ជាតិ
សេដ្ឋកិច្ច
កម្ពុជា ទូទាត់បំណុលឱ្យបរទេសបាន១៨១លានដុល្លារ ក្នុ​​ងត្រីមាសទី១​
18, Jun 2024 , 9:59 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រីរដ្ឋ ហ៊ុន ម៉ាណែត
សម្តេចនាយករដ្ឋមន្ត្រីរដ្ឋ ហ៊ុន ម៉ាណែត
ដោយ៖ ​ជ​​ ដារី​
 
ភ្នំពេញ៖​​​ ក្នុងត្រីមាសទី១ រដ្ឋាភិបាលទូទាត់បំណុលឱ្យបរទេសបានចំនួន១៨១លានដុល្លារ ដោយក្នុងនោះមាន១៤២,៤០លានដុល្លារ ជាប្រាក់ដើម និង៣៨,៦០លានដុល្លារទៀត គឺជាការប្រាក់។​ នេះបើយោងតាមព្រឹត្តិបត្រសិ្ថតិបំណុលសាធារណៈកម្ពុជា ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីថ្ងៃទី១២ ខែមិថុនា។

 
ក្រៅពីសងបំណុលឱ្យប្រទេសដៃគូហើយនោះ រដ្ឋាភិបាលក៏ទូទាត់បំណុលនៅក្នុងស្រុកបានចំនួន៥៥ម៉ឺនដុល្លារ នៅក្នុងត្រីមាសទី១នេះផងដែរ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ទឹកប្រាក់សរុបទាំង១៨១,៥៥លានដុល្លារដែលរដ្ឋបានទូទាត់សងនេះ​ គឺមានកំណើន០,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៣។​
 
ក្នុងរយៈពេលជាមួយគ្នានេះ ពោលពីខែមករាដល់ខែមីនា ឆ្នាំ២០២៤ កម្ពុជាបានចុះកិច្ចព្រមព្រៀងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍនានា ក្នុងទំហំ១៤០,១៤លានដុល្លារអាម៉េរិក។ ទំហំកម្ចីថ្មីនេះ គឺថយចុះរហូតដល់៧១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៣។
 
ព្រឹត្តិបត្រសិ្ថតិបំណុលសាធារណៈកម្ពុជាពីក្រសួងសេដ្ឋកិច្ច បានបង្ហាញថា ទំហំកម្ចីដែលកម្ពុជាកិច្ចព្រមព្រៀងលើនេះ មានសមមូលនឹង១០៥,២៥លានអេសដេអ៊ែរ ដែលស្មើនឹងប្រមាណ៦ភាគរយនៃពិតានដែលច្បាប់អនុញ្ញាត (១ ៧០០ លានអេសដេអ៊ែ)ក្នុងឆ្នាំ២០២៤។ 
 
« ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ៤០ភាគរយ។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើន រយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាព ផលិតកម្ម»។ ក្រសួងសេដ្ឋកិច្ចបានអះអាងបែបនេះនៅក្នុងព្រឹត្តិបត្រសិ្ថតិបំណុលសាធារណៈកម្ពុជា ដែលកម្ចីទាំងនោះនឹងយកអភិវឌ្ឍនវិស័យសំខាន់នានា។ ក្នុងនោះ ទំហំកម្ចីប្រមាណ៥២ភាគរយ រដ្ឋាភិបាលនឹងយកអភិវឌ្ឍវិស័យវិស័យដឹកជញ្ជូន។ 
 
ត្រឹមដំណាច់ត្រីមាសទី១​ ឆ្នាំ២០២៤ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុប១១,០៩ពាន់លានដុល្លារ ក្នុងនោះ បំណុលក្រៅប្រទេសមានដល់១១ពាន់លានដុល្លារ ស្មើនឹង៩៩,១២ភាគរយនៃបំណុលសរុប។​ បើតាមក្រសួងសេដ្ឋកិច្ច ក្នុងចំណោមបំណុលក្រៅប្រទេស​នេះ គឺមានប្រមាណ៦៤ភាគរយ ជាកម្ចីក្នុងក្របខ័ណ្ឌទ្វេភាគី ហើយ​ប្រទេសដែលកម្ពុជាជំពាក់ច្រើនជាងគេនោះ គឺប្រទេសចិន បន្ទាប់មក គឺជប៉ុន កូរ៉េខាងត្បូង និងប្រទេសបារាំង៕

Tag:
 ​បំណុលសារធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com