ជាតិ
សង្គមជាតិ
សង្គមស៊ីវិលយល់ថា ការបញ្ជូនក្មេងទំនើងទៅតុលាការ មិនមែនជាជម្រើសល្អប្រសើរ
03, Jun 2024 , 8:59 pm        
រូបភាព
ក្រុមក្មេងទំនើង ដែលសមត្ថកិច្ចឃាត់ខ្លួនបាននាពេលកន្លងមក។ រូបពី GCNP
ក្រុមក្មេងទំនើង ដែលសមត្ថកិច្ចឃាត់ខ្លួនបាននាពេលកន្លងមក។ រូបពី GCNP
ភ្នំពេញ៖ ៦ខែនេះ សមត្ថកិច្ចបានបង្កើនការបង្ក្រាបក្រុមក្មេងទំនើង ដោយបានបញ្ជូនទៅតុលាការជាង៤០០នាក់ ខណៈដែលពន្ធនាគារចង្អៀតណែន។

 
សមត្ថកិច្ចបានបង្ក្រាបសកម្មភាពក្មេងទំនើង ប្រមាណ៨០០ករណី នា៦ខែនេះ ពោលគឺកើនឡើង២០០ករណី បើធៀបនឹងឆ្នាំ២០២៣ ។ ប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើង ប្រមាណ២០០០នាក់ ហើយក្នុងនោះ១៥០០នាក់ ត្រូវបានសមត្ថកិច្ចអប់រំ ធ្វើកិច្ចសន្យា និងប្រគល់ទៅអាណាព្យាបាលវិញ។ យ៉ាងណាក៏ដោយ មានក្មេងទំនើងជាង៤០០នាក់ ត្រូវបាន បញ្ជូនទៅតុលាការ ដោយសង្ស័យថា ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងព្រហ្មទណ្ឌ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន។ 
 
ជុំវិញករណីនេះ លោក យង់ គឹមអេងប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ យល់ឃើញថា ការបង្ក្រាបក្មេងទំនើងជារឿងល្អប្រសើរ ប៉ុន្តែការបញ្ជូនពួកគេជាច្រើនរយនាក់ ទៅតុលាការគឺជារឿងគួរឱ្យព្រួយបារម្ភទៅវិញ។ លោក សង្កត់ធ្ងន់ថា ក្មេងដែលបញ្ជូនទៅតុលាការទាំងនោះ អាចប៉ះពាល់ដល់អនាគតរៀនសូត្ររបស់ពួកគេ ដែលស្ថិតក្នុងវ័យសិក្សា។ 
 
«ការចាប់បញ្ជូនទៅតុលាការមិនមែនជាជម្រើសល្អទេ! ជម្រើសល្អ គឺគួរមានមណ្ឌលអប់រំកែប្រែពួកគាត់ដូចការសិក្សា។ បើសិនជាដាក់ទោសពួកគេ តើដាក់ទោសបែបណា លើករណីទំនើង?...ការដាក់ទោសមិនមែនជាវិធានការចុងក្រោយ ក្នុងការផ្លាស់ប្ដូរឥរិយាបថរបស់គាត់(ក្មេងទំនើង)ទេ ប៉ុន្តែវាជាដំណាក់កាលចុងក្រោយ ទប់ស្កាត់បទល្មើស»។ នេះជាការលើកឡើងរបស់លោក គឹមអេង ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី៣ មិថុនា ។ 
 

លោក យង់ គឹមអេង ​ប្រធាន​មជ្ឈ​មណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព។ រូបពីហ្វេសប៊ុករបស់លោក គឹមអេង

លោក គឹមអេង ស្នើឱ្យមានការជជែកគ្នាឱ្យបានផុសផុលលើការអនុវត្តច្បាប់លើក្រុមក្មេងទំនើង ពិសេស ការចោទប្រកាន់លើក្រុមក្មេង ដែលរងគ្រោះពីឥទ្ធិពលអវិជ្ជមានក្នុងសង្គម។ ជាមួយគ្នានេះ លោកស្នើឱ្យអាជ្ញាធរពិនិត្យមើលបរិយាកាសសង្គមឡើងវិញ ដូចជាករណីផ្សព្វផ្សាយគ្រឿងស្រវឹង បទល្មើសគ្រឿងញៀន និងសីលធម៌សង្គម ។ ដើម្បីដោះស្រាយបញ្ហាសង្គមខាងលើ ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព យល់ថា រដ្ឋាភិបាលគួរបង្កើតកន្លែងលេងកីឡា កន្លែងជួបជុំយុវជនឱ្យបានច្រើន ដើម្បីឱ្យពួកគេ មានពេលបានគិតគូរពីសង្គម ហើយជៀសឆ្ងាយពីគ្រឿងញៀន។ 
 
