អន្តរជាតិ
រដ្ឋាភិបាលថៃ សន្យាជួយចំណាយកសិករពាក់កណ្តាលក្នុងការទិញជី
15, Jun 2024 , 6:00 pm        
រូបភាព
កសិករថៃ។ រូបភាព AFP
កសិករថៃ។ រូបភាព AFP
រដ្ឋាភិបាលថៃ នឹងដាក់ចេញក្របខណ្ឌជួយចេញថ្លៃចំណាយពាក់កណ្តាលលើជីកសិកម្មសម្រាប់កសិករដាំស្រូវ លើសពី ៤លានគ្រួសារ ដើម្បីជួយកាត់បន្ថយថ្លៃចំណាយ។ លោក Phumtham Wechayachai រដ្ឋមន្រ្តីពាណិជ្ជកម្មថៃ បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៤ ខែមិថុនា។

 
ថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគោលនយោបាយស្រូវជាតិថៃ លោករដ្ឋមន្រ្តីពាណិជ្ជកម្ម Phumtham Wechayac បានសន្យាធ្វើឱ្យតម្លៃស្រូវក្នុងឆ្នាំនេះ ខ្ពស់ជាងឆ្នាំមុន ហើយត្រៀមវិធានការមួយចំនួន ដើម្បីជួយកសិករក្នុងការកាត់បន្ថយថ្លៃចំណាយ ក្នុងនោះរួមមានវិធានការជួយចេញថ្លៃចំណាយពាក់កណ្តាលលើជីសម្រាប់ដាក់ក្នុងស្រែ។ 
 
«គោលនយោបាយជី ត្រូវបានបញ្ចេញនៅពេលថ្មីៗនេះ ហើយរដ្ឋាភិបាលសន្យាជួយចេញពាក់កណ្តាល»។ កាសែតបាងកកប៉ុស្តិ៍ បានស្រង់សម្តីរដ្ឋមន្រ្តីពាណិជ្ជកម្មថៃ ដែលបានលើកឡើងនៅថ្ងៃទី១៤ ខែមិថុនាបែបនេះ។ 
 
នៅក្នុងគម្រោងជួយចំណាយថ្លៃជី រដ្ឋាភិបាលថៃ នឹងអនុវត្តតាមធនាគារកសិកម្ម និងកម្មវិធីសហករណ៍ក្នុងវិស័យកសិកម្ម ដែលនឹងផ្តល់សម្រាប់កសិករទាំងអស់។ ទន្ទឹមនេះ អ្នកផ្គត់ផ្គង់ជី នឹងត្រូវអញ្ជើញឱ្យមានកំណត់តម្លៃជាក់លាក់មួយ ក្នុងគោលបំណងបញ្ចៀសការកើនឡើងតម្លៃជីខ្លាំង។ 
 
ដើម្បីជួយកសិករកាត់បន្ថយថ្លៃចំណាយ ថៃគ្រោងគាំទ្រផ្តល់ប្រាក់ ៥០០បាត (១៣,៦៣ដុល្លារ) ក្នុងមួយរ៉ៃ ដោយផ្តល់ឱ្យគ្រួសារកសិករ ដែលមានដីស្រែលើស ២០រ៉ៃឡើងទៅ។ កសិករត្រូវតែមានចុះឈ្មោះ ក្នុងនាយកដ្ឋានផ្នែកកសិកម្ម ហើយគ្រួសារកសិករប្រមាណ៤,៦៨ លាន អាចទទួលបានជំនួយទាំងនោះ។ 
 
សម្រាប់គម្រោងជួយចេញថ្លៃជីពាក់កណ្តាល រដ្ឋាភិបាលថៃ គ្រោងចំណាយ ៨១៤លានដុល្លារ ហើយអាចអនុវត្តនៅក្នុងរដូវកាលដាំស្រូវឆ្នាំ២០២៤ ដល់ឆ្នាំ២០២៥៕

Tag:
 (ថៃ)
© រក្សាសិទ្ធិដោយ thmeythmey.com