កីឡាជាតិ
ជាតិ
កម្ពុជាបញ្ជូនអត្ដពលិក ២២នាក់ ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាសិស្សអាស៊ាន លើក ទី១៣ ![ប្រតិភូកីឡាសិស្សនិស្សិតកម្ពុជា ៤០រូប ចូលរួមប្រកួតព្រឹត្តិការកីឡាសិស្សអាស៊ាន រូបពី លោក ប៉ុន សុខ](https://image.thmeythmey.com/pictures/2024/06/02/2620241205aa.jpg)
ប្រតិភូកីឡាសិស្សនិស្សិតកម្ពុជា ៤០រូប ចូលរួមប្រកួតព្រឹត្តិការកីឡាសិស្សអាស៊ាន រូបពី លោក ប៉ុន សុខ
×![]()
សហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា បានបញ្ជូនអត្ដពលិក ជាសិស្សនិស្សិត២២នាក់ ចូលរួមក្នុងព្រឹត្តិការណ៍កីឡាសិស្សអាស៊ានលើកទី១៣ ដែលរៀបចំឡើង នៅទីក្រុង Danang ប្រទេសវៀតណាម។ ព្រឹត្តិការណ៍នេះ ចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤។ អត្ដពលិកកម្ពុជា នឹងប្រកួតលើ៤ប្រភេទកីឡា មានកីឡាអត្ដពលកម្ម, ហែលទឹក, វាយសី និងវ៉ូវីណាម។
ក្រៅពីអត្ដពលិក២២នាក់ ក៏មានប្រតិភូកីឡា១៨នាក់ទៀតដែរ ចូលរួមប្រកួតកីឡាសិស្សអាស៊ាន លើកទី១៣នេះ ក្នុងនោះមានប្រតិភូថ្នាក់ដឹកនាំ១០នាក់ និងគ្រូបង្វឹក៨នាក់ ។
កម្ពុជា មានអត្ដពលិកហែលទឹក៤រូប ប្រកួតលើវិញ្ញាសាហែលសេរី៥០ម៉ែត្រ, ហែលសេរី ១០០ម៉ែត្រ, ហែលមេអំបៅ ៥០ម៉ែត្រ, ហែលផ្ងា ៥០ម៉ែត្រ, ១០០ម៉ែត្រ និង២០០ម៉ែត្រ។
ចំណែកប្រភេទកីឡាអត្ដពលកម្ម កីឡាករ-កីឡាការិនីកម្ពុជា៤នាក់ ប្រកួតលើវិញ្ញាសា រត់១៥០០ម៉ែត្រ និង៣០០០ម៉ែត្រ និងលោតចម្ងាយនារី។
រីឯកីឡាវាយសី អត្ដពលិកកម្ពុជា៥នាក់ ប្រកួតលើវិញ្ញាសាវាយឯកត្តជនបុរស-នារី, វាយគូ -នារី និងវាយគូចម្រុះ។
សម្រាប់កីឡាវ៉ូវីណាម កីឡាករ-កីឡាការិនី ៩នាក់ ប្រកួតលើវិញ្ញាសាប្រយុទ្ធ បុរសទម្ងន់ ៥៥គីឡូក្រាម, ប្រយុទ្ធនារី ៥៥គីឡូក្រាម, ប្រយុទ្ធទម្ងន់៥០គីឡូក្រាមនារី និង៦០គីឡូក្រាម បុរស។
ម្ចាស់ផ្ទះ វៀតណាម បានដាក់៦ប្រភេទកីឡា និងសរុប១០៧ វិញ្ញាសាប្រកួត។ ៦ប្រភេទកីឡានោះ មានហែលទឹក អត្ដពលកម្ម វាយសី បាល់បោះ បញ្ចសិលា និងវ៉ូវីណាម។ ព្រឹត្តិការណ៍នេះ មានអត្ដពលិក ប្រមាណ១៣០០នាក់ មកពីបណ្ដាលប្រទេស ១០ជាសមាជិកអាស៊ាន៕
Tag:
កែ ប៊ុនខៀង
13th Asean School Games
© រក្សាសិទ្ធិដោយ thmeythmey.com