អន្តរជាតិ
លោកពូទីន ព្រមានបំពាក់អាវុធលើប្រទេសដែលអាចវាយប្រហារលោកខាងលិច
06, Jun 2024 , 4:30 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព AFP
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី៥ ខែមិថុនា បានព្រមានបំពាក់មីស៊ីលចម្ងាយលើប្រទេសផ្សេង ដែលផ្តោតគោលដៅលើប្រទេសផ្សេង ដើម្បីសងសឹកបណ្តាប្រទេសលោកខាងលិច ដែលអនុញ្ញាតឱ្យអ៊ុយក្រែនវាយប្រហារមីស៊ីលក្នុងដីខ្លួន។



ក្នុងកិច្ចសម្ភាសនដ៏កម្រជាមួយអ្នកសារព័ត៌មានបរទេសនៅក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg ក្នុងថ្ងៃទី៥ ខែមិថុនា លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានឆ្លើយតបនឹងសំណួរជាច្រើន ជាពិសេសពាក់ព័ន្ធនឹងសង្រ្គាមជាមួយអ៊ុយក្រែន។ បើតាមលោកពូទីន រុស្ស៊ីអាចបំពាក់អាវុធនៅបណ្តាប្រទេសផ្សេង ដែលផ្តោតគោលដៅលើប្រទេសលោកខាងលិច ដូចប្រទេសលោកខាងលិចបំពាក់អាវុធនៅអ៊ុយក្រែនដែរ។ 
 
«ប្រសិនបើនរណាម្នាក់គិតថា វាអាចទៅរួចដែលផ្គត់ផ្គង់អាវុធទៅតំបន់ប្រយុទ្ធ (អ៊ុយក្រែន) ដើម្បីវាយប្រហារដែនដី និងបង្កើតបញ្ហាសម្រាប់យើង ហេតុអ្វីយើងមិនមានសិទ្ធិក្នុងការផ្តល់អាវុធដូចគ្នាទៅតំបន់ណាមួយ ដែលអាចវាយប្រហារទីតាំងសំខាន់ៗរបស់ប្រទេសលោកខាងលិចបាន»។ មេដឹកនាំដ៏មានឥទ្ធិពលរុស្ស៊ីបានប្រើពាក្យធ្ងន់ៗបែបនេះ។ 
 
ជាការពិត ការព្រមានរបស់មេដឹកនាំរុស្ស៊ីខាងលើ ធ្វើឡើងក្រោយប្រទេសលោកខាងលិច ជាពិសេសអាម៉េរិក និងអាល្លឺម៉ង់ បានអនុញ្ញាតឱ្យអ៊ុយក្រែនអាចវាយប្រហារទៅក្នុងដីរុស្ស៊ីបានដោយផ្នែក។ 
 
ទន្ទឹមនេះ មេដឹកនាំរុស្ស៊ី​ បានបន្លុយជាថ្មីពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរជាថ្មីផងដែរ។ លោកពូទីន បានពន្យល់ថា ប្រសិនបើប្រទេសណាមួយ ចង់គំរាមកំហែងដល់អធិបតេយ្យ និងបូរណភាពដែនដីរបស់ខ្លួន រុស្ស៊ី នឹងប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាង ដើម្បីការពារខ្លួន។ 
 
ក្នុងនាមជាប្រទេសមហាអំណាចអាវុធមួយ ប្រធានាធិបតីរុស្ស៊ី បានបញ្ជាក់ថា សមរភូមិអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី គឺធំជាងឆ្ងាយណាស់ បើធៀបនុយក្លេអ៊ែរ ដែលអាម៉េរិកទម្លាក់លើជប៉ុន ក្នុងឆ្នាំ១៩៤៥។ អាវុធ Tsar Bomba ជាអាវុធនុយក្លេអ៊ែរមួយប្រភេទ ដែលកាន់កាប់ដោយរុស្ស៊ី ហើយវាមានកម្លាំងផ្ទុះខ្លាំងបំផុតដល់ ៥០ម៉េហ្កាតោន។ 
 
ក្រៅពីប្រធានបទសង្រ្គាមនៅអ៊ុយក្រែន លោកពូទីន ក៏បានបញ្ជាក់ពីការបោះឆ្នោតនៅអាម៉េរិកផងដែរ។ បើតាមមេដឹកនាំរុស្ស៊ី មិនថាលោក ដូណាល់ ត្រាំ ឬលោក ចូ បៃឌិន ដឹកនាំអាម៉េរិកនោះទេ វាមិនអាចផ្លាស់ប្តូរទំនាក់ទំនងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងមូស្គូបាននោះឡើយ។ 
 
នេះមិនមែនជារឿងថ្មីទេ ដែលប្រធានាធិបតីរុស្ស៊ី និយាយពីការបោះឆ្នោតនៅអាម៉េរិក។ កន្លងមក លោកពូទីន ថែមទាំងចង់ឃើញ លោក បៃឌិន ឈ្នះការបោះឆ្នោតជាថ្មីថែមទៀត៕ 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com