នៅស្ទើរតែគ្រប់ប្រទេសជុំវិញពិភពលោក អត្រាកំណើតមាននិន្នាការធ្លាក់ចុះ ក្នុងចំណោមស្រ្តីទាំងអស់ មិនថាស្ថិតនៅក្នុងក្រុមចំណូលកម្រិតណា ការអប់រំ និងការចូលរួមកម្លាំងពលកម្មណាមួយឡើយ។ ការព្យាករ បានបង្ហាញថា អត្រាបង្កកំណើតសកល បានធ្លាក់ចុះក្រោមកម្រិតលើកទឹកចិត្ត ២,២កុមារក្នុងស្រ្តីម្នាក់ ដែលត្រូវការដើម្បីរក្សាចំនួនប្រជាជនពិភពលោកបច្ចុប្បន្ន។ នេះបើយោងតាមកាសែត Wall Street Journal។
ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិប្រជាសាស្រ្តដ៏កម្រមួយ។ ការណ៍នេះ កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់របៀបរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច។ មួយទសវត្សន៍ចុងក្រោយ ការថយចុះភ្លាមៗនៃអត្រាកំណើតបានកើតឡើងយ៉ាងឆាប់រហ័ស ជាពិសេសក្នុងទ្រង់ទ្រាយធំ ដែលធ្វើអោយមនុស្សជាច្រើនមានការភ្ញាក់ផ្អើល។
តាមទស្សនៈរបស់អ្នកប្រជាសាស្រ្តជាច្រើននាពេលបច្ចុប្បន្ននេះ ដើម្បីរក្សាទំហំប្រជាជននៅទូទាំងពិភពលោកឲ្យមានស្ថិរភាពគឺត្រូវមានអត្រាកំណើតលើកទឹកចិត្ត ២,២កុមារក្នុងស្រ្តីម្នាក់។ ទោះបីជាយ៉ាងណាក៏ដោយ អាម៉េរិកបានធ្លាក់ចុះក្រោមកម្រិតនេះយូរមកហើយ ហើយបានកត់ត្រានូវចំនួនទាបបំផុតគឺអត្រា១,៦២ នៅឆ្នាំ២០២៣។ ទន្ទឹមនេះ កូរ៉េខាងត្បូងបច្ចុប្បន្នមានអត្រាកំណើតទាបបំផុតក្នុងពិភពលោកគឺត្រឹមតែ ០,៦២ប៉ុណ្ណោះ។
នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់មួយចំនួន អត្រាកំណើតបានធ្លាក់ចុះទាបជាងទសវត្សរ៍ឆ្នាំ១៩៧០ ហើយវាក៏កំពុងកើតឡើងក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែរ។ កាលពីឆ្នាំមុន បើទោះបីជាបានវ៉ាដាច់ចិនដើម្បីក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក ក៏ឥណ្ឌាបានកត់ត្រាអត្រាកំណើតទាបត្រឹម ២កុមារក្នុងស្រ្តីម្នាក់ប៉ុណ្ណោះ។
នៅក្នុងប្រទេសជាច្រើន រដ្ឋាភិបាលចាត់ទុកបញ្ហានេះជាបញ្ហាជាតិបន្ទាន់។ ពួកគេបារម្ភថាកម្លាំងការងារធ្លាក់ចុះ កំណើនសេដ្ឋកិច្ចយឺត និងមូលនិធិសោធននិវត្តន៍ធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុ។ ទន្ទឹមនោះ ជាការភ័យខ្លាចនៃសង្គមមួយដែលមានកុមារតិចជាងមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។
ការថយចុះចំនួនប្រជាជន កំពុងធ្វើឱ្យមនុស្សជាច្រើនមានចម្ងល់ថាតើប្រទេសមហាអំណាចដូចជាអាម៉េរិក ចិន... អាចរក្សាជំហររបស់ពួកគេបានដែរឬទេ។ អ្នកប្រជាសាស្រ្តមួយចំនួនព្យាករថា ចំនួនប្រជាជនពិភពលោកទំនងជានឹងចាប់ផ្តើមធ្លាក់ចុះក្នុងរយៈពេល ៤០ឆ្នាំខាងមុខ។
អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលជាបេក្ខជនប្រធានាធិបតីនៃបក្សសាធារណរដ្ឋនៅឆ្នាំនេះ ធ្លាប់បាននិយាយថា ការធ្លាក់ចុះនៃអត្រាកំណើត ជាការគំរាមកំហែងដ៏ធំធេងចំពោះអរិយធម៌លោកខាងលិច ដែលមានស្មុគ្រស្មាញជាងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនទៅទៀត។