ទាក់ទិននឹងការឃុំខ្លួនបុគ្គណាម្នាក់នៅពន្ធនាគារ មិនមែនជាសិទ្ធិអំណាចរបស់ក្រសួងមហាផ្ទៃឡើយ។ ការឃុំខ្លួន គឺជាសេចក្ដីសម្រេចរបស់តុលាការ ហើយមន្ត្រីពន្ធនាគាររបស់ក្រសួងមហាផ្ទៃ បានត្រឹមតែអនុវត្តតាមការសម្រេចរបស់តុលាការប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ តុលាការពុំមែនឃុំខ្លួន ពិសេសក្មេងៗនោះទេ គឺលុះត្រាតែតុលាការរកឃើញថា បុគ្គលនោះ បានប្រព្រឹត្តបទល្មើស ទើបសម្រេចឃុំខ្លួន ហើយបន្តការស៊ើបអង្កេត។ នេះជាការបកស្រាយរបស់លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ។
 
លោកពន្យល់បន្ថែមថា ការសម្រេចឃុំខ្លួនរបស់តុលាការ គឺអាចផ្អែកលើចរិតនៃបទល្មើស។ «សង្គមកំពុងប្រឈមនឹងបញ្ហាគ្រឿងញៀន ក្រុមក្មេងទំនើង! បើយើងមិនសម្រេចក្នុងការឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធីទេ ហើយយើងដោះលែង។ វាច្បាស់ណាស់ កុមារ អនីតិជន ឬជនដទៃទៀត មើលឃើញពីការលើកលែង ការយោគយល់។ ដូច្នេះ អំពើប្រព្រឹត្តនឹងកើតឡើងច្រើន ក្នុងមូលដ្ឋានសង្គម»។ នេះជាការយល់ឃើញរបស់លោក សុឃៈ ដែលបន្ថែមថា តុលាការសម្រេចឃុំខ្លួន ក៏ព្រោះហេតុផលទាំងអស់នេះ ។ លោកអះអាងថា ទាំងសមត្ថកិច្ច ទាំងតុលាការ ពុំចង់ឃុំខ្លួនក្មេងទំនើងច្រើននាក់បន្ថែមទៀតទេ ខណៈពន្ធនាគារកំពុងចង្អៀតណែន។ 
 

លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។ រូបពី ហ្វេសប៊ុក លោក សុឃៈ

គិត​ត្រឹម​ខែ​មីនា​ ​ឆ្នាំ​២​០​២​៤​ ក្នុងពន្ធ​នាគា​រ​ ​មានអនីតិជន​ចំនួន​ ​២​.​២​១​៤​ ​នាក់​ ។ ​កុមារ​តូច​ៗ​ ​និង​អនីតិជន​​ ​ត្រូវ​បាន​ដាក់​ឱ្យ​ជាប់​នៅ​ក្នុង​ពន្ធ​នាគា​រ​ជាច្រើន​កន្លែង​ទូទាំង​ប្រទេស​ ​ដែល​​មាន​លក្ខណៈ​ចង្អៀត​ណែន​ ​និង​កង្វះ​បរិក្ខារ ​និង​ធនធាន​គ្រប់គ្រាន់​។​ ​ចំនួន​​កុមារ​ ​និង​អនីតិជន​ ​ដែល​កំពុង​រស់នៅ​ក្នុង​ពន្ធ​នាគា​រ​ កំពុង​បន្ត​កើន​ឡើង​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​។​ នេះបើតាមសេចក្ដីថ្លែងការណ៍របស់អង្គការលីកាដូ ។
 
អង្គការនេះ បាន​អំពាវនាវ​ដល់​ក្រសួងមហាផ្ទៃ​ ​ក្រសួងយុត្តិធម៌​ ​ស្ថាប័ន​តុលាការ​ ​និង​ស្ថាប័ន​អនុវត្ត​ច្បាប់​ដទៃទៀត​ ​សូម​បញ្ឈប់​ការប្រើប្រាស់​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ ​លើ​កុមារ​ ​និង​អនីតិជន​ ​ហើយសូម​ប្រើប្រាស់​ជម្រើស​ទោស​ផ្សេងទៀត​ជាបន្ទាន់​ ​និង​ជា​លក្ខណៈ​ប្រព័ន្ធ​ ​ជំនួស​ឱ្យ​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​។
 
អ្នកនាពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ យល់ព្រមទទួលយកសំណូមពរ របស់អង្គការលីកាដូ ប៉ុន្តែស្ថានភាពសង្គម គឺត្រូវឱ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធី ដើម្បីការពារសន្តិសុខសង្គម មូលដ្ឋាន និងកុមារផងដែរ៕
 

Tag:
 ក្មេងទំនើង
© រក្សាសិទ្ធិដោយ thmeythmey.com