សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អាម៉េរិកនាំមុខចិន ក្លាយជាប្រទេសនាំចេញធំរបស់អាស៊ាន
18, Jun 2024 , 9:29 am        
រូបភាព
កំពង់ផែ Qinzhou ក្នុងតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន។ រូបភាព ៖ Xinhua
កំពង់ផែ Qinzhou ក្នុងតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន។ រូបភាព ៖ Xinhua
ការនាំចេញរបស់បណ្តាប្រទេសអាស៊ានទាំង១០ ទៅកាន់អាម៉េរិកក្នុងត្រីមាសទី១ ឆ្នាំនេះឈានដល់ ៦៧,២ ពាន់លានដុល្លារ។ ទំហំទឹកប្រាក់នេះខ្ពស់ជាងការនាំចេញទៅកាន់ចិនមានត្រឹមតែ ៥៧ ពាន់លានដុល្លារ។ 

 
នៅត្រីមាសទី១ ឆ្នាំ២០២៤ ជាលើកដំបូងបន្ទាប់ពីរយៈពេល ៦ត្រីមាសដែលទំហំទឹកប្រាក់នៃការនាំចេញរបស់បណ្តាប្រទេសអាស៊ានទៅកាន់អាម៉េរិក បាននាំមុខចិន។ បើតាមទិន្នន័យសារព័ត៌មានជប៉ុន Nikkei Asia ចំណូលនៃការនាំចេញសរុបរបស់ប្រទេសអាស៊ានទាំង១០ ទៅកាន់អាម៉េរិកនៅត្រីមាសទី១ ឆ្នាំនេះបានកើនឡើងដល់ ៦៧,២ពាន់លានដុល្លារដែលខ្ពស់ជាងទៅចិន ៥៧ពាន់លានដុល្លារ។​
 
អ្នកវិភាគនិយាយថា នេះឆ្លុះបញ្ចាំងពីនិន្នាការនៃការកើនឡើងនៃការទិញគ្រឿងបន្លាស់ និងបន្ទះឈីបរបស់អាម៉េរិកពីអាស៊ាន ហើយក៏បង្ហាញពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចចិនផងដែរ។
 
អាស៊ាន​រួម​មាន​ប្រទេស​សមាជិក​ព្រុយណេ កម្ពុជា ឡាវ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម។ នៅក្នុងប្លុកនេះ ការនាំចេញរបស់ម៉ាឡេស៊ីទៅកាន់អាម៉េរិកតែឯងបានកើនឡើង ៨ភាគរយ បើប្រៀបទៅនឹងត្រីមាសទី១ ឆ្នាំមុន ខណៈការនាំចេញទៅកាន់ចិនបានថយចុះ ៣,៣ភាគរយ។
 
លោកស្រី Intan Nadia Jalil សេដ្ឋវិទូនៅក្រុមហ៊ុន CIMB Group បានប្រាប់ Nikkei Asia ថា ៖« និន្នាការបច្ចុប្បន្នត្រូវបានចាក់ឫសទាំងកត្តារចនាសម្ព័ន្ធ និងវដ្តសេដ្ឋកិច្ចចិន ខណៈចិននៅតែជាផ្នែកសំខាន់នៃខ្សែច្រវាក់តម្លៃអេឡិចត្រូនិក ការកើនឡើងនៃការចំណាយ ក៏ដូចជាកត្តាស្ថាប័ន និងនយោបាយ។ ភាពតានតឹងផ្នែកពាណិជ្ជកម្មដ៏សំខាន់បំផុតជាមួយអាម៉េរិក កំពុងជំរុញឱ្យអាជីវកម្មប្រទេសនេះ ផ្លាស់ទីកាន់តែឆ្ងាយពីចិន ហើយម៉ាឡេស៊ីជាកន្លែងមួយដែលទទួលបានអត្ថប្រយោជន៍ពីនិន្នាការនេះ»។
 
ទន្ទឹមនេះ លោកស្រី Arinah Najwa នាយកក្រុមហ៊ុនប្រឹក្សា BowerGroupAsia បាននិយាយថា អាជីវកម្មអាម៉េរិកចង់កាត់បន្ថយហានិភ័យពីចិន និងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីកាត់បន្ថយការពឹងផ្អែកលើសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។
 
