ជាតិ
សម្តេច ហ៊ុន ម៉ាណែត ឱ្យអាជ្ញាធររាជធានីភ្នំពេញ បង្កើន«ចំណតយានយន្តក្រោមដី» ![](https://image.thmeythmey.com/pictures/2024/06/17/bb.jpg)
×![]()
ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត បានប្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យលទ្ធភាពរៀបចំ និងបង្កើន«ចំណតយានយន្តក្រោមដី» ឱ្យបានកាន់តែច្រើនដើម្បីកាត់បន្ថយការស្ទះចរាចរណ៍។ បើតាមប្រមុខរាជរដ្ឋាភិបាល ការបង្កើន«ចំណតយានយន្តក្រោមដី» អាចធ្វើទៅបាន ដោយចាប់ផ្តើមនៅទីតាំងសួនច្បារសាធារណៈនានា ដែលនឹងអាចកាត់បន្ថយការចតយានយន្តនៅលើចិញ្ចើមផ្លូវ បង្កឱ្យស្ទះចរាចរណ៍។
«បើថា ចតនៅលើផ្លូវ វាស្ទះ! ធ្វើ(ចំណត)ក្រោមសួនច្បារយើង។ នៅភ្នំពេញ យើងមានសួរច្បារច្រើន។ ធ្វើ Parking (ចំណត) ក្រោម(សួនច្បារ)ហ្នឹង ដើម្បីយើងរុញចូលទៅក្រោម»។ នេះបើតាម សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះនៅចំណុចប្រសព្វនៃផ្លូវ ៦០ម៉ែត្រ និងផ្លូវជាតិលេខ២ នៅព្រឹកថ្ងៃទី១៧ ខែមិថុនានេះ។
ក្រៅពីបំណងបង្កើន «ចំណតយានយន្តក្រោមដី» ដែលជាផ្នែកមួយនៃដំណោះស្រាយ បញ្ហាកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ជំរុញឱ្យក្រសួងរៀបចំដែនដី, ក្រសួងសាធារណការ និងរដ្ឋបាលរាជធានីភ្នំពេញ រួមគ្នាច្នៃប្រឌិត លើការប្រើប្រាស់ប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធផ្លូវគមនាគមន៍ និងប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលមានស្រាប់ ឱ្យអស់លទ្ធភាព។
សម្រាប់ សម្តេច នាយករដ្ឋមន្ត្រី មធ្យោបាយទាំងនោះ អាចជាការច្នៃប្រឌិតលើទិសដៅ និងរៀបចំលំហូរចរាចរណ៍ ក៏ដូចជាការពង្រីកខ្សែរថយន្តក្រុងសាធារណៈជាដើម ដ្បិតថាផ្លូវមួយចំនួនធំនៅកណ្តាលរាជធានីភ្នំពេញ ពុំអាចពង្រីកបានទៀតនោះទេ។ សម្តេច ហ៊ុន ម៉ាណែត បន្ថែមថា៖ «ឥឡូវនៅក្នុងក្រុងរបស់យើង យើងមានផ្លូវប៉ុណ្ណឹង ពង្រីកសឹងតែអស់ហើយ។ កន្លែងខ្លះ ពង្រីកសឹងអស់ចិញ្ចើម(ផ្លូវ)ហើយ មិនអាចពង្រីកទៀតទេ។ អ៊ីចឹងមានតែខិតខំរៀបចំ លំហូរ(ចរាចរណ៍) ឱ្យបានល្អ»។
ក្រៅពីជំរុញឱ្យស្ថាប័នពាក់ព័ណ្ធរួមគ្នាដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ប្រមុខរដ្ឋាភិបាល ក៏ស្វាគមន៍ការវិនិយោគវិស័យឯកជន លើការសាងសង់ចំណតយានយន្តបែបទំនើបផងដែរ។ សម្តេច ហ៊ុន ម៉ាណែត បញ្ជាក់ថា ការរួមគ្នាដោះស្រាយបញ្ហាចំណតយានយន្តនេះ នឹងរួមចំណែកយ៉ាងធំធេង ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងការកាត់បន្ថយភាពចង្អៀនណែននៃចរាចរណ៍ នៅក្នុងទីក្រុងភ្នំពេញ ដែលមានពលរដ្ឋប្រមាណ៣លាននាក់រស់នៅនេះ។
បច្ចុប្បន្នរាជធានីភ្នំពេញ មានចំណតយានយន្តក្រោមដី ២កន្លែងហើយដែលកំពុងតែដំណើរការ ដោយ១កន្លែង គឺក្រោមសួនច្បារចន្លោះវិមានកាណាឌីយ៉ា និងអគារវឌ្ឍនៈ និងមួយទីតាំងទៀត នៅក្រោមសួនច្បារមិត្តភាពកម្ពុជា-ថៃ ត្រង់ចន្លោះស្ថានទូតអាមេរិក និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
© រក្សាសិទ្ធិដោយ thmeythmey.com