RFI
អន្តរជាតិ
អាកទិក៖ អូតង់វិភាគរលកសំលេងក្រោមសមុទ្ទ ដើម្បីងាយទប់ទល់នឹងនាវាមុជទឹករុស្ស៊ី
17, Jun 2024 , 8:30 am        
រូបភាព
អាកទិក៖ អូតង់វិភាគរលកសំលេងក្រោមសមុទ្ទ ដើម្បីងាយទប់ទល់នឹងនាវាមុជទឹករុស្ស៊ី via REUTERS - Natalie Thomas
អាកទិក៖ អូតង់វិភាគរលកសំលេងក្រោមសមុទ្ទ ដើម្បីងាយទប់ទល់នឹងនាវាមុជទឹករុស្ស៊ី via REUTERS - Natalie Thomas
ដោយ៖អៀង សុខម៉ិញ/RFIខេមរភាសា
 
អ្នកវិទ្យាសាស្ត្ររបស់អង្គការអូតង់ កំពុងចាប់ផ្តើមសិក្សាវិភាគឡើងវិញយ៉ាងហ្មត់ចត់ រលកសំលេងនៅបាតមហាសមុទ្ទអាកទិក។ រលកសំលេងជាប្រភពផ្តល់ព័ត៌មានយ៉ាងប្រាកដមួយ ក្នុងការតាមចាប់នាវាមុជទឹករុស្ស៊ី ដែលធ្វើចរាចរណ៍ច្រើននៅក្នុងតំបន់ប៉ូលនេះ។ ប៉ុន្តែការប្រែប្រួលអាកាសធាតុបានមករំខានប្រតិបត្តិការ និងបច្ចេកវិទ្យាចាប់រលកសំលេងនាវាមុជទឹកនៅបាតសមុទ្ទ។

នាវាវិទ្យាសាស្ត្រអូតង់ NRV Alliance គ្រប់គ្រងដោយកងទ័ពម៉ារីនអ៊ីតាលី បានដឹកនាំក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្ត្រអូតង់ ទៅដល់តំបន់ប៉ូល ត្រង់កន្លែងប្រសព្វរវាងទឹកមហាសមុទ្ទអាត្លង់ទិកនិងអាកទិក។ កម្មវត្ថុ គឺដើម្បីសិក្សាស្រាវជ្រាវឱ្យបានយល់ថាតើការឡើងកម្តៅសីតុណ្ហភាព ដែលតំបន់ប៉ូលអាកទិករងផលប៉ះពាល់ខ្លាំងជាងគេ រំខានដល់ចរន្តរលកសំឡេងនាវាមុជទឹកយ៉ាងដូចម្តេចខ្លះ?
 
ប្រព្រឹត្តទៅក្រោមបទបញ្ជាយ៉ាងតឹងរឹងដើម្បីកុំឱ្យរំខាននិងបំផ្លាញប្រព័ន្ធអេកូសាស្ត្រ ក្នុងរយៈពេលបីសប្តាហ៍ អ្នកវិទ្យាសាស្ត្ររបស់អូតង់ នឹងចម្លងសំឡេងទៅក្នុងទឹក ហើយចាប់ ស្រូប និងប្រមូលនិន្ន័យមកវិភាគ។ នៅពេលឮសំឡេងសត្វមកជិត គេពន្លត់ការបន្លឺសំឡេងភ្លាម។ ដើម្បីបានទិន្នន័យ គេពន្លិចឧបករណ៍ វាស់សីតុណ្ហភាព ភាពប្រៃ និងសម្ពាធ ដែលជាកត្តាកំណត់ល្បឿនសំឡេងក្នុងទឹក។ ក្រោមឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ភពផែនដីឡើងកម្តៅសីតុណ្ហភាព កត្តាទាំងនេះបានប្តូរផ្លាស់ ទើបការព្យាករណ៍អំពីដំណើរទិសរបស់រលកសំឡេងកាន់តែស្មុគស្មាញ។
 
