជ្រៀតជ្រែកផ្ទៃក្នុងចិន
21, May 2024 , 7:06 pm        
រូបភាព
លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កម្ពុជា ប្រកាន់គោលនយោបាយចិនតែមួយ ហើយប្រឆាំងរាល់ការប្រើប្រាស់បញ្ហាតៃវ៉ាន់ ដើម្បីជ្រៀតជ្រែកផ្ទៃក្នុងរដ្ឋាភិបាលចិន។ អ្នកនាំពាក្យក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញសេចក្តីថ្លែងការណ៍ នាល្ងាចថ្ងៃទី២១ ឧសភា។


 
«ជំហរកម្ពុជាចំពោះបញ្ហាតៃវ៉ាន់ គឺមានសង្គតិភាព (មិនប្រែប្រួល)»។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេស ដែលបានបន្ថែមថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ដោយទទួលស្គាល់ភាពស្របច្បាប់របស់រដ្ឋាភិបាលចិន ហើយតៃវ៉ាន់ គឺជាផ្នែកមួយ ដែលមិនអាចកាត់ផ្ដាច់ចេញបានពីទឹកដីចិន។
 
«ក្នុងន័យនេះ កម្ពុជាប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហាតៃវ៉ាន់ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសចិន ប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់ ហើយគាំទ្រយ៉ាងមុតមាំនូវការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងមិនបង្កើតទំនាក់ទំនងណាមួយជាមួយតៃវ៉ាន់នោះទេ»។ នេះជាការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា។
 
ការប្រកាសរបស់កម្ពុជានេះ ធ្វើឡើងស្របពេលលោក William Lai អាយុ៦៤ឆ្នាំ ប្រធានបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលកំពុងកាន់អំណាចនៅតៃវ៉ាន់ បានស្បថចូលកាន់តំណែងជំនួសលោកស្រី Tsai Ing-wen ដែលបានដឹកនាំកោះនេះអស់រយៈពេល ៨ឆ្នាំកន្លងមក។ 

អត្ថបទទាក់ទង

 
ក្រសួងការបរទេសតៃវ៉ាន់ បញ្ជាក់ជាថ្មីថា សាធារណៈរដ្ឋចិន (តៃវ៉ាន់) ជាប្រទេសឯករាជ្យ អធិបតេយ្យភាព ហើយថា សាធារណរដ្ឋចិន (តៃវ៉ាន់) ឬសាធារណៈរដ្ឋប្រជាមានិតចិន (ចិន) មិនពឹងផ្អែកលើគ្នាទៅវិញទៅមកឡើយ។ នេះជាការពិតដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងស្ថានភាពបច្ចុប្បន្ន។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសតៃវ៉ាន់បាននិយាយថា ការចោទប្រកាន់ដែលបំភ្លៃអំពីស្ថានភាពអធិបតេយ្យភាពរបស់តៃវ៉ាន់មិនអាចផ្លាស់ប្តូរការពិត ឬផ្លាស់ប្តូរស្ថានភាពនេះបានទេ៕
 
 

Tag:
 តៃវ៉ាន់
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com