កីឡាអន្តរជាតិ
អន្តរជាតិ
លោក វ៉ាត់ ចំរើន ចង់ឃើញកីឡាយូដូកម្ពុជាឈ្នះមេដាយអូឡាំពិកឆ្នាំ ២០២៨ និង ២០៣២ ![](https://image.thmeythmey.com/pictures/2024/06/16/16620241217front.jpg)
×![]()
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ចង់ឃើញអត្តពលិកកីឡាយូដូរបស់កម្ពុជា ឈ្នះមេដាយមាសអូឡាំពិក យ៉ាងតិច ១ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ ២០២៨ ឬនៅឆ្នាំ ២០៣២។
លោក វ៉ាត់ ចំរើន បានបង្ហាញបំណងក្តីស្រមៃបែបនេះ នៅក្នុងកម្មវិធីបិទវគ្គសិក្សា សាមគ្គីអូឡាំពិក គ្រូបង្វឹកកីឡាយូដូ ដូច្នេះ ៖«អ៊ីចឹងក្តីស្រមៃរបស់ថ្នាក់ដឹកនាំកីឡា ក៏ដូចជាក្តីស្រមៃរបស់ខ្ញុំ គឺចង់ឃើញកីឡាណាមួយ ទៅយកមេដាយអូឡាំពិក ២០២៨ ឬ ២០៣២ បានមេដាយមួយពីអូឡាំពិកមក។ យើងសាកស្រមៃទៅមើលថាយើងទៅយកមេដាយនៅអូឡាំពិក ហើយយើងចង់ឱ្យកីឡាករយូដូយើងម្នាក់ទៅយកមេដាយនៅអូឡាំពិក។ មេដាយកម្រិតទ្វីបអាស៊ីយើងយកបានហើយ ប៉ុន្តែកម្រិតកីឡាអូឡាំពិកយើងមិនទាន់យកបាននៅឡើយទេ។»។
![](https://image.thmeythmey.com/pictures/2024/06/16/a1.jpg)
កាលពីថ្ងៃទី១៣ ខែមិថុនា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំកម្មវិធីបិទវគ្គសិក្សា សាមគ្គីអូឡាំពិក ស្តីពីគ្រូបង្វឹកកីឡាយូដូកម្រិតថ្នាក់ជាតិ ដែលបង្ហាត់បង្រៀនពីសំណាក់គ្រូឧទ្ទេស មកពីសហព័ន្ធកីឡាយូដូអន្តរជាតិ។ វគ្គសិក្សាស្តីពីគ្រូបង្វឹកកីឡាយូដូ មានសិក្ខាកម្មចូលរួមសិក្សាចំនួន ២០រូប មកពីស្ថាប័នកីឡាក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងបណ្តាក្លិបមកពីតាមខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា ស្ថិតក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាយូដូកម្ពុជា។
សម្រាប់វគ្គសិក្សានេះទៀតសោត លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ដែលត្រូវបានគេដឹងថា លោកមានជំនាញទៅលើប្រភេទកីឡាយូដូនេះផង បានផ្តាំផ្ញើរទៅកាន់សិក្ខាកម្ម ដែលសិក្សាវគ្គសាមគ្គីអូឡាំពិកទាំង ២០រូប ឱ្យជួយបង្ហាត់បង្រៀន និងព្យាយាមស្វែងរកធនធានកីឡាករថ្មីលើប្រភេទកីឡាយូដូ។
![](https://image.thmeythmey.com/pictures/2024/06/16/a3.jpg)
មួយវិញទៀត អគ្គលេខាធិការ NOCC ក៏បានក្រើនរំឮកទៅកាន់សិក្ខាកម្មទាំងអស់ ដែលកំពុងស្ថិតនៅក្នុងសម័យបច្ចេកវិទ្យាឌីជីថល ឱ្យចែករំលែកពីការហ្វឹកហាត់កីឡាយូដូ តាមរយៈការថតវីដេអូបង្ហាត់បង្រៀន បង្ហោះនៅលើបណ្តាញសង្គមនានា ដើម្បីឱ្យមហាជនចាប់អារម្មណ៍ និងជួយផ្សព្វផ្សាយពីប្រភេទកីឡានេះ ឱ្យបានកាន់តែទូលំទូលាយថែមទៀត៕
Tag:
(វ៉ាត់ ចំរើន
អូឡាំពិក
កីឡាយូដូ)
© រក្សាសិទ្ធិដោយ thmeythmey.com