ជាតិ
អត្ដពលិកមិនប្រឹងខ្លួនឯង ទោះមានគ្រូល្អប៉ុណ្ណា ក៏មិនរីកចម្រើន
07, Jun 2024 , 6:19 pm        
រូបភាព
លោក សរ សិទ្ធិ ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល និងមន្ដ្រីបច្ចេកទេស
លោក សរ សិទ្ធិ ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល និងមន្ដ្រីបច្ចេកទេស
កីឡាករ-កីឡាការិនី នឹងមិនមានសមត្ថភាពខ្លាំងទេ បើគ្មានឆន្ទៈ វិន័យ និងស្មារតីហ្វឹកហាត់បន្ថែមដោយខ្លួនឯង ហើយបន្ទោសទៅលើគ្រូបង្វឹក និងមនុស្សជុំវិញខ្លួន នៅពេលបរាជ័យ។ លោក សរ សិទ្ធិ ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ទូន្មានទៅកាន់អត្តពលិកដូច្នេះ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល និងមន្ដ្រីបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។



ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល និងមន្ដ្រីបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក លោក សរ សិទ្ធិ បាននិយាយថា រយៈពេល២ឆ្នាំ ចុងក្រោយនេះ កីឡាសូហ្វតិន្នីសកម្ពុជា អភិវឌ្ឍយឺត ជាពិសេសផ្នែកកីឡាការិនី។ ដូច្នេះហើយ ប្រធានសហព័ន្ធរូបនេះ ជម្រុញឲ្យអត្ដពលិក ទាំងអស់ប្រឹងប្រែងឡើងវិញ ហើយត្រូវមានគោលដៅ និងការតាំងចិត្តច្បាស់លាស់ បើមិនប្រឹងប្រែងបន្ថែមដោយខ្លួនឯងទេ អត្ដពលិក នឹងមិនអាចខ្លាំងឡើយ ទោះជាពួកគេ ហ្វឹកហាត់ជាមួយគ្រូ ដែលល្អដាច់គេក៏ដោយ។
 
លោក សរ សិទ្ធិ បាននិយាយថា៖«ខ្ញុំ ឃើញថាសូហ្វតិន្នីសយើង មានការវិវឌ្ឍតិចណាស់ បើធៀបទៅនិងពេលវេលា ទាំងការវិវឌ្ឍកីឡាករយើង។ កីឡាករយើង ខ្ញុំឃើញលេងមានការស្ទុះខាងផ្នែកបុរសខ្លះ ប៉ុន្ដែខាងផ្នែកនារី ទៅមុខយឺតណាស់។ អ៊ីចឹងហើយ ទាមទារឲ្យយើង ព្យាយាមឲ្យមែនទែន។ ការហ្វឹកហាត់នេះ យើងត្រូវមានគោលដៅច្បាស់លាស់ ហើយត្រូវដើរទន្ទឹមគ្នាជាមួយចំណេះដឹងបច្ចេកទេស បូករួមជាមួយភាពក្លាហានរបស់យើង។ ទោះគ្រូធ្លាក់ពីលើមេឃទៀត ក៏រៀនមិនចេះដែរ បើមិនប្រឹងដោយខ្លួនឯង យើងបាននៅត្រឹមតែប៉ុណ្ណឹងទេ។»។
 
ប្រធានសហព័ន្ធកីឡាសូហ្វតិន្នីស ចាត់ទុកថាវគ្គបណ្ដុះបណ្ដាលនេះ មានសារសំខាន់ ដោយសារតែជាការដុសខាត និងផ្ដល់នូវចំណេះដឹង ទៅដល់មន្ដ្រីបច្ចេកទេស និងអាជ្ញាកណ្ដាល ឲ្យមានកម្រិតនិងស្ដង់ដារ សម្រាប់ការរៀបចំព្រឹត្តិការណ៍ប្រកួតនានា។ សហព័ន្ធកីឡាសូហ្វតិន្នីស តែងតែបើកវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេស និងអាជ្ញាកណ្ដាល ជារៀងរាល់ឆ្នាំ។
 
គួរបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល និងមន្ដ្រីបច្ចេកទេស ថ្នាក់ជាតិ ត្រូវបានធ្វើចាប់ពីថ្ងៃទី៣-៧ ខែមិថុនា ឆ្នាំ២០២៤ នៅអាគារមជ្ឍមណ្ឌលកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានសិក្ខាកាមចូលរួម ២៦នាក់ ក្នុងនោះស្ដ្រីមាន ៤នាក់៕

Tag:
 សូហ្វតិន្នីស
  សរ សិទ្ធិ
© រក្សាសិទ្ធិដោយ thmeythmey.com