ជាតិ
​​​ន​យោ​បាយ​ជាតិ​
គ.ជ.ប៖ ការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត មានសណ្តាប់ធ្នាប់ល្អជាងសព្វដង
24, May 2024 , 8:58 pm        
រូបភាព
(កណ្តាល) លោក សោម សូរីដា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដឹកនាំប្រជុំសរុបលទ្ធផលដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤  នៅទីស្ដីការ គ.ជ.ប នារសៀលថ្ងៃទី២៤ឧសភា ។
(កណ្តាល) លោក សោម សូរីដា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដឹកនាំប្រជុំសរុបលទ្ធផលដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នៅទីស្ដីការ គ.ជ.ប នារសៀលថ្ងៃទី២៤ឧសភា ។
 យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានបិទបញ្ចប់ ដោយរលូននាថ្ងៃទី២៤ឧសភានេះ។ លោក ហង្ស ពុទ្ធា ដែលជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចាត់ទុកសកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនីមួយៗ គឺមានសណ្តាប់ល្អជាងសកម្មភាពឃោសនាសព្វដង។



ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងរយៈពេល១សប្តាហ៍មកនេះ ពោលចាប់ពីថ្ងៃទី១៧ឧសភា  បានដំណើរការយ៉ាងរលូនប្រកបដោយតម្លាភាព មានសណ្តាប់ធ្នាប់ល្អហើយគ្មានអំពើហិង្សា ជាពិសេស គឺភាពយោគយល់គ្នារវាងគណបក្សនយោបាយនីមួយៗ។ លោក ហង្ស ពុទ្ធា បានរៀបរាប់បែបនេះមកកាន់សារព័ត៌មានថ្មីៗ(ThmeyThmey)  ដោយបានបញ្ជាក់ថា៖ « បើធៀបនឹងការឃោសនាបោះឆ្នោតមុនៗ! នេះជាសកម្មភាពឃោសនាបោះឆ្នោតមួយដែលល្អជាងគេ»។

នេះជាសកម្មភាពឃោសនាបោះឆ្នោតតាមបែបអសកលអាណត្តិទី៤ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ ដែលមានអង្គបោះឆ្នោតត្រឹម១១,៦២២នាក់ប៉ុណ្ណោះ។ ការណ៍នេះទើបធ្វើឱ្យសកម្មភាពឃោសនាបោះឆ្នោតនៅទាំង២៥រាជធានី-ខេត្ត សភាពស្ងប់ស្ងាត់គួរឱ្យសម្គាល់។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។ រូបភាពបានពីទំព័រហ្វេសប៊ុកអ្នកនាំពាក្យ គ.ជ.ប

តែយ៉ាងណាមិញ, អ្នកនាំពាក្យ គ.ជ.ប បាននិយាយថា ភាពស្ងប់ស្ងាត់នៃការឃោសនាបោះឆ្នោតបានបង្ហាញឱ្យឃើញពីកិច្ចសហការគ្នាយ៉ាងល្អរវាងអាជ្ញាធរដែនដីដែលតំណាងឱ្យរដ្ឋាភិបាលថ្នាក់ក្រោមជាតិ ជាមួយនឹងគណបក្សនយោបាយនានា។  បើតាមលោក ហង្ស ពុទ្ធា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះ គណបក្សមួយចំនួន បានជួយពិភាក្សាការងារជាមួយអាជ្ញាធរដែនដីក្នុងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់សង្គម និងជួបប្រជុំគ្នាដើម្បីលើបញ្ហាមិនប្រក្រតីមួយចំនួន ផងដែរ។

« ការប្រជុំជាមួយភាគីពាក់ព័ន្ធនេះ គឺជាលំហរឱកាសសម្រាប់គ្រប់គណបក្សនយោបាយដែលមាននិន្នាការខុសគ្នាហ្នឹងអាចនិយាយជាមួយគ្នា ហើយសួរដេញដោល ឬក៏សហការជាមួយគ្នាបាន»។ នេះជាការលើកឡើងរបស់លោក ហង្ស ពុទ្ធា។

គួរជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី២៦ឧសភា ឆ្នាំ២០២៤។សម្រាប់រាជធានីភ្នំពេញ គឺមាន១២មណ្ឌលនៃខណ្ឌនីមួយៗ ដោយមានចំនួនអ្នកបោះឆ្នោត ៨៩៩នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com