កីឡាជាតិ
ជាតិ
ស្មារតីក្រុម ជួយក្រុមប្រណាំងរថយន្ដ Off-Road កម្ពុជា ឈ្នះជើងឯក នៅថៃ
04, Jun 2024 , 12:09 pm        
រូបភាព
កីឡាករកម្ពុជា លើកពានរង្វាន់ប្រណាំងរថយន្ដ Off-Road រូបពីសហព័ន្ធកីឡាប្រណាំងយានយន្ដកម្ពុជា
កីឡាករកម្ពុជា លើកពានរង្វាន់ប្រណាំងរថយន្ដ Off-Road រូបពីសហព័ន្ធកីឡាប្រណាំងយានយន្ដកម្ពុជា
កីឡាករប្រណាំងរថយន្ដកម្ពុជា វង្ស គឹមហួត និងជំនួយការ ហេង បញ្ញា ឈ្នះពានរង្វាន់ពីព្រឹត្តិការណ៍ប្រណាំងរថយន្ដ Off-Road នៅខេត្តត្រាត ប្រទេសថៃ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។ កីឡាករ វង្ស គឹមហួត បានបញ្ជាក់ថា ជ័យជម្នះនេះ កើតឡើងដោយសារការជ្រោមជ្រែងពីក្រុមការងារ និងឆន្ទៈយកជ័យលាភីជូនជាតិ និងស្មារតីសាមគ្គីជាក្រុម។



សហព័ន្ធកីឡាយានយន្ដកម្ពុជា បានបញ្ជូនរថយន្ដប្រណាំង២គ្រឿង និងរថយន្ដក្រុមការងារ ៦គ្រឿង ចូលរួមប្រកួតព្រឹត្តិការណ៍ Off-Road នៅខេត្តត្រាត ប្រទេសថៃ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។ ក្រុម VKH Team ដែលកីឡាករ វង្ស គឹមហួត និងជំនួយការ ហេង បញ្ញា ដណ្ដើមបានចំណាត់ថ្នាក់លេខ១ លើការប្រណាំងរថយន្ដឆ្លងឧបសគ្គ Off-Road ដោយមានរថយន្ដចូលរួមប្រកួតសរុប ២៨គ្រឿង។ ដោយឡែក ជារឿងគួរឲ្យសោកស្ដាយ កីឡាករកម្ពុជា ២រូបផ្សេងទៀត គឺ ព្រំ រស្មី និង លាភ ហេង បរាជ័យ ដោយសារបញ្ហាម៉ាស៊ីនឡានខូច។
 
លោក វង្ស គឹមហួត បានបញ្ជាក់ថា ជ័យជម្នះនេះ បានមកដោយសារស្មារតីសាមគ្គីជាក្រុម ដែលបានមកពីការរួមចំណែកពីក្រុមការងារបច្ចេកទេស ការលើកទឹកចិត្តពីប្រធានក្រុមដឹកនាំ លោក ឈិន ឈុំសីហា និងក្រុមការងារពាក់ព័ន្ធផ្សេងទៀត។ 
  

រូបភាពនៃការប្រណាំងរថយន្ដ Off-Road រូបពីសហព័ន្ធកីឡាយានយន្ដកម្ពុជា

កីឡាករប្រណាំងរថយន្ដរូបនេះ បន្ថែមទៀតថា ការប្រណាំងនេះ មានឧបសគ្គ ដូចជាភ្លៀងធ្លាក់ខ្លាំង ស្ថានភាពផ្លូវលិចទឹក ភក់ជ្រៅ ដីល្បាប់ និងគ្រលុកជ្រៅៗ។ ឧបសគ្គទាំងនេះ បានធ្វើឲ្យកីឡាករចូលរួមខ្លះ បោះបង់ចោលការប្រកួត។
 
ម្ចាស់ពានរង្វាន់នេះ បន្ដទៀតថា ជោគជ័យនេះ គឺជាកត្តាជម្រុញសមត្ថភាពក្រុមការងារទាំងអស់ឲ្យកាន់តែស្ទាត់ជំនាញច្បាស់លាស់ និងបំពេញនូវអ្វី ដែលខ្វះខាត ដើម្បីពង្រឹងសមត្ថភាពត្រៀមប្រកួតព្រឹត្តិការណ៍អន្ដរជាតិនានា នៅពេលក្រោយទៀត។
 
«ជោគជ័យនេះ ជាកត្តាមួយដ៏ល្អសម្រាប់ជម្រុញសមត្ថភាពក្រុមការងារទាំងអស់អោយកាន់តែស្ទាត់ជំនាញច្បាស់លាស់ ដើម្បីពង្រឹងអ្វីដែលខ្វះខាត ជាពិសេសក៏ជាឱកាសសាកល្បងរថយន្តប្រណាំងឱ្យខ្លាំង និងរួចរាល់ត្រៀមការប្រណាំងលើកក្រោយទៀត ដូចជា ការប្រណាំងនៅខេត្តកាន់ឆាណាក់បូរី និងខេត្តត្រាងផងដែរ។»។ វង្ស គឹមហួត បាននិយាយដូច្នេះ៕

Tag:
 ប្រណាំងរថយន្ដ
  Off-Road
© រក្សាសិទ្ធិដោយ thmeythmey.com