ជាតិ
សម្តេច ហ៊ុន ម៉ាណែត ស្នើអាម៉េរិកបន្តកិច្ចសហប្រតិបត្តិការសមយុទ្ធយោធាឡើងវិញ
04, Jun 2024 , 5:54 pm        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា (ឆ្វេង) ចាប់ដៃជាមួយលោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក នៅថ្ងៃទី៤ ខែមិថុនា។ រូបភាព AFP
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា (ឆ្វេង) ចាប់ដៃជាមួយលោក ឡយ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក នៅថ្ងៃទី៤ ខែមិថុនា។ រូបភាព AFP
សម្តេច ហ៊ុន ម៉ាណែត បានស្នើរដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីនឱ្យបន្តនូវកិច្ចសហប្រតិបត្តិការឡើងវិញលើការធ្វើសមយុទ្ធយោធារវាងកងទ័ពកម្ពុជា និងអាម៉េរិក។ នេះបើតាមសំណេរបង្ហោះលើបណ្តាញសង្គមសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ ជាការឆ្លើយតប ប្រមុខការពារជាតិអាម៉េរិក បានសន្យាពង្រីកកិច្ចសហប្រតិបត្តិជាមួយកម្ពុជា ជាពិសេសលើវិស័យការពារជាតិ។

 
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា លោក ឡយ អូស្ទីន ប្រមុខការពារជាតិអាម៉េរិក បានលើកយកប្រធានបទពាក់ព័ន្ធនឹងការពារជាតិ និងប្រធានបទផ្សេងទៀត ទៅពិភាក្សាជាមួយសម្តេច ហ៊ុន ម៉ាណែត ប្រមុខរដ្ឋាភិបាលកម្ពុជា។ នៅចំពោះមុខរដ្ឋមន្រ្តីការពារជាតិអាម៉េរិក សម្តេច ហ៊ុន ម៉ាណែត បានស្នើបន្តឡើងវិញនូវកិច្ចសហប្រតិបត្តិការលើការធ្វើសមយុទ្ធកងទ័ពកម្ពុជា និងអាម៉េរិក។ កម្ពុជា និងអាម៉េរិក បានផ្អាកសមយុទ្ធយោធាទ្វេភាគី ចាប់តាំងពីឆ្នាំ២០១៧ មក។
 
«សម្តេច បានស្នើរដ្ឋមន្រ្តីការពារជាតិបន្តកិច្ចសហប្រតិបត្តិការឡើងវិញលើវិស័យមួយចំនួន ដូចជាការផ្លាស់ប្តូរនិស្សិតផ្នែកកងទ័ពប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការលើការធ្វើសមយុទ្ធយោធារវាងកម្ពុជា និងអាម៉េរិក»។ នេះបើតាមសំណេរមួយបង្ហោះលើបណ្តាសង្គមប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ក្រោយជំនួបភាគីអាម៉េរិក និងកម្ពុជា។ 
 
បើតាមសម្តេច​ ហ៊ុន ម៉ាណែត ដំណើរទស្សនកិច្ចលើកទីពីររបស់លោក អូស្ទីន នៅកម្ពុជា នឹងជួយរឹតចំណងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ជាពិសេសលើវិស័យការពារជាតិ។ មេដឹកនាំកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា វត្តមានរបស់ លោក អូស្ទីន នៅកម្ពុជា នឹងជាឱកាសថ្មីមួយ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ ជាពិសេសការប្រយុទ្ធប្រឆាំងភេរវកម្ម ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន។ 
 
ចំណែកប្រមុខការពារជាតិអាម៉េរិក​ បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក នឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសវិស័យការពារជាតិ។ លោកអូស្ទីន បានអរគុណកម្ពុជា ចំពោះការទទួលយ៉ាងកក់ក្តៅពីភាគីកម្ពុជា។ អតីតនិស្សិតនៅបណ្ឌិត្យសភាយោធាអាម៉េរិក West Point ទាំងពីរ បានពិភាក្សាពីបញ្ហានៅក្នុងតំបន់ផង។
 
នៅក្នុងថ្ងៃដដែល រដ្ឋមន្រ្តីការពារជាតិអាម៉េរិក បានជួបជាមួយសម្តេច​ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ ក្នុងជំនួបនោះ សម្តេច ហ៊ុន សែន បានស្នើអាម៉េរិក កុំដាក់កម្ពុជាទៅក្នុងជម្លោះភូមិសាស្រ្តនយោបាយ និងកុំយកកម្ពុជា ធ្វើជាកន្លែងប្រយុទ្ធ។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ ក៏បានជជែកពីបញ្ហាសមុទ្រចិនខាងត្បូង សង្រ្គាមនៅអ៊ុយក្រែន និងជម្លោះនៅតំបន់មជ្ឈិមបូព៌ាផងដែរ៕

Tag:
 កម្ពុជា
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com