អន្តរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ី គ្រោងផ្លាស់ប្តូររដ្ឋធានីមុនទិវាឯករាជ្យជាតិ
04, Jun 2024 , 8:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ គ្រោងផ្លាស់ប្តូររដ្ឋធានីពីហ្សាការតា ទៅនូសានតារា នៅមុនទិវាឯករាជ្យជាតិខ្លួន ដែលប្រារព្ធនៅថ្ងៃទី១៧ ខែសីហា។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីការងារសាធារណៈ និងផ្ទះសម្បែង នៅថ្ងៃទី៣ ខែមិថុនា ខណៈរដ្ឋធានីថ្មីខ្វះទុនវិនិយោគពីវិស័យឯកជន។

 
នូសានតារា នឹងជារដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ី បន្ទាប់ពីក្រុងហ្សាការតា ដែលប្រឈមដោយបញ្ហាទឹកលិច ការកកស្ទះចរាចរណ៍ និងខ្យល់កខ្វក់នៅក្នុងក្រុង។ មិនយូរឡើយ ឬអាចមុនទិវាឯករាជ្យជាតិ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ អាចប្រកាសពីការផ្លាស់ប្តូរទៅរដ្ឋធានីថ្មី។
 
«ជាក្តីសង្ឃឹម លោកប្រធានាធិបតី នឹងចាប់ផ្តើមធ្វើការលើទីក្រុងថ្មីនៅពេលការផ្គត់ផ្គង់ទឹកស្អាតរៀបចំរួចរាល់»។ លោក Basuki Hadimuljono រដ្ឋមន្រ្តីការងារសាធារណៈ និងផ្ទះសម្បែង បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចសម្ភាសនជាមួយសារព័ត៌មាន detikFinance នៅថ្ងៃទី៣ ខែមិថុនា។ បើតាមរដ្ឋមន្រ្តីរូបនេះ ម៉ាស៊ីនប៉ូមទឹក អាចទៅដល់ក្រុងBalikpapan ដែលជាក្រុងសំខាន់ទីពីរលើខេត្ត East Kalimantan នៅថ្ងៃទី៧ ខែមិថុនា ហើយការដំឡើងម៉ាស៊ីនទាំងនោះ អាចនឹងចប់រួចរាល់នៅចុងខែមិថុនា ឬដើមខែសីហា។ 
 
កន្លងមក ការផ្លាស់ប្តូររដ្ឋធានីទៅនូសានតារា ត្រូវបានរំពឹងថា នឹងប្រកាសនៅថ្ងៃទី១៧ ខែសីហា ដែលជាទិវាឯករាជ្យជាតិឥណ្ឌូណេស៊ី។ នៅដំណាក់កាលដំបូងនៃការផ្លាស់ប្តូររដ្ឋធានី ឥណ្ឌូណេស៊ី នឹងចាប់ផ្តើមផ្ទេរមន្រ្តីប្រមាណ ១២០០០នាក់ នៅខែកញ្ញា។ 
 
ពេលនេះ អាជ្ញាធរឥណ្ឌូណេស៊ី កំពុងរៀបចំអាកាសយានដ្ឋាន និងតាក់ស៊ីផ្លូវអាកាស ដែលអាចរួចរាល់ក្នុងពេលឆាប់ៗខាងមុខ ខណៈឥណ្ឌូណេស៊ី ប្រឈមនឹងកង្វះការវិនិយោគពីផ្នែកឯកជន។ 
 
ស្របពេលឥណ្ឌូណេស៊ីកំពុងពន្លឿនផែនការប្តូររដ្ឋធានី ប្រធានកាន់គម្រោងប្តូររដ្ឋធានី លោក Bambang Susantono និងអនុប្រធាន លោក Dhony Rahajoe បានលាលែងពីតំណែង។ ទោះជាមានការលាលែងពីតំណែងភ្លាមៗ លោកវីដូដូ ដែលនឹងចប់អាណត្តិនៅខែតុលាខាងមុខ បានធានាគម្រោងអភិវឌ្ឍទីក្រុងដែលមានតម្លៃ៣២ពាន់លានដុល្លារ នឹងនៅតែបន្ត៕ 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com