កាលពីមួយឆ្នាំមុន នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានបញ្ជាក់ថា ការថយចុះយ៉ាងខ្លាំងនៃអត្រាកំណើតកុមារដែលកើត និងរស់ក្នុងចំណោមមនុស្ស ១០០០នាក់ក្នុងមួយឆ្នាំបានធ្លាក់ចុះខ្លាំង ដែលជប៉ុនបានដាក់ជាសំណួរថា តើយើងអាចបន្តដំណើរការជាសង្គមបានឬយ៉ាងណា។ ទន្ទឹមនេះ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni កំពុងផ្តល់អាទិភាពដល់ការជំរុញប្រជាសាស្រ្តដែរ។
កិច្ចខិតខំប្រឹងប្រែងដើម្បីគេចចេញពីវិបត្តិប្រជាសាស្ត្រ
នៅក្នុងប្រទេសជាច្រើន រដ្ឋាភិបាលកំពុងព្យាយាមធ្វើឱ្យអត្រាកំណើតរស់ឡើងវិញជាមួយនឹងគោលនយោបាយគាំទ្រជំរុញការមានកូន។
ប្រហែលជាគ្មានប្រទេសណាក្នុងពិភពលោកព្យាយាមធ្វើបែបនេះយូរជាងជប៉ុនទេ។ បន្ទាប់ពីអត្រាកំណើតបានធ្លាក់ចុះមកត្រឹម ១,៥ នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ រដ្ឋាភិបាលជប៉ុនបានដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ រួមទាំងការឈប់សម្រាកលំហែមាតុភាពសម្រាប់ស្ត្រី និងការថែទាំកុមារ។ ទោះជាយ៉ាងណាក៏ដោយ អត្រាកំណើតនៅប្រទេសជប៉ុននៅតែបន្តធ្លាក់ចុះ។
ក្នុងឆ្នាំ២០០៥ លោកស្រី Kuniko Inoguchi ត្រូវបានតែងតាំងជារដ្ឋមន្ត្រីទីមួយទទួលបន្ទុកអត្រាកំណើត និងសមភាពយេនឌ័រនៅជប៉ុន។ នៅពេលនោះ លោកស្រីនិយាយថាឧបសគ្គតែមួយគត់គឺការចំណាយ។ មនុស្សមិនមានលទ្ធភាពហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីរៀបការឬមានកូន។
ក្រោយមក ជប៉ុនបានចាប់ផ្តើមផ្តល់ការថែទាំក្រោយសម្រាលដោយឥតគិតថ្លៃ និងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់គ្រួសារដោយផ្អែកលើចំនួនកុមារ។ អំឡុងពេលនោះ អត្រាកំណើតនៅជប៉ុនបានកើនឡើងពី ១,២៦ក្នុងឆ្នាំ២០០៥ ដល់ ១,៤៥ក្នុងឆ្នាំ ២០១៥។ យ៉ាងណាមិញ បន្ទាប់ពីនោះអត្រានេះបានចាប់ផ្តើមថយចុះ ហើយនៅឆ្នាំ២០២២ វាបានត្រលប់ទៅ ១,២៦វិញ។
នៅឆ្នាំ២០២៤ រដ្ឋបាលរបស់លោក គីស៊ីដា បានចាប់ផ្តើមកម្មវិធីថ្មីមួយដែលរួមមានគោលនយោបាយបង្កើនអត្ថប្រយោជន៍ប្រចាំខែសម្រាប់គ្រួសារទាំងអស់ដែលមានកុមារអាយុក្រោម១៨ឆ្នាំ ដោយមិនគិតពីប្រាក់ចំណូលដូចជា ផ្តល់ថ្លៃសិក្សានៅសកលវិទ្យាល័យដោយឥតគិតថ្លៃសម្រាប់គ្រួសារដែលមានកូនចាប់ពី ៣នាក់ឡើងទៅ និងឈប់សម្រាកលំហែមាតុភាពពេញលេញ។
លោកស្រី Inoguchi ដែលបច្ចុប្បន្នជាសមាជិកព្រឹទ្ធសភាជប៉ុនបាននិយាយថា ឧបសគ្គសម្រាប់គូស្នេហ៍លែងជាបញ្ហាហិរញ្ញវត្ថុទៀតហើយ ប៉ុន្តែចជាពេលវេលា។ ត្រង់ចំណុចនេះ លោកស្រីបានអំពាវនាវដល់រដ្ឋាភិបាល និងក្រុមហ៊ុននានាឱ្យអនុវត្តប្រព័ន្ធការងារប្រចាំសប្តាហ៍រយៈពេលត្រឹម ៤ថ្ងៃប៉ុណ្ណោះ។