លោកស្រី Najwa និយាយថា ម៉ាឡេស៊ីជាទិសដៅជំនួសដ៏គួរឱ្យទាក់ទាញមួយ ដោយសារប្រព័ន្ធអេកូឡូស៊ីផលិតកម្មដែលបានអភិវឌ្ឍ ទីតាំងភូមិសាស្រ្តជាយុទ្ធសាស្ត្រ និងកម្លាំងពលកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលអាចជំនួសចិនបាន។ 
 
សម្រាប់វៀតណាម ទីផ្សារអាម៉េរិកមាន ២៨ភាគរយនៃទំហំនាំចេញសរុបក្នុងឆ្នាំ ២០២៣ ខណៈចិនមាន ១៧ភាគរយ។ ក្នុងត្រីមាសទី១ ឆ្នាំនេះ ការនាំចេញរបស់វៀតណាមទៅកាន់អាម៉េរិកបានកើន ២៤ភាគរយធៀបគ្រាដូចគ្នាកាលពីឆ្នាំមុន ដល់ ២៥,៧ពាន់លានដុល្លារ ដែលជាកំណើនដ៏ធំបំផុតក្នុងចំណោមប្រទេសសមាជិកអាស៊ាន និងលើសថៃ (១២,៦ពាន់លានដុល្លារ), កម្ពុជា(១,៩៨ពាន់លានដុល្លារ) និងសិង្ហបុរី (១២ ពាន់លានដុល្លារ)។
 
ចំណែកថៃ ចំណូលនៃការនាំចេញនៅក្នុងត្រីមាសទី១ ទៅកាន់ចិនបានធ្លាក់ចុះ ៥,១ភាគរយ បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំមុន ក្នុងនោះការនាំចេញផលិតផលដូចជាកៅស៊ូ ផលិតផលដំឡូងមី និងផ្លែឈើមានការថយចុះ។ ផ្ទុយទៅវិញ ការនាំចេញរបស់ថៃទៅកាន់អាម៉េរិកបានកើនឡើង ៩,៨ភាគរយ ភាគច្រើនដោយសារផលិតផលកសិកម្ម។
 
អ្នកវិភាគនៅវិទ្យាស្ថានស្រាវជ្រាវ Kasikorn របស់ថៃបាននិយាយថា សេដ្ឋកិច្ចចិនកំពុងប្រឈមមុខនឹងហានិភ័យនៃបរិត្តផរណា។ ចំណែកអតិផរណា​​ប្រទេសនេះ ​បាន​ធ្លាក់​ចុះ​៤​ខែ​ជាប់​គ្នា​កដល់​ខែ​មីនាដែល​បង្ហាញ​ថា ​តម្រូវ​ការ​ក្នុង​ស្រុក​អាច​នៅ​តែ​ខ្សោយ។
 
កត្តាសំខាន់មួយទៀតដែលជះឥទ្ធិពលដល់ការនាំចេញរបស់ថៃក្នុងត្រីមាសទី១ ឆ្នាំនេះ គឺសកម្មភាពនាំចេញរថយន្ត។ លោក Surapong Paisitpattanapong ប្រធានសមាគមឧស្សាហកម្មរថយន្តថៃបាននិយាយថា ទិន្នផលនាំចេញរថយន្តរបស់ថៃបានធ្លាក់ចុះមកនៅត្រឹម ២៧៣ ៦៨០គ្រឿងក្នុងត្រីមាសទី១ ធ្លាក់ចុះ ៥ភាគរយ បើធៀបគ្រាដូចគ្នាកាលពីឆ្នាំមុន។
 
លោក Poonpong Naiyanapakorn ប្រធានការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ (TPSO) បាននិយាយថា ការនាំចេញរបស់ថៃទៅកាន់ចិន បានថយចុះខ្លាំងដោយសារតែតម្រូវការចុះខ្សោយនៅក្នុងសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។
 
«ទោះបីជាសេដ្ឋកិច្ចចិន បង្ហាញពីសញ្ញានៃការងើបឡើងវិញនៅឆ្នាំនេះក៏ដោយ ប៉ុន្តែវាមិនទាន់បានងើបឡើងវិញពេញលេញនៅឡើយ»។ លោក Naiyanapakorn លើកឡើងបែបនេះ៕ 

Tag:
 ​ អាស៊ាន
  ចិន
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com