ម្យ៉ាងវិញទៀតទិដ្ឋភាពសំឡេងនៅតំបន់អាកទិកបានប្រែប្រួលខ្លាំងដែរ។ អាកទិកលែងជា ជាពិភពស្ងាត់ជ្រងំដូចមុន ព្រោះតែវត្តមានមនុស្សកាន់តែច្រើន ផ្ទាំងទឹកកកប្រេះបញ្ចេញស្នូរសំឡេងជាបន្តបន្ទាប់ ហើយអនាគតទៅសំឡេងមានកាន់តែខ្លាំង ដោយសារតំបន់នេះនឹងក្លាយជាផ្លូវដឹកជញ្ជូនតាមសមុទ្ទថ្មី។
 
ដូច្នេះហេតុហើយទើបអ្នកវិទ្យាសាស្ត្រអូតង់ចាំបាច់ត្រូវតែសិក្សាដើម្បីបង្កើនចំណេះដឹងជុំវិញតំបន់អាកទិក។ ចំណេះដឹង និងទិន្នន័យរលកសំឡេងថ្មី មានតម្លៃជាយុទ្ធសាស្ត្រខ្លាំងណាស់ សម្រាប់បង្កើនសមត្ថភាពចាប់វត្តមាននាវាមុជទឹករបស់សត្រូវផង និងសម្រាប់ឈានទៅបង្កើតរ៉ូបូមុជទឹកដោយគ្មានអ្នកបើកផង ព្រមទាំងអាចកំណត់អត្តសញ្ញាណនាវាបើកនៅលើផ្ទៃទឹក។
 
បើតាមអត្ថបទមួយចុះផ្សាយក្នុងទស្សនាវដ្តីអាមេរិក National Security Review ការប្រែប្រួលអាកាសធាតុអាចរំខានដល់សមត្ថភាពចាប់សញ្ញានាវាមុជទឹក ឬអាចនិយាយបែបផ្សេងថា ការប្រែប្រួលអាកាសធាតុអាចដំឡើង ឬបញ្ចុះកំរិតបញ្ចេញសំឡេងរបស់នាវាមុជទឹក ដែលធ្វើឱ្យគេពិបាកបែងចែងរវាងសំឡេងរបស់នាវាមុជទឹក ទៅនឹងរលកសំឡេងបរិយាកាសជុំវិញ។
 
ប៉ុន្តែសម្រាប់លោក Gaultier Real អ្នកជំនាញរបស់មជ្ឈមណ្ឌលស្រាវជ្រាវនិងសិក្សាពិសោធន៍សំឡេងក្នុងទឹករបស់អូតង់ គេមិនទាន់អាចកំណត់បានជាលក្ខណៈទូទៅអំពីផលប៉ះពាល់នៃការឡើងកម្តៅសីតុណ្ហភាពចំពោះការប្រយុទ្ធប្រឆាំងនាវាមុជទឹកទេ។ គ្រាន់តែសម្រាប់អឺរ៉ុប ការគំរាមកំហែងនៅកៀកកើយបំផុត។ នៅអាកទិក យោធារុស្ស៊ីអភិវឌ្ឍសមត្ថភាពលឿននិងទំនើបខ្លាំងណាស់ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងផ្នែកបច្ចេកវិទ្យា និង យោធា ហើយមិនរងខូចខាតដោយសង្គ្រាមនៅអ៊ុយក្រែនទេ។ មូលដ្ឋានទ័ពជើងទឹកដ៏មានមហិទ្ធិរិទ្ធ បំពាក់ដោយនាវាមុជទឹកមានមីស៊ីលនុយក្លេអ៊ែរជាច្រើនគ្រឿង មានទីតាំងស្ថិតនៅក្នុងតំបន់ប៉ូលខាងជើង អាកទិកនេះតែម្តង៕

© រក្សាសិទ្ធិដោយ thmeythmey.com