ទន្ទឹមនេះ ហុងគ្រី នាយករដ្ឋមន្រ្តី Viktor Orban បាននិងកំពុងផ្សព្វផ្សាយរបៀបវារៈដែលគាំទ្រអ្នកនិយមជ្រុលដើម្បីប្រកួតប្រជែងជាមួយអឺរ៉ុប។ កាលពីឆ្នាំមុន លោកបានបង្កើនអត្ថប្រយោជន៍ពន្ធសម្រាប់ម្តាយដើម្បីឲ្យស្ត្រីអាយុក្រោម ៣០ ឆ្នាំដែលសម្រាលកូនរួចផុតពីការបង់ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនអស់មួយជីវិត។ លើសពីនេះ មានការឧបត្ថម្ភថ្លៃផ្ទះ និងការថែទាំកុមារ រួមជាមួយនឹងការឈប់សម្រាកលំហែមាតុភាព។
លើសពីនេះ កូរ៉េខាងត្បូងនាពេលថ្មីនេះបានបានប្រកាសផែនការបង្កើតក្រសួងថ្មីមួយ ដែលមានភារកិច្ចដោះស្រាយបញ្ហាអត្រាកំណើតទាបនៅក្នុងប្រទេស។ ចំណែក នៅអាម៉េរិក សមាជិកសភា ក៏បានពង្រីកការឧបត្ថម្ភធនលើការថែទាំកុមារ និងការឈប់សំរាកលំហែមាតុភាពដែរ៕
ការជំរុញអត្រាកំណើត ហាក់ពុំទាន់មានប្រសិទ្ធភាព
ទោះបីជារដ្ឋាភិបាលជាច្រើនផ្សេងទៀតនៅជុំវិញពិភពលោកក៏មានកម្មវិធីស្រដៀងគ្នានេះដើម្បីការពារការធ្លាក់ចុះនៃអត្រាកំណើតក៏ដោយ វាហាក់ដូចជាមិនទាន់មានប្រសិទ្ធខ្លាំងនោះទេ។ ពិភពលោកនៅតែប្រឈមមុខនឹងវិបត្តិប្រជាសាស្រ្តដ៏ធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានវិធានការចាំបាច់ជាងនេះបន្ថែមទៀត។
នៅឆ្នាំ២០១៧ អត្រាកំណើតសកលគឺ ២,៥។ នៅពេលនោះ អង្គការសហប្រជាជាតិ (UN) បានព្យាករថា ចំនួននេះនឹងថយចុះមកត្រឹម ២,៤ នៅចុងឆ្នាំ២០២០។ យ៉ាងណាមិញ នៅឆ្នាំ២០២១ យោងតាមការសន្និដ្ឋានរបស់ UN អត្រាកំណើតពិភពលោកបានធ្លាក់ចុះមកត្រឹម ២,៣ ដែលនៅកៀកអត្រាកំណើតលើកទឹកចិត្តសកល២,២។ នៅក្នុងប្រទេសអភិវឌ្ឍន៍ជាច្រើន អត្រាកំណើតលើកទឹកចិត្តបច្ចុប្បន្នគឺ២,១ ខណៈនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ អត្រាកំណើតគឺខ្ពស់ជាងកម្រិតលើកទឹកចិត្តបន្តិច។
បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិមិនទាន់បានប្រកាសអំពីអត្រាកំណើតជាសកលសម្រាប់ឆ្នាំ ២០២២ និងឆ្នាំ ២០២៣ទេ ប៉ុន្តែផ្អែកលើការវិភាគប្រៀបធៀបទិន្នន័យ និងការព្យាករជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ សេដ្ឋវិទូ Jesús Fernández-Villaverde នៃសាកលវិទ្យាល័យ Pennsylvania អាម៉េរិក បានរកឃើញថា អត្រាមានកូននៅក្នុងប្រទេសជាច្រើនជាធម្មតាទាបជាងចន្លោះ ១០ភាគរយ ទៅ២០ភាគរយដែលលើសពីការព្យាកររបស់អង្គការសហប្រជាជាតិ។
នៅឆ្នាំ ២០២៣ ចិនបានកត់ត្រាកុមារចំនួន ៩លាននាក់ដែលកើតមក ដែលទាបជាង ១៦ភាគរយនៃការព្យាកររបស់អង្គការសហប្រជាជាតិ។ ទន្ទឹមនេះ កាលពីឆ្នាំមុនអាម៉េរិកមានកុមារចំនួន ៣,៥៩លាននាក់ ដែលទាបជាងការព្យាកររបស់អង្គការសហប្រជាជាតិ ៤ភាគរយ។
នៅឆ្នាំ ២០១៧ អង្គការសហប្រជាជាតិបានព្យាករថា ចំនួនប្រជាជនពិភពលោកនឹងបន្តកើនពី ៧,៦ពាន់លាននាក់ដល់ ១១,២ពាន់លាននាក់នៅឆ្នាំ ២១០០។ ប៉ុន្តែនៅឆ្នាំ ២០២២ UN បានកែសម្រួលការព្យាកររបស់ខ្លួនហើយបាននិយាយថាចំនួនប្រជាជនពិភពលោកនឹងឡើងដល់ ១០,៤ពាន់លាននៅឆ្នាំ២០៨០៕